ឧកញ៉ាបួននាក់បានគប់គិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានចាក់ដីលុបព្រៃលិចទឹកនិងព្រៃកោងកាងជាង១០ហិកតាធ្វើជាកម្មសិទ្ធិឯកជន

0
112

ខែត្រកោះកុងៈ មន្រ្តីសាលា ខែត្រកោះកុង ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់ឯកសារទម្លាយការពិតឱ្យ បាយ៉ង់ថាមស៍ ដឹងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា ឧកញ៉ាបួននាក់បានគប់គិតគ្នាជាមួយអាជ្ញាធរមូល ដ្ឋានចាប់តាំងពីភូមិឃុំស្រុក និងមន្រ្តីជំនាញ នាំគ្នាចាក់ដីលុបព្រៃលិចទឹក និងព្រៃកោងកាង ព្រមទាំងរំលោភ ចូលចំណីឆ្នេរសមុទ្រសរុបទំហំជាង១០ហិកតាដើម្បីធ្វើជាកម្មសិទ្ធិឯកជនចែកគ្នីគ្នា។ ទីតាំងនោះស្ថិតនៅត្រង់ចំ ណុចព្រែកនេសាទ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខែត្រកោះកុង។

ឡានដឹកដីជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូនដីចាក់លុបព្រៃលិចទឹក និងព្រៃកោងកាងទាំងថ្ងៃទាំងយប់ដែល មើលទៅទំនងជាតក់ក្រហល់យ៉ាងខ្លាំងដើម្បីបំបាត់ការបិទបាំងពីក្រសែភ្នែកមហាជនឱ្យបានជិតឆាប់។ ខណៈ ពេលក្រុម អ្នកសារព័ត៌មាន សុំចូលទៅថតរូបដើម្បីផ្ដិតយកសកម្មភាពចាក់លុបព្រៃលិច និងព្រៃកោងកាង ទី តាំងខាងលើគឺមិនត្រូវបានអ្នកយាមច្រកចេញចូល និងអ្នកកាងម្នាក់ដែលគេស្គាល់ថា ជាអ្នកកាសែតដែរនោះ មិនអនុញ្ញាតឱ្យក្រុមកាសែតចូលឡើយ។ នេះសបញ្ជាក់ឱ្យឃើញថា សកម្មភាពចាក់ដីលុបទីតាំងនោះប្រាកដ
ជាមិនប្រក្រតីគឺអាចគ្មានច្បាប់ត្រឹមត្រូវ ខុសច្បាប់ ឬធ្វើហួសពីព្រំដែនច្បាប់អនុញ្ញាតជាដើម។ល។

នៅពេលអ្នកសារព័ត៌មានសួរនាំតាម ប្រព័ន្ធតេឡេក្រាម កាលពីពេលថ្មីៗនេះថា « តើការចាក់ដីនៅត្រង់ចំណុច ព្រែកនេសាទស្ថិតក្នុង ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានច្បាប់អនុញ្ញាតដែរឬទេ ហើយត្រូវ ចាក់បំពេញទំហំប៉ុន្មានហិកតាដែរបាទ» ? សំណួរនេះក៍ត្រូវបានលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ មានប្រសា សន៍ឆ្លើយតបកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យ៉ាងខ្លីថា « គេបានសុំច្បាប់ សូមបងទាក់ទងទៅ ច្រក ព្រោះគេដាក់ពាក្យនៅច្រក» (ច្រកចេញចូលតែមួយ)។

រីឯប្រធានច្រកចេញចូលតែមួយនៃ ស្រុកស្រែអំបិល លោក យុម យូរី ពុំបានអធិប្បាយបញ្ជាក់អ្វីទាំងអស់កាល ពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយលោកគ្រាន់តែទទួលទូរស័ព្ទរួចមានប្រសាសន៍ខ្លីថា «ជាប់ប្រជុំ បង» ហើយក៍ចុចបិទគ្រិបតែម្ដង…។

នៅរសៀលថ្ងៃខែឆ្នាំដដែល អភិបាលរង ខែត្រកោះកុង លោក សុខ សុទ្ធី ទទួលបន្ទុកដីធ្លី និងលោក អូ សុភី មន្រ្តីនៃមន្ទីររ៉ែ និងថាមពល ខែត្រកោះកុង គេពុំអាចសុំការបញ្ជាក់បានទេពាក់ព័ន្ធនឹងបញ្ហាមិនប្រក្រតីខាងលើ តាមប្រព័ន្ធទូរស័ព្ទ និងតេឡេក្រាម។

ជុំវិញរឿងខាងលើមេការមើលការចាក់ដីព្រមទាំងតំណាងក្រុមហ៊ុននៃឧកញ៉ាទាំងបួននាក់ក៍ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានដែរក្នុងរឿងចាក់ដីលុបព្រៃលិចទឹក និងព្រៃកោងកាងខាងលើ។

គួររំលឹកថា នៅក្នុង ខែត្រកោះកុង មួយរយៈចុងក្រោយនេះជាពិសេសក្នុង ឆ្នាំ២០២២ និងដើម ឆ្នាំ២០២៣ មាន ការកក្រើកឡើងវិញយ៉ាងសម្បើមក្នុងការ ចាក់ដីលុបព្រែក លុបព្រៃលិចទឹក លុបព្រៃកោងកាង និងសាងសំ ណង់រឹងមាំចូលក្នុងសមុទ្រធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួនដែលការនេះវាបានដើរបញ្រ្ចាស់ទិសពីគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែព្យាយាមរក្សាព្រៃកោងកាង និងសម្បត្តិធម្មជាតិនានា។ ជនឱកាស និយមទាំងនោះពុំបានយកចិត្តទុកដាក់ស្ដាប់ប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឡើយ៕