អំពើហិង្សាក្នុងគ្រួសារដែលមានរយៈពេលជិត៤ឆ្នាំបានប្ដឹងផ្ដល់គ្នាទៅតុលាការមិនទាន់មានពន្លឺយុត្តិធម៌

0
186

ដោយៈ អធិបតី
ភ្នំពេញៈ ចំណងអាពាហ៍ពិពាហ៍ ដែលមានរយៈពេល១០ឆ្នាំប្រសូតបានកូនស្រី២នាក់ក្នុងគ្រួសារប៉ូលិសមួយក៏ដើរដល់ផ្លូវបំបែកដោយសារភាគីទីពីរលូកដៃចូល ខណៈភរិយាទូរស័ព្ទហៅបងប្អូនបង្កើតស្រី២នាក់ទៀតមកព្រួតគ្នាវាយប្ដីយ៉ាងដំណំឱ្យចូលពេទ្យដើម្បីដណ្ដើមយកកូនស្រីពៅកំពុងតែដេកលក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅ ផ្ទះលេខ០៨សេប៉េ១៦ ផ្លូវលេខ២៣៦ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយមានការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្តជាខ្លាំងជនរងគ្រោះជាប្ដី ក៏បានដាក់ពាក្យ ប្ដឹងភរិយា បងថ្លៃស្រី និងប្អូនថ្លៃស្រី ដែលបានព្រួតគ្នាវាយសាច់ថ្លៃដល់ក្នុងផ្ទះទៅតុលាការកាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២២២។ បណ្ដឹងជនរងគ្រោះដែលមានរយៈពេលជិត៤ឆ្នាំកន្លងមកនោះបានទាមទារ រកយុត្តិធម៌ កិត្តិយស សេចក្ដីថ្លៃថ្នូរឡើងវិញ ហើយទាមទារសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារអាម៉េរិក។ ក៏ប៉ុន្តែការដាក់ពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលមិនទាន់មានពន្លឺយុត្តិធម៌នោះគឺតុលាការបានដំណើរការនីតិវិធីក្ដីកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឃុត វឌ្ឍនា ហៅ ង៉ាម រី មានវ័យ៥០ឆ្នាំបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ឌិន ឌីន្នាទិត្យា មានវ័យ៣៨ ឆ្នាំ កាលពីឆ្នាំ២០១២ មានចំណងបុត្រី២នាក់គឺ ទី១.មានអាយុ១០ឆ្នាំ និងទី២.អាយុ២ខួបរស់នៅ ផ្ទះលេខ០៨សេ ប៉េ១៦ ផ្លូវលេខ២៣៦ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ កូនស្រីទី១រស់នៅជាមួយម្ដាយ ហើយកូនស្រីទី ២រស់នៅជាមួយឪពុក។ ដោយអត់ទ្រាំមិនបាននឹងការវាយដំយ៉ាងដំណំដណ្ដើមយកកូនស្រីពីសំណាក់បងថ្លៃ និងភរិយានោះលោក ឃុត វឌ្ឍនា បានដាក់ពាក្យប្ដឹងទៅ តំណាងអយ្យការអមសាលាដំបូងភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ លោក ង៉ាម រី បានប្ដឹងអតីតបងថ្លៃ ប្អូនថ្លៃ និងអតីតភរិយាដែលមានត្រកូល «ឌិន»។

នៅក្នុងពាក្យបណ្ដឹងរបស់លោក ឃុត វឌ្ឍនា នៃកម្មវត្ថុ បានបញ្ជាក់ថា ប្ដឹងឈ្មោះ ឌិន សានីតា ភេទស្រីអាយុ៤៣ ឆ្នាំ, ឌិន លក្ខិណា ភេទស្រីអាយុ៣៦ឆ្នាំ និងឈ្មោះ ឌិន ឌីន្នាទិត្យា ភេទស្រីអាយុ៣៨ឆ្នាំជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ៥៨៩ ផ្លូវជាតិលេខ៥ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស »។

ដើមបណ្ដឹងបានរៀបរាប់ពីដំណើររឿងជូន ឯកឧត្តមព្រះរាជអាជ្ញា ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹកខ្ញុំបាទ បានទទួលទូរស័ព្ទលេខ ០៨៨ ៨៧៩ ៧៧៧៧ ពីពូរបស់ប្រពន្ធខ្ញុំ បានប្រាប់ឱ្យខ្ញុំបាទយកកូនស្រីទៅផ្ទះដើម្បីថតរូបជួបជុំជាមួយប្រពន្ធកូនផ្ញើឱ្យគាត់មើល ដើម្បីសម្របសម្រួលគ្នា នៅវេលាម៉ោង ១៥:០០រសៀល។

នៅវេលាម៉ោង១៥:១៦រសៀលថ្ងៃដដែលប្រពន្ធរបស់ខ្ញុំឈ្មោះ ឌិន ឌីន្នាទិត្យា មកចូលក្នុងផ្ទះ ខ្ញុំក៏បើកទ្វារសោឱ្យចូលក្នុងផ្ទះ ហើយបើកទ្វារបន្ទប់ឱ្យមើលកូនដែលកំពុងគេងស្រាប់តែពេលនោះប្រពន្ធរបស់ខ្ញុំឈ្មោះ ឌិន ឌីន្នាទិត្យា បានឡើងលើគ្រែបម្រុងពកូនចេញ ដោយខ្ញុំបារម្ភខ្លាចយកកូនទៅបាត់ ( កំពុងដំណើរការនីតិវិធីលែងលះនៅ តុលាការ ) ដោយមិនទាន់មានការសម្រេច នៅតុលាការនៅឡើយ ពេលនោះខ្ញុំបាទ ក៏ឃាត់ដើម្បីនិយាយគ្នា ស្រាប់តែមានមនុស្សស្រី២នាក់គឺ ១.ឈ្មោះ ឌិន សានីតា ,២.ឈ្មោះ ឌិន លក្ខិណា ចូលមកមុខបន្ទប់ហើយឈ្មោះ ឌិន ឌីន្នាទិត្យា និងគូរកនឈ្មោះ ឌិន សានីតា និងឈ្មោះ ឌិន លក្ខិណា បានធ្វើសកម្មភាពព្រួតវាយមកលើរូបខ្ញុំបាទ ដើម្បីយកកូនពីខ្ញុំខណៈនោះឈ្មោះ ឌិន លក្ខិណា ស្ទុះទាញកអាវទៅក្រោយរឹតក រហូតស្ទើរតែចង់ផុតដង្ហើមខ្ញុំទ្រាំពុំបានក៏ខំរើបម្រាស់។ ប៉ុន្តែត្រូវបានឈ្មោះ ឌិន សានីតា យកដៃពីរច្របាច់ករបស់ខ្ញុំបាទបន្ថែម ទាត់ធាក់ និងយកវត្ថុរឹងមកចាក់ក្បាលរបស់ខ្ញុំបាទបណ្ដាលឱ្យរបួសចេញឈាមរួចឈ្មោះ ឌិន ឌីន្នាទិត្យា ក៏ឆក់យកកូនចេញពីខ្ញុំ ហើយឡើងឡានជិះទៅបាត់។

លោក វឌ្ឍនា បន្ថែមទៀតថា ស្ថានភាពបច្ចុប្បន្នខ្ញុំបាទគឺកំពុងមានជំងឺរ៉ាំរ៉ៃ និងគ្មានកម្លាំងកំហែងក្នុងការត ទល់នឹងជនទាំង៣នាក់ខាងលើនោះទេគឺមានសំបុត្រពេទ្យភ្ជាប់ជាភស្ដុតាងស្រាប់។

នៅក្នុងពាក្យបណ្ដឹង ចាត់ទុកសកម្មភាពឈ្មោះ ឌិន ឌីន្នាទិត្យា និងគូរកនថា អំពើល្មើស ជាអំពើហិង្សាដែលប្រ ព្រឹត្តដោយមានប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ ឬដោយមានមនុស្សច្រើននាក់ក្នុងឋានៈជា ចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិតគឺត្រូវកំណត់ថា « ជាហិង្សាដែលមានស្ថានទម្ងន់ទោស » មានចែងត្រង់ មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ យ៉ាងច្បាស់លាស់។

ពាក្យបណ្ដឹង ក៏បានធ្វើការស្នើសុំឱ្យ ឯកឧត្តមព្រះរាជអាជ្ញា ថា ទី១.ធ្វើការចោទប្រកាន់ឈ្មោះ ឌិន ឌីន្នាទិត្យា និង គូរកនទៅតាមច្បាប់ដើម្បីផ្ដល់ នូវយុត្តិធម៌ កិត្ដិយស សេចក្ដីថ្លៃថ្នូរ ដល់រូបខ្ញុំបាទឡើងវិញ និងទី២.ទាមទារសំ ណងជំងឺចិត្តថ្លៃខូចខាតសរុបចំនួន៥០,០០០ដុល្លារ ( ប្រាំម៉ឺនដុល្លារអាម៉េរិក )។

រំលងបាន៧ខែមក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានកោះអ្នកពាក់ព័ន្ធមកសួរនាំ ហើយធ្វើរបាយការណ៍សំយោគ មួយដែលមាន ៦ទំព័រ ដោយយោងតាម ពាក្យបណ្ដឹងជនរងគ្រោះ កាលពីថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកស្រី ឌិន សានីតា ,អ្នកស្រី ឌិន លក្ខិណា និងអ្នកស្រី ឌិន ឌីន្នាទិត្យា បានឆ្លើយ ដោះបន្ទុកពាក្យបណ្ដឹងខាងលើវិញតាមរយៈ របាយការណ៍ប៉ូលិសនិយាយដូចៗគ្នាថា ចំពោះស្នាមរបួសនៅលើក្បាលរបស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ,ស្នាមរបួសនៅលើ.ក និងខោរហែក ពួកខ្លួនពុំដឹងថា ក្នុងពេលប្រតាយប្រ តប់គ្នាដណ្ដើមកូនមិនដឹងគាត់ត្រូវនឹងអ្វីទេពីព្រោះថា ក្នុងពេលដែលពួកនាងខ្ញុំចូលទៅជួយឃាត់នោះ គឺខ្លួន និងបងប្អូន ពុំមានប្រើអាវុធ ឬឧបករណ៍អ្វី ដែលបណ្ដាលឱ្យមានរបួសឡើយគឺពួកខ្លួនមានតែដៃទទេតែប៉ុណ្ណោះ។

ត្រកូល « ឌិន » ទាំងបីនាក់បងប្អូនបង្កើត គឺពួកគាត់បម្រើការងារនៅក្នុង ក្រសួងមហាផ្ទៃ តែមួយ។ បងប្អូនទាំង៣នាក់នេះបានបន្តទៀតថា « ខ្លួនសុំបដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ដែលបានប្ដឹងចោទប្រកាន់ពួកខ្លួនថា បានទៅព្រួតគ្នាវាយទៅលើគាត់នោះមិនមែនជាការពិតទេ »។

ក្នុងរបាយការណ៍សំយោគ របស់ប៉ូលិសដដែលបានសន្និដ្ឋានចុងក្រោយ ទំព័រទី៦ នៃរឿងជម្លោះគ្រួសារនេះថា « ពិតជាបានឈ្លោះប្រកែកគ្នាទៅវិញទៅមក ដណ្ដើមកូនគ្នាបណ្ដាលឱ្យភាគីដើមបណ្ដឹងឈ្មោះ ឃុត វឌ្ឍនា រងរបួសក្បាលប្រាកដមែន »។

ទាក់ទិនបណ្ដឹងខាងលើ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សំណុំរឿងព្រហ្មទណ្ឌ លេខ៥៨៤០ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានចេញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យចៅក្រមស៊ើបសួរ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តុលាការ បានសម្រេចថា បើកការស៊ើបសួរលើអង្គហេតុខាងលើ ហើយដាក់ឱ្យស្ថិតក្រោយការពិនិត្យលើ ១.ឈ្មោះ ឌិន ឌីន្នាទិត្យា ភេទស្រីអាយុ៣៨ឆ្នាំជនជាតិខ្មែរ (ក្រៅឃុំ)។ ២.ឈ្មោះ ឌិន សានីតា ភេទស្រីអាយុ៤៣ឆ្នាំជនជាតិខ្មែរ (ក្រៅឃុំ) និង៣.ឈ្មោះ ឌិន លក្ខិណា ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរ (ក្រៅឃុំ)។ តុលាការ បានចោទពីបទ « ហិង្សាដោយចេតនា » ប្រព្រឹត្តនៅចំណុចផ្ទះលេខ៨ ផ្លូវលេខ២៣៦ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា២១៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មេធាវី ដើមបណ្ដឹងបានដាក់ពាក្យស្នើសុំបំពេញកិច្ចទៅ លោកចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ថា « ដោយពិនិត្យឃើញថា សំណុំរឿងនេះ តំណាងអយ្យការ មិនទាន់បានធ្វើការជូនដំណឹងស្ដីពីការចោទប្រកាន់លើឈ្មោះ ឌិន ឌីន្នាទិត្យា , ឌិន សានីតា និង ឌិន លក្ខិណា ភេទស្រីនៅឡើយទេ ព្រោះទាំង៣នាក់ជាមន្ត្រីរាជការដែលត្រូវតែធ្វើការជូនដំណឹងទៅក្រសួងសាមី ( ក្រសួងមហាផ្ទៃ )។

យោងតាមប្រភពពីអ្នកច្បាប់ជាន់ខ្ពស់ នៃសាលាឧទ្ធរណ៍ បានប្រាប់ « បាយ៉ង់ថាមស៍ » កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ថា ករណីខាងលើបើ តុលាការ ចោទប្រកាន់មន្ត្រីរាជការណាម្នាក់ គឺត្រូវតែធ្វើសេចក្ដីជូនដំណឹងទៅសាមីក្រសួងដើម្បីផ្អាកការងារ និងផ្អាកប្រាក់ខែរបស់ពួកគេ។

ដើមបណ្ដឹងលោក ឃុត វឌ្ឍនា ត្រូវបានតុលាការ ចេញដីកាកោះហៅឱ្យចូលបំភ្លឺ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤។ ចំណែកចុងបណ្ដឹងបងប្អូនបង្កើតត្រកូល « ឌិន » ត្រូវបានគេរាយការណ៍ថា តុលាការ កោះហៅពួកគាត់ឱ្យចូលខ្លួនបំភ្លឺកាលពីថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ។

គួរបញ្ជាក់ថា ដោយមានការទទឹងរង់ចាំពន្លឺយុត្តិធម៌យូរឆ្នាំពេកលោក ឃុត វឌ្ឍនា បានដាក់ពាក្យបណ្ដឹងអន្តរា គមន៍សុំទៅរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ សូមមេត្តាអន្តរាគមន៍ ទៅសាលាដំបូង រាជធានីភ្នំពេញ ជួយរកយុត្តិធម៌ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៥៨៤០ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ៕