អេស៊ីយូចាប់បង្ខំឱ្យប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខែត្រក្រចេះសងលុយមន្ត្រីជាប់កិច្ចសន្យាក្នុងម្នាក់១០.០០០ទៅ១៣.០០០ដុល្លារ

0
279

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ការគាបសង្កត់ជិះជាន់បក្ខពួកពុករលួយសព្វបែបយ៉ាង ជាអំពើបាបកម្មមិនចាំជាតិក្រោយនោះ លោក ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាល ខែត្រក្រចេះ ត្រូវបាន អ្នកដឹកនាំ មន្ត្រីរាជការ ដែលធ្វើការនៅ តាម មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខ ទាំងអស់ក្នុង ខែត្រក្រចេះ ហែកហួរលាតត្រដាងអំពើ ទុច្ចរិតពុករលួយតាម​រយៈសារលិខិតមួយច្បាប់កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ប្ដឹងទៅ លោករដ្ឋមន្ត្រី ក្រ សួងសុខាភិបាល និងអភិបាល ខែត្រក្រចេះ ស្នើសុំឱ្យមានការស៊ើបអង្គេត និងដាក់ទោសទណ្ឌជនពាលនោះ ឱ្យខាងតែបាន។

ករណីរឿងអាស្រូវពុករលួយរបស់លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាល ខែត្រ ក្រចេះ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់លោក ឳម យ៉ិនទៀង ចុះធ្វើការស៊ើបអង្គេត ស្រាវជ្រាវ និងចាប់បង្ខំឱ្យសងលុយទៅ មន្ត្រីជាប់កិច្ចចំនួន១៣០នាក់ នោះវិញហើយ។ ក្នុងសារលិខិតរបស់ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកនៅទូទាំង ខែត្រក្រចេះ បានសរសេររៀបរាប់ពីចរឹកពាលរបស់លោក ទឺ ប៊ុនឡេង គឺចេះតែដើរតែសម្លុតគំរាមកំហែងគាបសង្កត់កូនចៅ និងបង្កើតបក្ខពួកពុករលួយ ជាពិសេសហៅ «មន្ត្រីស្ម័គ្រចិត្ត» ដែលបម្រើការងារប្រឆាំង ជំងឺកូវីដ១៩ យកទៅគាបយកលុយក្នុងម្នាក់ៗចាប់ពី១ម៉ឺនដុល្លារ ទៅ១៣.០០០ដុល្លារអាម៉េរិក ដើម្បីជាថ្នូរបាន «ជាប់ក្របខណ្ឌរដ្ឋពេញសិទ្ធិមន្ត្រីរាជការ» នៃរាជរដ្ឋាភិបាល កម្ពុជា។

លោក ទឺ ប៊ុនឡេង ហៅថា ពេទ្យទូច ព្រមទាំងបក្ខពួកកូនចៅមួយចំនួន គឺជាដៃជើងធ្វើសេដ្ឋកិច្ចឱ្យលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខែត្រក្រចេះ។ នេះបើតាមការអះអាងពីមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែក នានានៅក្នុងខែត្រ។ បើក្រឡេកទៅមើលតារាងនៃបញ្ជីឈ្មោះមន្ត្រីជាប់កិច្ចសន្យាប្រឆាំង ជំងឺកូវីដ១៩ នៅក្នុង ខែត្រក្រចេះ គឺមានមនុស្សចំនួនតែ១២៩នាក់ប៉ុណ្ណោះដែលត្រូវបានលោក ទឺ ប៊ុនឡេង ហៅទៅគោះ ឬគាប យកលុយ ក្នុងម្នាក់ៗចាប់ពី១ម៉ឺនដុល្លារទៅ១៣០០០ដុល្លារ ដើម្បីបានជាប់ក្របខណ្ឌរដ្ឋ។

ក្នុងសារលិខិតខាងលើដែលពុំហ៊ានដាក់ឈ្មោះអ្នកប្ដឹងឬស្នាមដៃ គឺដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ។ លិខិត នោះបានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាអ្នកដឹកនាំ មន្ត្រីរាជការ ដែលធ្វើការនៅ មន្ទីរពេទ្យបង្អែក ស្រុក ប្រតិបត្តិ និងមណ្ឌលសុខភាព ទាំងអស់ក្នុង ខែត្រក្រចេះ សូមធ្វើការប្ដឹងតវ៉ាចំពោះជនចរឹកពាលឈ្មោះ ទឺ ប៊ុនឡេង ហៅថា ពេទ្យទូច ប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិបាល ខែត្រក្រចេះ ដែលកន្លងមកតែងតែ សម្លុតគំរាមកំហែង រំលោភបំពានការងារតាំងខ្លួនជាអ្នកធំជាង ប្រធានមន្ទីរ ទៅទៀត»។

ប្រភពដដែលបានលាតត្រឡាង ពីរបៀបពុករលួយយកលុយមន្ត្រីពីមន្ត្រីជាប់កិច្ចសន្យាថា «កន្លងមកនៅពេល ដែលចុះមកកន្លែងការងារពួកយើង ជននេះគ្មានចេះអ្វីក្រៅពីបង់កក្រមា ច្រត់ចង្កេះ ដៃចង្អុលគេឯងបញ្ជាសម្លុត គំរាម ហើយតាំងពីជននេះបានតំណែងជា ប្រធានការិយាល័យរដ្ឋបាល មកគេបានបង្កើតជាមុខរបរការផ្លាស់ ប្តូរទីកន្លែងធ្វើការរបស់បុគ្គលិកមន្ត្រីស្រេចតែអំពើចិត្ត ដោយពុំមានការឆ្លងយោបល់ ឬការដឹងឮពីពួកយើងខ្ញុំ ជាអ្នកគ្រប់គ្រងនៅថ្នាក់ក្រោមនោះទេ។ រាល់ការផ្លាស់ប្តូរគឺត្រូវបង់ប្រាក់ឱ្យជនពុករលួយនេះ ក្នុងម្នាក់ពី ៣០០០ដុល្លារ ទៅ៤០០០ដុល្លារ ចំពោះការជ្រើសរើស កម្មករ បុគ្គលិកកិច្ចសន្យា នៅតាម មណ្ឌលសុខភាព មន្ទីរពេទ្យ ស្រុកប្រតិបត្តិ ក៍ជននេះរំលោភបំពានធ្វើតែឯងដោយមិនអនុញ្ញាតឱ្យពួកយើងខ្ញុំជាអ្នកទទួលខុស ត្រូវជ្រើសរើសនោះទេ។ ដើម្បីបានជាប់ជា កម្មករ ឬបុគ្គលិកកិច្ចសន្យា គឺត្រូវបង់ប្រាក់ឱ្យជននេះ១០០០ទៅ ១៥០០ដុល្លារ ទោះបីជាមានការតវ៉ាពីពួកយើងខ្ញុំទាំងអស់គ្នា ក៍ជននេះមិនខ្វល់ដែរ ហើយថែមទាំងសម្លុត គំរាមពួកយើងថែមទៀត និងគំរាមដកតំណែងពួកខ្ញុំ និងតែងតែអួតក្អេងក្អាងថា មេខែត្រ មេរង សុទ្ធតែជា ពួកម៉ាករបស់គេ បើពួកឯងហ៊ានគឺរឿង…»។

ក្រុមមន្ត្រីរាជការ ក្រោមឳវាទបានវាយសម្រាតខោលោក ទឺ ប៊ុនឡេង យ៉ាងចាស់ដៃទៀតថា «ជាពិសេសថ្មីៗ នេះ ជនពុករលួយរូបនេះ បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរបំផុតដោយហ៊ានកេងបន្លំ និងបំពានលើទឹក ចិត្តដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកទឹកចិត្តដល់ មន្ត្រីស្ម័គ្រចិត្តបម្រើការងារ ជំងឺកូវីដ១៩ ឱ្យចូលជាក្របខណ្ឌរដ្ឋពេញសិទ្ធិដោយជននេះបានប្រមូលយកលុយទាំងអស់គ្នាចំនួន១៣០នាក់ក្នុងម្នាក់ចន្លោះពី១០.០០០ទៅ.១៣.០០០ដុល្លារ ហើយបើមិនបង់លុយគ្រប់ចំនួនគឺមិនបានជាប់ក្របខណ្ឌ ឡើយដោយបុគ្គល នេះបញ្ជាក់ថា លុយនេះគឺយកទៅជូន ចៅហ្វាយខែត្រ និងអ្នកក្រសួងហើយចំណុចមួយទៀតជននេះបានបន្លំ ឯកសារសាធារណៈ ដោយលួចក្លែងឯកសារ ដែលបញ្ជាក់លើប្រវត្តិរូបមន្ត្រីទាំងអស់ពី ប្រធានស្រុកប្រតិបត្តិ លួចចុះហត្ថលេខា និងលួចបោះត្រា ស្រុកប្រតិបត្តិ ដោយពួកយើងខ្ញុំជា ប្រធាន អនុប្រធាន មិនបានដឹងទាល់ តែសោះ»។

មន្ត្រីរាជការចំណុះឱ្យ ក្រសួងសុខាភិបាល បានទទូចស្នើសុំទៅលោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អភិបាល ខែត្រក្រចេះ មេត្តាស៊ើបអង្គេតដើម្បីដាក់ទោសជនពុករលួយចរឹកពាល រូបនេះដើម្បីឱ្យពួក យើងខ្ញុំទាំងអស់គ្នាដែលជា បុគ្គលិកមន្ត្រី និងអ្នកដឹកនាំនៅថ្នាក់ក្រោម អាចបំពេញការបម្រើសេវាសុខភាពជូន ប្រជាពលរដ្ឋឱ្យបានល្អ។

បើតាមការលើកឡើងពី មន្ត្រីសុខាភិបាល ខេត្តក្រចេះ ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នេះថា ឈ្មោះ ទឺ ប៊ុនឡេង និងបក្ខពួក ពិតជាបានប្រព្រឹត្តសកម្មភាពពុករលួយដូចលិខិតចោទ ប្រកាន់ពិត ប្រាកដមែន។​ ពួកគេបានក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ស៊ីដាច់របបគេឯងជាច្រើនឆ្នាំមកហើយ និងធ្វើការ របៀបបោះសន្ទូចរំលងភ្នំ ខុសនីតិវិធី ខុសបច្ចេកទេស និងខុសគោលការណ៍ក្រសួងជាដើម។ល។ អង្គភាព ប្រឆាំងអំពើពុករលួយ កំពុងតែចាប់បង្ខំលោក ទឺ ប៊ុនឡេង សងលុយទៅមន្ត្រីជាប់កិច្ចសន្យាស្ម័គ្រចិត្តប្រឆាំង ជំងឺកូវីដ១៩ ទាំងនោះវិញ។

លោក ទឺ ប៊ុនឡេង ហៅ ពេទ្យទូច ធ្លាប់បានបដិសេធថា លោកមិនបានយកលុយពី មន្ត្រីស្ម័គ្រចិត្តជាប់កិច្ច សន្យាបម្រើការងារប្រឆាំង ជំងឺកូវីដ១៩ ក្នុងម្នាក់ៗចាប់ពី១០.០០០ដុល្លារ ទៅ១៣.០០០ដុល្លារ នោះទេ។ ប៉ុន្តែរឿងបំពេញប្រវត្តិរូបចូលក្របខណ្ឌរដ្ឋបានទទួលស្គាល់ថា ពិតជាបានធ្វើរំលង ប្រធានអូឌី ប្រាដក
មែន។ តែការធ្វើរំលងនោះ គឺធ្វើទៅតាមគោលការណ៍របស់ក្រសួងណែនាំ។

ទាក់ទងរឿងរ៉ាវខាងលើលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានធ្វើការបញ្ជាក់ខ្លីថា ខាងអេស៊ីយូ (ACU) កំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះហើយ។ ចំពោះសាច់រឿងម៉េច អីយ៉ាងម៉េច ចាំមើលសិនទៅ…។ ទាក់ទងលិខិតខាងលើហ្នឹងខ្ញុំសុំអធ្យាស្រ័យ ! ខ្ញុំគ្មានពេលបកស្រាយជូនទេ…! ខ្ញុំកំ
ពុងតែប្រជុំ…»។

នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រក្រសួងសុខាភិបាល ពុំលើកទូរស័ព្ទ ឡើយ។ ចំណែកលោកស្រីវេជ្ជបណ្ឌិត ឳ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួង ក៍ពុំបានដឹងរឿងនេះទេ ហើយលោក ស្រីក៍មិនអាចឆ្លើយតបជូនបានដែរ ពីព្រោះមានអ្នកកាន់ការងារនេះហើយ។ រីឯលោក វ៉ា ថន អភិបាល ខែត្រ ក្រចេះ ដែលមិនចូលចិត្តអ្នកកាសែត គឺមិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ ដែរ៕