ឧកញ៉ា គិត ធាង ដែលជាប់ចោទក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនជិត៥០គីឡូក្រាមត្រូវសាលាឧទ្ធរណ៍ដោះលែងឩ្យមានសេរីភាពវិញ

0
621

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញ: បងប្រុសបង្កើតលោកឧកញ៉ា គិត ម៉េង គឺឧកញ៉ា គិត ធាង ម្ចាស់ក្លិបកម្សាន្តរ៉ក ដែលជាប់ចោទក្នុង សំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនជិត៥០គីឡូក្រាមនោះត្រូវបាន សាលាឧទ្ធរណ៍ សម្រេចដោះលែងឩ្យមាន សេរីភាពឡើងវិញកាលពីដើមសប្តាហ៍កន្លងទៅនេះ។ ករណីដោះលែងឧកញ៉ាដែលមានរឿងអាស្រូវច្រើននេះ ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋធ្វើការរិះគន់ជុំទិសដោយលាន់មាត់គ្រប់ៗគ្នាថា ហេតុតែគេមានលុយ មានអំណាច រីឯអ្នកក្រវិញជាប់គុកគ្មានថ្ងៃចេញ។

ករណីឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ឧកញ៉ា គិត ធាង ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទា ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំពីបទចាត់ចែង សម្របសម្រួល ឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិត ពាក់ព័ន្ធករណីគ្រឿងញៀនជិត៥០ (៤៩,៤៤) គីឡូក្រាមស្ថិតនៅក្នុងក្លិបកម្សាន្តរបស់ខ្លួននោះ ទើបតែត្រូវបាន តុលាការជាន់ខ្ពស់សម្រេចដោះលែងដោយស្ងាត់ៗនៅពេលប្រទេសជាតិ និងពលរដ្ឋកំពុងតែ វឹកវរនឹង ជំងឺកូវីដ១៩។

យោងតាមប្រភពដែលគួរឲ្យទុកចិត្តបានប្រាប់ឩ្យដឹងនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះថា សាលា ឧទ្ធរណ៍ បានសម្រេចកាត់ទោសតម្រឹមដោយឲ្យលោកឧកញ៉ា គិត ធាង អនុវត្តទោសរយៈពេល២ឆ្នាំតែប៉ុណ្ណោះ ចំណែកទោសនៅសល់ទាំងប៉ុន្មានគឺត្រូវព្យួរទោស។

ប្រភពដដែលបន្តទៀតថា សម្រាប់ជនជាប់ចោទប្រមាណជិត៣០នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំ រឿងជាមួយលោកឧកញ៉ា គិត ធាង ដែរនោះគឺមិនត្រូវបានដោះលែងឩ្យនៅក្រៅឃុំដូចគ្នានោះទេ។

ទាក់ទងករណីនេះមន្ត្រីជាន់ខ្ពស់នៃ អង្គការលីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកដែលមានទ្រព្យ ធនច្រើនជាពិសេសពួកឧកញ៉ា គឺច្រើនតែយក មន្ទីរពេទ្យធ្វើជាកន្លែងជាប់ឃុំ។ លោកបន្តថា ការធ្វើយ៉ាងដូច្នេះ គឺច្បាប់ស្ដង់ដារពីរ ហើយលោកក៍សុំឳ្យតុលាការអនុវត្តច្បាប់ឳ្យបានត្រឹមត្រូវកុំមានការលម្អៀងធ្វើឳ្យប្រជាពល រដ្ឋរិះគន់ទៅលើប្រព័ន្ធច្បាប់នៅកម្ពុជា។

អ្នកនាំពាក្យអង្គការសិទ្ធិមនុស្សលីកាដូ បានបន្តថា ប្រព័ន្ធតុលាការ មានតួនាទីសំខាន់ណាស់ដោយការអនុវត្ត ច្បាប់ឳ្យស្មើភាពគ្នា មានតម្លាភាព ដោយពុំមានការបែងចែក អ្នកមាន ឬអ្នកក្រ ឡើយ។

ទាក់ទងករណីខាងលើនេះនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ លោក ជូ ប៊ុនរីន អ្នកនាំពាក្យ សាលា ឧទ្ធរណ៍ គេមិនអាចសុំការបំភ្លឺបានទេជុំវិញការដោះលេងមេឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំនៅកម្ពុជានេះទេ។ ចំណែកមេធាវីការពារក្ដីឳ្យលោក គិត ធាង ក៍ពុំអាចសុំការបញ្ជាក់បានដែរនៅវេលាខាងលើ។

គួរបញ្ជាក់ថា សមត្ថកិច្ចបានចាប់ឃុំខ្លួនលោក គិត ធាង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់មកកាល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឲ្យលោក គិត ធាង ជាប់ពន្ធ នាគាររយៈពេល៤ឆ្នាំពីបទជាប់ចោទ ចាត់ចែង សម្របសម្រួល ឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និង សមគំនិត ពាក់ព័ន្ធករណីគ្រឿងញៀនជិត៥០ (៤៩,៤៤) គីឡូក្រាម ដែលសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបនៅក្នុង មជ្ឈមណ្ឌលកម្សាន្តរ៉ក់៕