ក្រោយវាយរបងមណ្ឌលសុខភាពលោក ធូ ឃឿ បានរៀបចំធ្វើផ្លូវចូលទៅកាន់ចម្ការស្វាយចន្ទីរបស់គាត់ដែលនៅទីនោះពុំមានខ្នងផ្ទះពលរដ្ឋរស់នៅឡើយ។ លោកបានធ្វើខុសលក្ខន្ដិករបស់ ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យជួសជុលថែទាំដែលផ្លូវណាសំខាន់ៗ និងមានសក្ដានុពល ពោលគឺទីកន្លែងដែលមានពលរដ្ឋរស់នៅច្រើនកុះករតែប៉ុណ្ណោះ។
ទាក់ទិនករណីនេះលោក ធូ ឃឿ ទំនងជាគប់គិតគ្នាជាប្រព័ន្ធក្នុងកញ្ចប់មូលនិធិស្រុករាប់រយលានរៀលទៅប្រើប្រាស់ពុំបានធ្វើការដាក់ឱ្យថ្លៃបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសពេលធ្វើផ្លូវនោះរួចគាត់មិនព្រមលើកស្លាកដាំបង្គោលដើម្បីបង្ហាញសាធារណជនឲ្យបានឃើញចំនួនទឹកប្រាក់សរុប និងប្រវែងផ្លូវនោះទេ។ ជាទូទៅកញ្ចប់ថវិកាមូលនិធិស្រុកនីមួយៗដែល ក្រសួងមហាផ្ទៃ ទម្លាក់ឲ្យយកទៅប្រើប្រាស់តាមមូលដ្ឋានត្រូវតែមាន គណនេយ្យភាព និងតម្លាភាពជានិច្ច។
ប្រធានមណ្ឌលសុខភាព ស្រុកអូរជុំ លោក ស៊ី តាវ បានបញ្ជាក់ថា ករណីវាយរបងថ្មយកដីមណ្ឌលសុខភាពទទឹង១២
ម៉ែត្រ និងបណ្ដោយជិត១០០ម៉ែត្រនោះរូបលោកពុំបានចូលរួមផ្ដិតមេដៃ ឬចុះហត្ថលេខាឲ្យវាយរបងថ្មនោះទេ។
លោកអភិបាល ស្រុកអូរជុំ បានប្រាប់លោក ស៊ី តាវ ថា នៅឲ្យស្ងៀមទុកឲ្យគាត់ជាអ្នកចាត់ចែង។ តែលោក ស៊ី តាវ នៅបានផ្ញើរបាយការណ៍តាម តេឡេក្រាម ចូលទៅខាងអូឌី នៃមន្ទីរសុខាភិបាល ខែត្ររតនគិរី ឲ្យបានដឹងរឿងវាយរបងថ្មនោះហើយដែរ។
ពាក់ព័ន្ធរឿងនេះ ប្រធានក្រុមប្រឹក្សា ស្រុកអូរជុំ លោក យឿង បាលូង បានបញ្ជាក់ថា ផ្លូវនោះពុំបានដាក់ដេញថ្លៃអ្វីទេដោយគ្រាន់តែលោក ឃឿ បានប្រាប់ផ្ទាល់មាត់ថា នឹងធ្វើផ្លូវនោះ បើចង់ដឹងច្បាស់សួរទៅលោក ធូ ឃឿ ទៅ។ ប៉ុន្ដែលោក ធូ ឃឿ បានឆ្លើយតបខ្លីថា ជាទូទៅបានដាក់ដេញថ្លៃត្រឹមត្រូវមាន ប្រធានការិយាល័យលទ្ធកម្មស្រុក បានចូលរួមផងដែរ។
លោកស្រី សុគន្ធី ដា ប្រធានការិយាល័យលទ្ធកម្ម ស្រុកអូរជុំ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គេមិនអាចសុំការបកស្រាយឬ ពន្យល់ជុំវិញការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិស្រុកដែលបានយកទៅធ្វើផ្លូវចូលចម្ការលោក ធូ ឃឿ នៅទីតាំងខាងលើនោះទេ ព្រោះទូរស័ព្ទរបស់លោកស្រីហៅចូលតែពុំមានអ្នកទទួល…។
ចំណែករឿងមិនដាំបង្គោលលើកស្លាកចារឈ្មោះផ្លូវ និងទឹកប្រាក់ដែលបានប្រើប្រាស់កញ្ចប់ថវិកាមូលនិធិរបស់ស្រុកនោះលោក ធូ ឃឿ បញ្ជាក់ថា រឿងនោះអាច គណ:កម្មការលទ្ធកម្ម នឹងធ្វើតាមក្រោយ។ តែលោកមិបានបញ្ជាក់ថា ធ្វើស្លាកនោះនៅខែឆ្នាំណានោះទេ…។
ផ្លូវលោក ធូ ឃឿ ធ្វើនោះបច្ចុប្បន្នពុំមានមនុស្សប្រើប្រាស់ទេគឺមានតែព្រៃដុះស្ទើររកមើលផ្លូវមិនឃើញ។ លោក ធូ ឃឿ ថា១០ឆ្នាំក្រោយលោកសង្ឃឹមថា នឹងមានប្រជាជនកើនឡើង ហើយប្រើប្រាស់ផ្លូវនោះជាមិនខានឡើយ…។
ការលើកឡើងរបស់លោក ធូ ឃឿ បានផ្ទុយពីលក្ខន្ដិករបស់ ក្រសួងមហាផ្ទៃ ដែលបានចង្អុលបង្ហាញឲ្យប្រើប្រាស់កញ្ចប់ថវិកាមូលនិធិស្រុកឲ្យចំគោលដៅ ពោលគឺស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ គឺបីឆ្នាំរំកិលទៅរកតំបន់ណាដែលមានសក្ដានុពល និងប្រជាជនរស់នៅច្រើន។
ប្រជាពលរដ្ឋ និងមន្ត្រីស្អាតស្អំរស់នៅ ស្រុកអូរជុំ មួយចំនួនសំណូមពរទៅ ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU ) សូមមេត្តាចុះពិនិត្យស៊ើបអង្គេតស្រាវជ្រាវឲ្យបានស៊ីជម្រៅក្នុងករណីនេះ ដើម្បីរកឲ្យឃើញពីមូលហេតុពិតប្រាកដ ព្រោះក្នុងមួយឆ្នាំៗ ក្រសួងមហាផ្ទៃ បានទម្លាក់សាច់ប្រាក់ជាច្រើនរយលានរៀលឲ្យស្រុកនីមួយៗយកទៅប្រើប្រាស់ជាប្រយោជន៍រួមមិនមែនបម្រើឲ្យផលប្រយោជន៍បុគ្គលនោះឡើយ។
គួរបញ្ជាក់ថា បុគ្គល ធូ ឃឿ នៅបានបំផ្លាញរបងថ្ម មណ្ឌលសុខភាព អស់មួយផ្ទាំងយកដីទទឹង១២ម៉ែត្រ និងប ណ្ដោយជិត១០០ម៉ែត្រ គឺបំផ្លាញចោលគ្មានស្ដាយស្រណោះ។ ដីមណ្ឌលសុខភាព នេះមានបណ្ណកម្មសិទ្ធិ និងបានចុះបញ្ជីសារពើពន្ធជាទ្រព្យសម្បត្ដិឯកជនរបស់រដ្ឋរួចហើយ គឺមិនអាចជនណាម្នាក់ទៅរំលោភបំពានកាត់ឈ្វៀល យកដីរដ្ឋទៅប្រើប្រាស់បានឡើយ។ ប៉ុន្ដែបើមានអនុក្រឹត្យចេញពី នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបអាចយកដីនោះទៅប្រើប្រាស់បាន៕