ភ្នំពេញៈ សម្លម្ជូរព្រលឹតកំពឹសទាក់ទងនឹងសំណុំរឿងគ្រូមា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់លោក ឱម យ៉ិនទៀង បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរង ខែត្រពោធិសាត់ ដែលបានយកលុយ ចំនួន៥៧ម៉ឺនដុល្លារ និងលោក កន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ដែលបានយកលុយចំនួន៣០ម៉ឺនដុល្លារអាម៉េរិកដើម្បីរត់ការចង់តំណែង អភិបាល ក្រុងអរិយក្សត្រ តាមរយៈលោក លី សាម៉េត ហៅ គ្រូមា និងលោក ឡាច សំរោង មេបោកវីអាយភីកំពូលល្បិច។
ទោះជាយ៉ាងណាមហាជនខ្មែរចង់ឃើញ អេស៊ីយូ នាំខ្លួនមេធាវីកំពូលបោក ឡាច សំរោង ឡើងតុលាការ ជាមួយបក្ខពួកបន្តទៀត។ លោក ឡាយ វិសិដ្ឋ និងលោក កន សុខកាយ ត្រូវបានអេស៊ីយូឃាត់ខ្លួនបទសូកប៉ាន់។ ប៉ុន្តែនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌ មានសម្លម្ជូរព្រលឹតកំពឹសនេះ ក៍ត្រូវបានលាតត្រដាងជាសាធារណៈតាមរយៈបណ្ដាញសង្គមនានា។
អង្គភាពប្រឆាំងអំពើពុករលួយ ទើបចាប់ខ្លួនលោក មួង ឃីម អតីតប្ដីតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ដ៏ល្បីល្បាញនិងលោកឧកញ៉ា អ៊ុត ធី ជាអ្នករកស៊ីវាយថ្មនិងធ្វើផ្លូវកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទងនឹងសំណុំរឿងលោក លី សាម៉េត ហៅ គ្រូមា, ដួង តារា និង ឡាច សំរោង ដែលជាមេខ្លោង។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញរឿងលោក កន សុខកាយ អតីត អភិបាល ស្រុកល្វាឯម ដែលបានចាញ់បោកលោក លី សាម៉េត ចំនួន៣០ម៉ឺនដុល្លារអាម៉េរិកដើម្បីយកលុយទៅរត់ការឲ្យបានតំណែងជា អភិបាល ក្រុងអរិយក្សត្រ ខែត្រកណ្ដាល។
រំលងបានមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល ក៏បានសម្រេចដកហូតមុខតំណែងលោក កន សុខកាយ ពីអភិបាល ស្រុកល្វាឯម ដោយសារសាម៉ីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិលនៃកម្ពុជា។
គួរបញ្ជាក់ថា សម្លម្ជូរព្រលឹតកំពឹស ! ទាក់ទងសំណុំរឿងលោក លី សាម៉េត ហៅ គ្រូមា អេស៊ីយូ បានឃាត់ខ្លួនជនសង្ស័យបានយ៉ាងហោចចំនួន៤នាក់ក្នុងនោះមាន លោក មួង ឃីម ,ឧកញ៉ា អ៊ុត ធី ,លោក ឡាយ វិសិដ្ឋ អភិ បាលរងខែត្រ និងលោក កន សុខកាយ។ ពលរដ្ឋចង់ឃើញសមត្ថកិច្ចចាប់ខ្លួនលោកមេធាវី ឡាច សំរោង ដែលកំពុងតែរត់គេចខ្លួនមកតុលាការ។ កន្លងមកគេសង្គេតឃើញលោក ឡាច សំរោង បុរសកំពូលល្បិចរូបនេះតែងតែដើរតាមជូតញើសឱ្យលោក លី សាម៉េត ដោយឥតអៀនខ្មាសក្នុងចំណោមហ្វូងមហាជន៕