អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាក្នុងរដូវកាលទី២ត្រូវបានប្រកាសបើកជាផ្លូវការ

0
268

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រុមហ៊ុនភេសជ្ជៈគោជល់ ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើសន្និសីទ សារព័ត៌មាន ប្រកាសបើកជាផ្លូវការ នៃកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាក្នុងរដូវកាលទី២ ដែលមានកីឡាករកម្ពុជាចំនួន៨នាក់ចែកចេញជាពីរក្រុមមានទម្ងន់៦០គីឡូក្រាម ស្ថិតនៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

កម្មវិធីនេះនឹងចាប់ផ្ដើមធ្វើការប្រកួត វេលាម៉ោង៥,៤៥ល្ងាច នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ តទៅនឹងធ្វើការ ផ្សាយបន្តផ្ទាល់ពី ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិ និងទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់។

កីឡាករដែលមានសមត្ថភាពល្អៗប្រហាក់ប្រហែលគ្នាទាំង៨នាក់នោះ មកពីបណ្ដាក្លិបផ្សេងៗគ្នាត្រូវ គណៈកម្ម ការនៃការប្រកួតធ្វើការបែងចែកជាពីរក្រុម។ ក្នុងនោះក្រុមទីមួយមានកីឡាករ៤នាក់ដូចជា កីឡាករ សេន កុសល កីឡាករ តាញ់ មករា កីឡាករ ឃីម បូរ៉ា និងកីឡាករ ឈុត សេរីវ៉ាន់ថន។ ក្រុមទី២មាន កីឡាករ អេលីត ចំរើន កីឡាករ ឡុង ជិន កីឡាករ សោម ​វិឆ័យ និងកីឡាករ ម៉ឺន មេឃា។ ពួកគេត្រូវបំពេញតួនាទី ប្រកួតតាមក្រុមនីមួយៗគឺចាញ់ធ្លាក់ៗ បន្ទាប់មកទើបយកអ្នកឈ្នះក្នុង ក្រុមទី១និងទី២ ទៅប្រកួតវ​គ្គផ្ដាច់ព្រ័ត្រ ដើម្បីយក ខ្សែក្រវាត់ ព្រមទាំងប្រាក់រង្វាន់៥០០០ដុល្លារ និងពានរង្វាន់ជើងឯក រដូវកាលទី២។

នាយកចាត់ការទូទៅ ភេសជ្ជៈប៉ូវកម្លាំងគោជល់ លោក មាន សំអុល បានផ្លែងថា មុននឹងឈានដល់វគ្គជើងឯក ប៉ះគ្នា ការប្រកួតនឹងចាប់ផ្ដើមដោយបែងចែកកីឡាករជាពីរក្រុម។ ក្នុងក្រុមនីមួយៗមានកីឡាករ៤រូប ដើម្បីប្រ ជែងគ្នាយកជើងឯកប្រចាំក្រុមនីមួយៗនៅក្នុង ខែតុលា និង ខែវិច្ឆិកា ជាបន្តបន្ទាប់គ្នា។ ជើងឯកមកពីក្រុម នីមួយៗនឹងទទួលបានប្រាក់រង្វាន់ចំនួន១៥០០ដុល្លារ និងពានរង្វាន់មួយខណៈដែលជើងឯករងទទួលបានប្រាក់ រង្វាន់ចំនួន១០០០ដុល្លារអាម៉េរិក។

លោកបន្តទៀតថា បន្ទាប់ពីរកឃើញជើងឯកប្រចាំក្រុមហើយនៅក្នុង ខែធ្នូ ឆ្នាំ២០២០ ជើងឯងទាំង២រូបនឹងត្រូវ ប៉ះគ្នាដើម្បីប្រជែងយកប្រាក់រង្វាន់កាន់តែច្រើន កេរ្ដិ៍ឈ្មោះកាន់តែល្បី និងការគាំទ្រកាន់តែខ្លាំងដើម្បីក្លាយទៅ ជាជើងឯក នៃព្រឹត្តិការណ៍ «អ្នកតស៊ូគុនខ្មែរគោជល់ ជើងឯកប៉ះគ្នារដូវកាលទី២» រួមជាមួយប្រាក់រង្វាន់ ៥០០០ដុល្លារ ខ្សែក្រវាត់មួយ និងពានរង្វាន់មួយ។ រីឯអ្នកលេខ២នឹងទទួលបានប្រាក់រង្វាន់២០០០ដុល្លារ និងពានរង្វាន់មួយ។

ប្រធានផ្នែកលក់ នៃទូរទស្សន៍ ស៊ីធីអ៊ិន លោក ម៉ុល រ៉ាស៊ី មានសេចក្ដីត្រេកអរយ៉ាងខ្លាំងដែល ក្រុមហ៊ុនភេសជ្ជៈ គោជល់ បានចាត់ទុក ស៊ីធីអ៊ិន ជាដៃគូដ៏ល្អរួមសហការគ្នាជាយូរមកហើយ។ ទោះជាយ៉ាងណាលោកក៍ទទូច សុំឱ្យ ភេសជ្ជៈគោជល់ បន្តការសហការគ្នាដ៏ល្អនេះតទៅទៀត។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៍បានជំរុញឱ្យ​ប្អូនៗកីឡាករទាំង៨នាក់ខិតខំធ្វើការហ្វឹក ហាត់ឱ្យបានល្អ និងគោរពវិន័យក្លិប ស្ដាប់ការអប់រំណែនាំពីសំណាក់គ្រូបង្វឹក ដើម្បីប្រកួតបានល្អយកជ័យជម្នះ មាន ប្រាក់រង្វាន់ធំ និងខ្សែក្រវាត់។ លោកក៍សុំឱ្យ គណៈកម្មការដាក់ពិន្ទុ ដល់កីឡាករដែលត្រូវធ្វើការប្រកួតនេះ ឱ្យមានភាពសុក្រឹតយុត្ដិធម៌អាចទទួលយកបានទាំងអស់គ្នា ជាពិសេស អាជ្ញាកណ្តាល ត្រូវយកចិត្តទុកដាក់ ដឹកនាំការប្រកួតឱ្យបានល្អ គឺចៀសវាងមានបញ្ហាការតវ៉ា ពីសំណាក់កីឡាករនិងកុំឱ្យមានការរិះគន់ពីមហាជន នានា៕