អតីតអ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង ឆ្លងជំងឺកូវីដ១៩ កំពុងព្យាបាលនៅស្តាតអូឡាំពិក

0
631

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ជំងឺដ៏កាចសាហាវនៃពិភពលោកពិតជាមិនស្គាល់ អតីតអ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង នោះឡើយ។ ជំងឺកូវីដ១៩ បានតាមយាយីរាងកាយលោក អេ ភូថង ដែលមានវ័យ៤៦ឆ្នាំរហូតដល់ដាក់ «បំពង់ជំនួយដកដង្ហើម» នៅកន្លែងព្យាបាល ជំងឺកូវីដ១៩ ស្តាតអូឡាំពិក អស់រយៈពេលជិតមួយសប្ដាហ៍មក ហើយ។

តាមការបញ្ជាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ បាយ៉ង់ថាមស៍ នៅយប់ថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះថា លោក អេ ភូថង ពិតជាបានសម្រាកព្យាបាល ជំងឺកូវីដ១៩ ពិតប្រាកដមែន គឺអស់រយៈពេលជិតមួយសប្ដាហ៍មកហើយ។ អេ ភូថង មានសុខភាពល្អប្រសើរគ្រាន់បើច្រើនហើយ។ លោក បន្តថា ខ្ញុំបានទាក់ទងសួរសុខទុក្ខគេជារៀងរាល់តែថ្ងៃហ្នឹង…។ ចំណែកប្រពន្ធ កូន និងអ្នកពាក់ព័ន្ធដទៃទៀត មិនមានការឆ្លងនោះទេ។ អ្នកប្រដាល់ អេ ភូថង ដែលមានរន្ទះជើងដ៏ធ្ងន់ល្បីល្បាញនៃកម្ពុជា បន្ទាប់ពីឈប់ ឡើងសង្វៀនប្រកួតមកដោយសារតែវ័យចាស់របស់គាត់។

លោក អេ ភូថង បានក្លាយជាគ្រូបង្វឹកនៃកីឡាករជំនាន់ក្រោយ ដែលមានក្លិបមួយឈ្មោះថា «ក្លិបអេភូថង កីឡា»។ នៅក្នុងក្លិបនោះកូន ប្រុសរបស់គាត់ឈ្មោះ ម៉ឺន មេឃា ជាអ្នកប្រដាល់ស្រករក្រោយមានឈ្មោះ បោះសំឡេងមិនចាញ់ឪពុករបស់គេប៉ុន្មានឡើយនាពេលបច្ចុប្បន្ននេះ។

អ្នកស្រី សាំង សុម៉ាលី ភរិយាលោក អេ ភូថង បានប្រាប់ បាយ៉ង់ថាមស៍ នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះដែរថា ខ្ញុំមិនមានការឆ្លង ជំងឺកូវីដ១៩ ដូចប្ដីខ្ញុំនោះទេ។ ប៉ុន្តែខ្ញុំសុំគ្រូពេទ្យមកមើលថែទាំប្ដីរបស់ខ្ញុំដោយផ្ទា ល់ តែមានការការពារតាមក្បួនគ្រូពេទ្យត្រឹមត្រូវ។

លោក អេ ភូថង ដែលមានក្បាលពោះធំធ្វើឱ្យកើតអាការឡើង ជាតិអាស៊ីត ខ្លាញ់រុំបេះដូង និងលើសជាតិស្ករ ពបន្តិច។ ចំពោះបញ្ហាធ្វើទុក្ខ ជំងឺកូវីដ១៩ វិញដូចជា ក្អក ក្ដៅខ្លួន និងឈឺបំពង់ក គឺគ្មានឡើយ។ លោក អេ និង ភរិយាបានចាក់វ៉ាក់សាំង ទាំង២ដូស ឬ២ដង រួចរាល់ហើយដែរ។

ទោះជាយ៉ាងណាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ ហ៊ុន សែន មានការយកចិត្តជាខ្លាំង ដុតដៃដុតជើងជួយ ព្យាបាលលោក អេ ភូថង បានធូរស្បើយច្រើនជាងមុន។ មហាជនខ្មែរទូទៅដែលស្នេហាវិស័យកីឡាប្រដាល់ កម្ពុជាសូមធ្វើការបួងសួង គឺសូមឱ្យលោក អេ ភូថង ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ៕