អាជ្ញាធរបណ្ដែតបណ្ដោយឱ្យបុគ្គលម្នាក់បង្កការអុកឡុកយកគ្រឿងចក្រឈូសឆាយបំផ្លាញផលដំណាំពលរដ្ឋកំពុងអាស្រាយផលនៅស្រុកអង្គរធំ

0
131

ដោយៈ អធិបតី
សៀមរាបៈ ប្រជាពលរដ្ឋរងគ្រោះប្រមាណ៤១គ្រួសារដែលបានអាស្រាយផលលើផ្ទៃដីនៅតំបន់អូរជ្រៅសរុបចំ នួន២៣៥ហិកតាតាំងពី ឆ្នាំ២០០៧ រហូតដល់ ឆ្នាំ២០០៨ ប៉ុន្តែត្រូវបានបុគ្គលមានលុយកាក់ម្នាក់បង្កការអុកឡុក យកគ្រឿងចក្រទៅឈូសឆាយបំផ្លាញផលដំណាំរបស់ពួកគាត់ជាជនក្រីក្រស្លូតត្រង់ និងរោងចំាចម្ការអស់គ្មាន សល់ម្ដងហើយម្ដងទៀតស្ថិតនៅ ភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខែត្រសៀមរាប។

ទំនាស់ដីហាក់ងងឹតមួយចំហៀងភ្លឺមួយចំហៀងនេះ បានកើតឡើងតាំងពី ឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននៅ តែគ្មានដំណោះស្រាយជាក់លាក់ជូនពលរដ្ឋរងគ្រោះក្រីក្រនៅឡើយទេ។ ដីកំពុងតែមានរឿងទំនាស់ជា ដីសា ធារណៈរបស់រដ្ឋ ដែលត្រូវផ្តល់សម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ដែលត្រូវគេរំលោភបំពានទន្ទ្រានយក ទៅលក់តៗគ្នា។ តែអ្នករងគ្រោះចុងក្រោយគឺពលរដ្ឋក្រីក្រស្លូតត្រង់ប្រមាណ៤១គ្រួសារ មិនគួរណាអាជ្ញាធរ ដែនដីបណ្ដែតបណ្ដោយទុកឳកាសឱ្យបុគ្គលម្នាក់ឈ្មោះ យឹម សារីន បង្កការអុកឡុកដោយអាងខ្លួនមានលុយ និងបក្ខពួកយកគ្រឿងចក្រទៅឈូសឆាយបំផ្លាញផលដំណាំ ដំឡូង ស្វាយចន្ទី និងរោងចាំចម្ការរបស់ពួកគាត់ អស់គ្មានសល់។

លោក អ៊ិន សារិន រស់នៅ ភូមិត្នោត ឃុំកំពង់ចិនខាងជើង ស្រុកស្ទោង ខែត្រកំពង់ធំ។ រូបគាត់រួមជាមួយបងប្អូន បាននាំគ្នាមកទិញដីកំពុងតែមានទំនាស់នៅ ខែត្រសៀមរាប លោកបាននិយាយប្រាប់ ក្រុមអ្នកសារព័ត៌មាន នា ពេលថ្មីៗនេះថា រឿងទំនាស់ដីធ្លីនេះ បានកើតមានឡើងតាំងពី ឆ្នាំ២០០៧ និង ឆ្នាំ២០០៨ មកម្ល៉េះដោយសារ បុគ្គលឈ្មោះ យឹម សារីម មករំលោភបំពានយកដី២៣៥ហិកតារបស់ពលរដ្ឋចំនួន៤១គ្រួសារកំពុងតែអាស្រាយ ផលស្ថិតនៅភូមិឃុំខាងលើ។

លោក សារិន តំណាងប្រជាពលរដ្ឋបានលើកឡើងទៀតថា កាលពី ឆ្នាំ២០១១ មេឃុំពាក់ស្នែង ធ្លាប់បានកោះ ហៅភាគីទាំងសងខាង គឺពលរដ្ឋនិងលោក យឹម សារីន មកធ្វើការដោះស្រាយគ្នាពីរដង។ តែដល់ ឆ្នាំ២០១៣ លោក យឹម សារីន មិនបានស្ដាប់តាមការណែនាំ មេឃុំពាក់ស្នែង ឡើយគឺបានយកគ្រឿងចក្រទៅឈូសឆាយ
ដីរបស់ពលរដ្ឋ ហើយយកដីនោះទៅលក់បញ្ចាំថែមទៀតផងខណៈពលរដ្ឋកំពុងតែអាស្រ័យផលជាក់ស្ដែង។

លោក យឹម សារីន ជាអ្នកមានទ្រព្យសម្បត្តិច្រើនរស់នៅ ខែត្រសៀមរាប។ ពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹង ទៅ ក្រសួងរៀបចំដែនដី ហើយក៍មានក្រុមការងាររបស់ក្រសួងចុះមកធ្វើការសម្របសម្រួលម្ដងជាពីរដងដោយ ធ្វើការប្រជុំនៅស្រុក និងខែត្រ។ គណៈកម្មការនេះ ក៍បានហាមឃាត់មិនឱ្យពលរដ្ឋធ្វើសកម្មភាពអ្វីទាំងអស់
ក៍ប៉ុន្តែភាគីលោក យឹម សារីន នៅតែបំពានឈូសឆាយដីកំពុងតែមានទំនាស់រហូតមក។ ជាក់ស្ដែងកាលពីថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក យឹម សារីន បានដឹកនាំបក្ខពួកមានប៉េអឹម ស្រុកអង្គរធំ ឈ្មោះ ប្រាក់ វន បានចុះ ទៅបញ្ជាឱ្យកម្ទេចឈូសឆាយផលដំណាំពលរដ្ឋដូចជា ដំឡូង ស្វាយចន្ទី និងរោងចាំចម្ការអស់គ្មានសល់អ្វី ឡើយ។

លោក យឹម សារីន និងភរិយាឈ្មោះ ពៅ ច័ន្ទនីកា

ពលរងគ្រោះម្នាក់ទៀតមានវ័យខ្ទង់៣០ឆ្នាំបានទៅចាំចម្ការខាងលើបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ គាត់ត្រូវបានលោក យឹម សារីន បញ្ជាឱ្យរុះរើរោងចាំចម្ការចេញ ហើយដកខ្លួនថយឱ្យឆ្ងាយពីដីកំពុងមានជម្លោះ បើមិនព្រមចាកចេញទេគេនឹងចាប់គាត់យកទៅតុលាការ។ ខណៈពេលជំទាស់មិនព្រមចាកចេញនោះក្រុម យឹម សារីន ក៍បានយក អាអ៊ិចជាច្រើនគ្រឿងមកព័ទ្ធធ្វើឱ្យគាត់បង្ខំចិត្តរើសម្ភារចាកចេញតែម្ដង។ ពួកគាត់ក៍បានធ្វើ ការសំណូមស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជួយរកដំណោះស្រាយឱ្យពលរដ្ឋរង គ្រោះមានដីដាំស្រូវហូបនឹងគេផង កុំទុកឱ្យបុគ្គលម្នាក់មានដីជាច្រើនហិកតាយ៉ាងដូច្នេះ។

ទាក់ទងករណីដីទំនាស់ខាងលើ រដ្ឋបាល ខែត្រសៀមរាប បានចេញលិខិត លេខ៤៣៥/២១ សជណ កាលពី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ជម្រាបទៅ អភិបាល ស្រុកអង្គរធំ ក្នុងកម្មវត្ថុ ករណីសំណើសុំអន្តរាគមន៍ដើម្បីឱ្យ រដ្ឋបាលខែត្រពិនិត្យ និងបង្កើត គណៈកម្មការ ចុះកាត់ឆ្វៀលដីឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋចំនួន៥១គ្រួ
សារដែលបានអាស្រ័យផលដាំដុះតាំងពីដូនតា។ ក្នុងលិខិតនោះដោយយោងតាម ពាក្យស្នើសុំតំណាងពល រដ្ឋ៤នាក់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

រដ្ឋបាលខែត្រ បានបញ្ជាក់ក្នុងលិខិតខាងលើថា «ទីតាំងដីស្នើសុំនេះ ជាដីសាធារណៈរបស់រដ្ឋ ដែលទីតាំងមួយ ចំនួនស្ថិតក្នុង ដីផ្ដល់សម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ដែលសមាគមអតីតយុទ្ធ រដ្ឋបាលខែត្រ និង ស្រុក បានសហការគ្នាចុះវាស់វែងពិនិត្យជាក់ស្តែងដើម្បីបន្តនីតីវិធី។ ដូច្នេះ រដ្ឋបាលខែត្រ ស្នើអភិបាល ស្រុក អង្គរធំ គ្រប់គ្រងថែរក្សា និងទប់ស្កាត់ការកាប់រានទន្ទ្រានកាន់កាប់បន្ថែមដោយរក្សានូវស្ថាន ភាពដើមឱ្យនៅ ដដែល ព្រមទាំងសហការជាមួយក្រុមការងារខែត្រទទួលបន្ទុក ស្រុកអង្គរធំ ចុះពិនិត្យស្រាវជ្រាវ និងលើកយោ បល់ជូនរដ្ឋបាលខែត្រ ដើម្បីមានមូលដ្ឋានពិនិត្យ និងស្នើសុំគោលការណ៍សម្រេចពី រាជរដ្ឋាភិបាល»។

ជុំវិញរឿងទំនាស់ដីធ្លីដដែលនេះ ខែត្រសៀមរាប បានចេញលិខិតបង្គាប់ការ មួយទៀត លេខ០១០/២១ ល.ប. ក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានចាត់តាំងសមាសភាពក្រុមការងារខែត្រមានគ្នា១៦នាក់ដឹកនាំដោយ អភិបាលរងខែត្រ ដើម្បីចុះពិនិត្យស្រាវជ្រាវ ករណីទំនាស់ដីធ្លីចំនួន២៣៥ហិកតា ដែលស្ថិតនៅភូមិឃុំខាងលើ
រវាងឈ្មោះ យឹម សារីន និងប្រពន្ធឈ្មោះ ពៅ ច័ន្ទនីកា ជាតំណាងឱ្យប្រជាពលរដ្ឋចំនួន២៤គ្រួសារ និងឈ្មោះ អ៊ិន សារិន។ ក្នុងលិខិតនោះនៅត្រង់ចំណុចទី៧បានបញ្ជាក់ខ្លីថា «ចាត់វិធានការចំពោះបុគ្គលណាដែលមិន អនុវត្តតាមបញ្ជារបស់អាជ្ញាធរស្របតាមនីតិវិធីច្បាប់»។ នៅត្រង់ចំណុចនេះធ្វើឱ្យពលរដ្ឋរងគ្រោះលើកឡើងថា
លោក យឹម សារីន ជារឿយៗបានយកគ្រឿងចក្រទៅឈូសបំផ្លាញផលដំណាំពលរដ្ឋ គឺមិនបានគោរពច្បាប់ អ្វីឡើយ។ ដូច្នេះអាជ្ញាធរគួរតែមានវិធានការផ្លូវច្បាប់ជាបន្ទាន់ក្នុងនាមជាអ្នកបម្រើរាស្ត្រម្ចាស់ឆ្នោត។

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាល ខែត្រសៀមរាប និងលោក ឡុង រដ្ឋារក្ស អភិ បាល ស្រុកអង្គរធំ គឺពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេនូវរឿងវិវាទដីធ្លីខាងលើនេះ។ ករណីរំលោភបំ ពានឈូសឆាយផលដំណាំប្រជាពលរដ្ឋរងគ្រោះ គ្មានការទប់ស្កាត់ឬរកដំណោះស្រាយនេះ មហាជនទូទៅរិះ គន់ថា អាជ្ញាធរដែនដីចាប់តាំពី ឃុំ ស្រុក និងខែត្រ ហាក់បីដូចជាបើកភ្លើងខៀវឱ្យលោក យឹម សារីន ធ្វើអ្វីៗ តាមតែអំពើចិត្ត គ្មានការគោរពច្បាប់រដ្ឋអ្វីបន្ដិចសោះឡើយ។ ព្រោះបុគ្គល យឹម សារីន នេះអាងខ្លួនមានលុយ កាក់ច្រើន និងបក្ខពួកមានអំណាច។

ជនខិលខូចមួយចំនួននៅតែគិតថា ខ្លួនមានលុយកាក់ច្រើន និងបក្ខពួកមានអំណាចគឺអាចធ្វើអ្វីៗបានតាម តែអំ ពើចិត្ត។ ជាក់ស្ដែងលោក យឹម សារីន បានយកគ្រឿង ចក្រទៅឈូសឆាយដីកំពុងតែមានទំនាស់បំផ្លាញផល ដំណាំ ពលរដ្ឋរងគ្រោះដោយពុំស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក
យឹម សារីន គេពុំអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់ខាងលើនេះ៕