អ្នកសារពត៌មានរងគ្រោះដោយជើងកន្រ្តៃហោះរបស់លោកស្រី ជា សុខឡេងកន្លងទៅទំនងជាអាចទទួលបានភាពយុត្តិធម៌(មានវីដេអូ)

0
302

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ អ្នកសារពត៌មាន បំរើការឱ្យទូរទស្សន៍តាមអ៊ិនធឺណិត អិមអេសជេ (TV Online MSJ) ប្រចាំខែត្រព្រះសីហនុ លោក ដួង ច័ន្នបូរិទ្ធ ដែលបានរងគ្រោះដោយលោកស្រី ជា សុខឡេង ប្រើហិង្សាទាត់ធាក់កន្លងទៅ មានសង្ឃឹមថាសាលាដំបូងខែត្រព្រះសីហនុនឹងផ្ដល់ភាពយុត្តិធម៌ជូនរូបលោកជាក់ជាពុំខាន ។

នេះយោងតាមការលើកឡើងរបស់លោកច័ន្ទបូរិទ្ធ តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី០៧ វិច្ឆិកា បន្ទាប់ពីសំណុំរឿងរបស់លោក ត្រូវបានតុលាការលើកមកបើកសវនាការកាត់ក្ដីកាលពីរសៀលថ្ងៃទី០៣ វិចិ្ឆកា ២០២០ ។

លោកស្រី ជា សុខឡេង បានប្រមាថប្រើអំពើហិង្សា វាយ ធាក់ទៅលើលោក ដួង ច័ន្នបូរិទ្ធ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈលោកចុះយកពត៌មាន ថតផ្ដិតសកម្មភាពទំនាស់ដីធ្លីលើដីគម្របព្រៃឈើ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ។ បន្ទាប់មកលោកច័ន្ទបូរិទ្ធ បានដាក់ពាក្យប្ដឹងទៅស្នងការដ្ឋាននគរបាលខែត្រព្រះសីហនុ រួចស្នងការដ្ឋាននគរបាលបានបញ្ជូនពាក្យបណ្ដឹងនេះទៅសាលាដំបូងខែត្រព្រះសីហនុ ដែលមានសំណុំរឿងលេខ៤២៥ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ ។

និងកាលពីរសៀលថ្ងៃទី០៣ វិច្ឆិកា ២០២០ សាលាដំបូងខេត្តព្រះសីហនុបានបើកសវនាការជំនុំជម្រះសំណុំរឿងខាងលើ ដែលមានលោក សេង ប៊ុណ្ណា ជាចៅក្រមជំនុំជម្រះ លោក ហួត វិចិត្រ តំណាងអយ្យការ និង លោក វ៉ិត បញ្ញា ក្រឡាបញ្ជីសវនាការ ហើយការកាត់ក្ដីនេះនឹងប្រកាសសេចក្ដីសម្រេចរបស់ខ្លួន នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២០ វេលាម៉ោង៩និង០០នាទីព្រឹកនៅឯសាលាដំបូងខេត្តព្រះសីហនុ ។

 

ក្រោយពីចប់សវនាការ ជនរងគ្រោះលោក ដួង ច័ន្ទបូរិទ្ធ មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តុលាការខេត្តព្រះសីហនុ បា្រកដជាអាចផ្ដល់ភាពយុត្តិធម៌ជូនរូបលោកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខជាពុំខាន ។

 

ជើងកន្រ្តៃហោះ លោកស្រី ជា សុខឡេង អាយុ៥៤ឆ្នាំ មានទីលំនៅភូមិសែនសុខ ឃុំឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ចោទថាជាអ្នកបង្កអំពើហិង្សាលើអ្នកសារពត៌មាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទហិង្សាស្រាល ដែលបទល្មើសនេះមានប្បញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា២២៨ នៃក្រមព្រហ្មទណ្ឌ ។ ហើយលោកស្រី ពុំបានបង្ហាញវត្តមាននៅក្នុងសវនាការ នៃសាលាដំបូងខែត្រព្រះសីហនុនោះទេ ៕