ឧកញ៉ា អ៊ឹង ម៉េងតឹក បើកល្បែងស៊ីសងគ្រប់ប្រភេទឲ្យពលរដ្ឋខ្មែរចូលលេង!

0
112

ដោយៈ អធិបតី
ភ្នំពេញ: ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានដូចជា មាន់ បៀរ អាប៉ោង និងល្បែងភ្នាល់ជាច្រើនទៀត កំពុងតែកើតមានឡើងពេញបន្ទុកស្ថិតនៅ ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ ដោយមិនខ្លាចញញើតសមត្ថកិច្ចអ្វីបន្តិចឡើយ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ម្ចាស់ទីតាំងល្បែង ស៊ីសងខុសច្បាប់ខាងលើនេះគឺជារបស់លោកឧកញ៉ា អ៊ឹង ម៉េងតឹក។ គាត់បានបើកឲ្យខ្មែរចូលលេងល្បែងស៊ី សងដោយសេរីគ្មានខ្លាចអ្វីទាំងអស់សូម្បីតែកម្លាំងមានសមត្ថកិច្ចក៍មិនហ៊ានក្អកដែរ។ នេះប្រហែលជាលោក ឧកញ៉ា អ៊ឹង ម៉េងតឹក មានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយខ្នងហើយទើបហ៊ានធ្វើអំពើ ខុសច្បាប់ ឬធ្វើអ្វីៗតាមអំពើតែចិត្តយ៉ាងដូច្នេះ។ ដោយមិនខ្លាចអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានប្រកាសឲ្យបិទល្បែងគ្រប់ប្រភេទទូទាំងប្រទេស។

ប្រភពដដែលបានបន្តទៀតថា ការបើកឲ្យភ្ញៀវចូលលេងល្បែងស៊ីសងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ របស់លោកឧកញ៉ា អ៊ឹង ម៉េងតឹក ស្ថិតនៅត្រង់ចំណុចទីតាំង ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ចំណែកអ្នកដែលបានចូលរួមលេងឃើញមាន ម៉ូតូ ឡាន សុទ្ធតែសេរីទំនើបៗ។ រីឯអ្នកលេងចាញ់ល្បែងទាំង នោះវិញ មានអ្នកខ្លះដាក់បញ្ចាំ ម៉ូតូ ឡាន ដើម្បីតាមស្រង់ដើមមកវិញ។

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧកញ៉ា អ៊ឹង ម៉េងតឹក ក៍ដូចជា អាជ្ញាធរពាក់ព័ន្ធ គឺពុំអាចធ្វើការទំនាក់ ទំនងសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់ខាងលើ។

គួរបញ្ជាក់ថា ល្បែងស៊ីសងនេះហើយដែលធ្វើឱ្យកើតមាន អំពើចោរកម្ម លួច ឆក់ ប្លន់ គ្រប់ប្រភេទដែលប្រឆាំង នឹងបទបញ្ជា ក្រសួងមហាផ្ទៃ ភូមិឃុំមានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះវានឹងធ្វើឱ្យកើតមាន អំពើហិង្សាក្នុងគ្រួ សារថែមទៀតផង៕