អេស៊ីយូចាប់ខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី បញ្ជូនទៅតុលាការភ្នំពេញ

0
215

ភ្នំពេញ: សម្លកំពឹស អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់លោក ឱម យ៉ិនទៀង បានចាប់ខ្លួនលោក មួង ឃីម អតីតប្ដីតារាចម្រៀងដ៏ល្បីល្បាញនាង ម៉េង កែវពេជ្ជតា និងលោកឧកញ៉ា អ៊ុត ធី ដែលជាអ្នករកស៊ីវាយថ្មនិងធ្វើផ្លូវ។ នេះបើយោងតាមប្រភពីសាលាដំបូង រាជធានីភ្នំពេញ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

គេមិនទាន់ដឹងថា ជនជាប់ចោទទាំង២នាក់ត្រូវចោទពីបទល្មើសអ្វីនោះទេដែលនាំឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន។តែការឃាត់ខ្លួននេះបានធ្វើឡើងក្រោយពីមានការបែកធ្លាយនូវលិខិតមួយច្បាប់ដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងសំណុំរឿងលោក លី សាម៉េត ហៅ គ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោកដែលមានលក្ខណៈទ្រង់ទ្រាយធំ។ នៅក្នុងតារារបាយការណ៍បែកធ្លាយនោះលោក មួង ឃីម ជាអ្នកពាក់ព័ន្ធ ហើយលោកឧកញ៉ា អ៊ុត ធី ជាម្ចាស់បណ្ដឹងនៅក្នុងលេខរៀងទី៣។

បុគ្គលទាំង២នាក់នេះត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក មួង ឃីម បុរសព្រេចខ្ញាំជា អតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយជា អតីតជំនួយការ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែពេលនេះលោកបានចូលនិវត្តន៍ហើយ។

គួរបញ្ជាក់ថា លោក មួង ឃីម សព្វថ្ងៃធ្វើជាទីប្រឹក្សា ក្រសួងយុត្តិធម៌។ គ្រាន់តែមានចាប់ខ្លួនលោក មួង ឃីម ភ្លាមត្រូវបានគេលុបរូបថតចេញពីក្រសួងភ្លាមៗតែម្ដង។ គេនៅចាំថា លោក មួង ឃីម ធ្លាប់បានជះទឹកត្រឹស្អុយដាក់ អ្នកកាសែតលោក សាន ប៊ុនធឿន ខណៈផ្ដល់បទសម្ភាសន៍ជាភរិយា ម៉េង ពេជ្ជតា។ ចំណែក លោកឧកញ៉ា អ៊ុត ធី វិញត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីខាងវាយថ្មនិងធ្វើផ្លូវ៕