អ្នកជាសះស្បើយពីជំងឺកូ​វីដ១៩ចំនួន៥៨នាក់និងរកឃើញអ្នកឆ្លងថ្មី៣៦នាក់

0
47

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះថា មានអ្នកជាសះស្បើយពី ជំងឺកូ​វីដ១៩ ចំនួន៥៨នាក់ រកឃើញអ្នកឆ្លងថ្មី៣៦នាក់ ក្នុងនោះមានអ្នកឆ្លងចេញពី សហគមន៍២០កុម្ភៈ ៣៥នាក់ និងអ្នកដំណើរម្នាក់។

ករណី ជំងឺកូវីដ១៩ នេះអ្នកឆ្លងចេញពីសហគមន៍២០កុម្ភៈកើនឡើងដល់ចំនួនសរុប១០២៥នាក់។ អ្នកឆ្លងសរុប ទូទាំងប្រទេសមានចំនួន១៥៤១នាក់ និងអ្នកជាសះស្បើយសរុបមានចំនួន៦៤០នាក់។ អ្នកឆ្លងថ្មីជំងឺកូវីដ១៩ នៅក្នុង ខេត្តកណ្ដាល មា​នចំនួន២១នាក់និង អ្នករស់នៅ រាជធានីភ្នំពេញ មាន១៤នាក់។

ដើម្បីកាត់ផ្ដាច់ឫសគល់នៃ ជំងឺកូវីដ១៩ យើងទាំងអស់គ្នាត្រូវស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ការពារ លាងដៃនឹងអាល់កុល ឬជេល និងសាប៊ូ ឩ្យបានញឹកញាប់ជាប្រចាំ។ ចំណុចសំខាន់ មួយទៀត យើងទាំងអស់គ្នាត្រូវសម្រាកនៅក្នុងផ្ទះកុំដើរចេញក្រៅបើមិនមានការចាំបាច់ទេ ហើយបើសិនជា មានការសំខាន់ សូមពាក់ម៉ាស់ការពារ និងរក្សាគម្រាតសង្គម១,៣០ម៉ែត្រ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មីមានចំនួន ៧៥នាក់។ ក្នុងនោះឆ្លងនៅក្នុង រាជធានីភ្នំពេញ ចំនួន៥០នាក់ ខេត្តកណ្ដាល ឆ្លងថ្មីចំនួន២២នាក់ ខេត្តព្រៃវែង ឆ្លងថ្មីចំនួន២នាក់និង ខេត្តតាកែវ ឆ្លងថ្មីចំនួនម្នាក់៕