សូម្បីតែដីអូរដោះទឹកពីភ្នំក៏មិនលើកលែងដែរ !

0
129

ខែត្រកែបៈ ស្ត្រីជនជាតិខ្មែរ និងប្ដីជនជាតិអាល្លឺម៉ង់ បានសង់របងថ្មលើខ្នងអូរដោះទឹកពីភ្នំមួយកន្លែងស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខែត្រកែប ដោយសារមន្ត្រីជើង១០របស់រដ្ឋបាល ក្រុងកែប ជាអ្នកអនុ ញ្ញាត។ អូរនោះមានទំហំទទឹង១០ម៉ែត្រដែល គណៈកម្មការវាស់វែង មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិ យោដី ខែត្រកែប បានទុកឱ្យពលរដ្ឋប្រើប្រាស់ដោយមានការស្នើសុំពី មន្ទីរធនធានទឹក ខែត្រ។

ពលរដ្ឋ និងប្រធានសហគមន៍ បានអះអាងដូចៗគ្នាថា អ្នកស្រី ហ៊ីង ភារ៉ានិច ដែលមាន ប្តីជនជាតិអាល្លឺម៉ង់ បានរំលោភយកដីខ្នងអូរដោះទឹកពីភ្នំនោះសល់តែ១ម៉ែត្រកន្លះប៉ុណ្ណោះដោយបានរំលោភយកដីអស់៤ម៉ែត្រកន្លះ។ ទោះមានការលើកឡើងយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋបាល ក្រុងកែប មិនបានចុះទៅពន្យល់ណែនាំ និងចាត់វិធានការអ្វីនោះទេ។ ជាមួយគ្នានោះដែរមហាជនមានចម្ងល់ថា មុនចេញលិខិតអនុញ្ញាតឲ្យសាងសង់អ្វីមួយហេតុអ្វីអាជ្ញាធរ និងមន្ត្រីមិនចុះទៅមើលទីតាំង និងពិនិត្យឯកសារជាមុនសិន ? ជាពិសេសមុននឹងសង់ធ្វើរបងថ្មត្រូវផ្តិតមេដៃជាមួយម្ចាស់ព្រំដីឲ្យបានត្រឹមត្រូវសិន។ របងថ្មនោះកំពុងតែបណ្ដុះដែកត្រៀមចាក់បេតុងដើម្បីរៀបឥដ្ឋឡើង។

ករណីនេះអាជ្ញាធរក្រុងហាក់ដើរបញ្ច្រាសគោលនយោបាយរបស់ក្រសួង និងមន្ទីរធនធានទឹក និងរាជរដ្ឋាភិបាល ឬយ៉ាងណា ? រាជរដ្ឋាភិបាល កំពុងចំណាយថវិកាជាច្រើនដើម្បីជួសជុល និងស្តារប្រឡាយបឹងបួឡើងវិញសម្រាប់បម្រើផលប្រយោជន៍សាធារណៈក៏ប៉ុន្តែរដ្ឋបាល ក្រុងកែប បែរជាចង់ប្តូរពីស្តារអូររំដោះទឹកពីភ្នំមកលុបបំបិទផ្លូវទឹកទៅវិញ ? អ្វីដែលចម្លែកនោះអភិបាលក្រុង និងមន្ត្រីជំនាញបានឆ្លើយខ្វែងគំនិតគ្នាក្នុងរឿងតែមួយ។

លោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្រកែប បានប្រាប់អង្គភាពយើងតាមប្រព័ន្ធតេឡេក្រាមថា វាអាចប៉ះពាល់ផ្លូវដើររបស់ប្រជាពលរដ្ឋ។ លោកសុំឱ្យម្ចាស់របងផ្អាកធ្វើសិនដើម្បីមើលប្លង់ និងសួរនាំរឿងច្បាប់។

ចំណែកលោក វិញ ថុល ប្រធានការិយាល័យភូមិបាល និងសុរិយោដី ក្រុងកែប ប្រាប់អង្គភាពយើងកាលពីថ្ងៃទី៩ ខែមករា ថាលោកមិនបានដឹងរឿងអ្វីទេ…។ ពីព្រោះលោកជាប់រវល់ការងារបិទផ្សាយព័ត៌មានចុះបញ្ជីដីធ្លីនៅ ភូមិថ្មី។ ទាក់ទិន និងការចុះចុចកំណត់និយាមការលោកមិនបានបញ្ជាក់អ្វីនោះទេ។

ដើម្បីស្រាយចម្ងល់ខាងលើលោក ឃន វុទ្ធី អភិបាល ក្រុងកែប បានប្រាប់អង្គភាពសារព័ត៌មានយើងតាម ប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ថា ទីតាំងនោះបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយអាជ្ញាធរក្រុងក៏បានចុះពិនិត្យរួចរាល់ហើយឃើញថា មិនមានផលប៉ះពាល់ដល់ដីចំណីអូរទេ។ លោកបន្តទៀតថា ចំពោះការលើកឡើងរបស់ពលរដ្ឋថា ប៉ះពាល់គឺមកពីពលរដ្ឋទាំងនោះដើរវាងដើមឈើហើយយល់ថា ផ្លូវដើរនោះជាភ្លឺអូរ ប៉ុន្តែការពិត គណៈកម្មការវាស់វែងរបស់ មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្របានកំណត់អូរនោះទុកចំណីចំនួន១០ម៉ែត្រ។ រីឯដីដែលសង់របងថ្មនោះគេធ្វើលើដីកម្មសិទ្ធិរបស់គេ ( ហ៊ីង ភារ៉ានិច ) ទេ។

ផ្ទុយពីការលើកឡើងរបស់អភិបាលក្រុងនោះលោកពូ ទូច គុយ ប្រធានសហគមន៍ទំនប់អូរក្រសារ បានប្រាប់អង្គភាពសារព័ត៌មានយើង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ថា បញ្ហាដែលប្រឈមនោះ គឺផ្លូវពីមុនមាន៤ទៅ ៥ ម៉ែត្រតែពេលនេះវានៅសល់ត្រឹមតែ១ម៉ែត្រកន្លះតែប៉ុណ្ណោះ។

ស្ត្រីម្នាក់មានវ័យប្រហែល៣៧ឆ្នាំបានប្រាប់ថា ម្ចាស់ដីខាងលើគឺជា ជនជាតិអាល្លឺម៉ង់ និងមានភរិយាជាជនជាតិខ្មែរ។ ស្ត្រីរូបនោះក៏បានសំណូមពរទៅអាជ្ញាធរឱ្យចុះពិនិត្យ និងវាស់វែងដីទំនាស់ខាងលើឲ្យបានត្រឹមត្រូវព្រោះថា អូរទឹកនេះ ពលរដ្ឋជាច្រើនគ្រួសារកំពុងតែប្រើប្រាស់ និងអាស្រ័យផលប្រចាំថ្ងៃ។

ជុំវិញរឿងនេះដែរលោក សាង ប៊ុនធឿន អភិបាលរង ក្រុងកែប បានអះអាងថា លោកគឺជាអ្នកតំណាងឲ្យម្ចាស់ដីដែលកំពុងសាងសង់របងថ្ម។ ដីចំណីអូរដែលជាទីតាំងកំពុងសាងសង់របងថ្មនោះគឺម្ចាស់ដីសាងសង់លើដីមានប្លង់កម្មសិទ្ធិ។ តាមពិតទៅម្ចាស់ដីគាត់មានចិត្តមេត្តា ហើយធ្វើតាមប្លង់រឹងតែប៉ុណ្ណោះ។

លោកក៏បានបញ្ជាក់បន្ថែមនៅ មុខពលរដ្ឋ ប្រធានសហគមន៍ និងលោកមេភូមិថា ម្ចាស់ដីបានសុំច្បាប់សាង សង់របង និងចាក់ដីរួចរាល់អស់ហើយមុនពេលសាងសង់របងនេះក៏មានអាជ្ញាធរ មន្ត្រីជំនាញសុរិយោដីក្រុង ចុះមកចុចវាស់បោះបង្គោលដើម្បីឲ្យសាងសង់ផងដែរ។

ពលរដ្ឋក៏ដូចជាមហាជន និងមន្ត្រីមួយចំនួននៅក្នុង ក្រុងកែប សំណូមពរដល់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខែត្រកែប មេត្តាពិនិត្យមើលករណីដែលលោក ឃន វុទ្ធី អនុញ្ញាតឱ្យម្ចាស់ដីសាង សង់របងថ្មដុះចំកណ្ដាលខ្នងអូរ និងលើដីចំណីអូរ។ តើមុននឹងចេញលិខិតអនុញ្ញាតឲ្យគេសាងសង់ លោកអភិបាលក្រុង រួមជាមួយនឹងមន្ត្រី និងការិយាល័យជំនាញបានចុះទៅពិនិត្យមើលផលប៉ះពាល់ជាក់ស្ដែងដែរឬទេ ?​ ឬមួយចេះតែអង្គុយស៊ីញេនៅក្នុងម៉ាស៊ីនត្រជាក់ ? អង្គភាពសារព័ត៌មានយើងរង់ចាំធ្វើការបកស្រាយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ…។

បើតាមការលើកឡើងរបស់ពលរដ្ឋ ក្រុងកែប កន្លងមកបានមើលឃើញពីការដឹកនាំរបស់លោក ឃន វុទ្ធី ដូចជាមិនចេះច្បាប់សោះសម្រាប់វិធានការរបស់ក្រុងវិញ ដូចទឹកកកនៅមហាសមុទ្រអាកទិច អីចឹង។

ទាក់ទិននឹងរឿងខាងលើ រដ្ឋបាល ក្រុងកែប បានចេញ សេចក្ដីបំភ្លឺព័ត៌មាន ​មួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជាកិច្ចឆ្លើយតបស្ថាប័នព័ត៌មានពីរអង្គភាពដែលបានផ្សាយកន្លងមកថា « ពាក់ព័ន្ធករណីការផ្សព្វផ្សាយព័ត៌មានខាងលើនេះ រដ្ឋបាលក្រុង បានចេញលិខិតអនុញ្ញាតសាងសង់របងថ្មមួយកន្លែងដែលមាន វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ លេខៈ១៩៧៦ ស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខែត្រកែប ជាកម្មសិទ្ធិរបស់ឈ្មោះ ហ៊ីង ភារ៉ានិច ភេទស្រី លើសពីនេះ រដ្ឋបាលក្រុង ក៏បានចាត់ឱ្យមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ព្រំដី ដែលបានសាងសង់របងខាងលើនេះឃើញថា ការធ្វើរបងនេះ ត្រឹមត្រូវតាមប្លង់កម្មសិទ្ធិមិនបានធ្វើរំលោភចូលផ្លូវទឹកឡើយ »។

គួរបញ្ជាក់ថា នៅក្នុងច្បាប់ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរបស់រដ្ឋ មាត្រា៨០ « អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទួលការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីទទួលដំណឹងអំពីការរំលោភលើកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់របស់រដ្ឋ លើទ្រព្យសម្បត្តិរបស់រដ្ឋ ដែលព្រងើយកន្តើយដោយមិនចាត់វិធានការតាមផ្លូវច្បាប់ឲ្យទាន់ពេលវេលាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់១លានរៀល ដល់ ១០លានរៀល »៕