អតីតជាអ្នកឧកញ៉ាដ៏ល្បីឈ្មោះម្នាក់បានប្ដឹងអភិបាលខែត្រតាមបណ្ដាញសង្គមហ្វេសប៊ុកទៅ«អេស៊ីយូ»

0
475

ដោយៈ បាយ៉ង់
ព្រះសីហនុៈ អតីត អ្នកឧកញ៉ា ដ៏ល្បីឈ្មោះម្នាក់គឺលោក ហេង សិទ្ធី បានលាតត្រដាងពី អំពើពុករលួយរបស់ អតីតអភិបាល ខែត្រព្រះសីហនុ ដែលបច្ចុប្បន្នជា អភិបាល ខែត្រកណ្ដាល លោក គួច ចំរើន ហើយថែមទាំងប្ដឹងលោក គួច ចំរើន ពីបទពុករលួយការពារជនឧក្រិដ្ឋជនរកស៊ីខុសច្បាប់តាមអនឡាញទៅ អង្គភាពប្រឆាំងអំពើពុករលួយ «អេស៊ីយូ» (ACU) របស់លោក ឱម យ៉ិនទៀង ដោយស្នើសុំឱ្យបើកការស៊ើបអង្កេតករណីពុករលួយធ្ងន់ធ្ងរ។ នេះ យោងតាមសំណេរបង្ហោះក្នុង បណ្ដាញសង្គមហ្វេសប៊ុកគណនីផ្ទាល់ខ្លួនឈ្មោះ Sithy Heng របស់អតីត អ្នកឧកញ៉ា កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ចាប់តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មកអតីត អ្នកឧកញ៉ា ហេង សិទ្ធី បានសរសេរលាតត្រដាង ឬរិះគន់នៅក្នុង គណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់គាត់ឈ្មោះ « Sithy Heng » ថា លោក គួច ចំរើន ជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយក្នុងអាណត្តិដឹកនាំជា អភិបាល ខែត្រព្រះសីហនុ។ បន្ទាប់មកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លោកបានសរសេរជាចំហរាយការណ៍ប្ដឹងទៅ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំបើកការស៊ើបអង្កេតជាបន្ទាន់លើ អតីតអភិបាល ខែត្រព្រះសីហនុលោក គួច ចំរើន ដោយសារអំពើពុករលួយបានកើតឡើងនៅ ខែត្រព្រះសីហនុ កន្លងមក និងនៅក្នុង ខែត្រកណ្ដាល ដែលលោកកាន់តំណែងជា អភិបាលខែត្រ នៅ ពេលនេះ។

អតីត អ្នកឧកញ៉ា លោក ហេង សិទ្ធី បានឱ្យ បាយ៉ង់ថាមស៍ ដឹងតាមប្រព័ន្ធ ម៉េស៊ិនយ័រ (Messenger) ថា លោកពុំបានសរសេរជាពាក្យបណ្ដឹងដាក់ចូល អង្គភាពប្រឆាំងអំពើពុករលួយ នោះទេគឺសរសេរប្ដឹងតាម ប្រព័ន្ធហ្វេសប៊ុក វាគ្រប់គ្រាន់ណាស់ទៅហើយ។

លោក គួច ចំរើន អតីតអភិបាល ខែត្រព្រះសីហនុ សព្វថ្ងៃជា អភិបាល ខែត្រកណ្ដាល បានបកស្រាយឆ្លើយតប នឹងសំណេរបង្ហោះរបស់ អតីតអ្នកឧកញ៉ា ហេង សិទ្ធី តាមរយៈ សារព័ត៌មាន «ដើមអំពិល» កាលពីថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២៤ ថា « ខ្ញុំសូមធ្វើការបញ្ជាក់ថា ខ្ញុំពុំមាន លុយគ្រីបតូ ដូចការសរសេរបំផ្លើសបង្ហោះចែកចាយនោះទេ។ បើសិនមានអ្នកដឹងថា លុយគ្រីបតូ របស់ខ្ញុំនៅកន្លែងណា សូមទៅយកមកជូន មន្ទីរពេទ្យគន្ធបុប្ផា ចែកប្រជា ជនក្រីក្រ សាងសង់មន្ទីរពេទ្យ សាលារៀនទាំងអស់ចុះ។ ខ្ញុំត្រៀមខ្លួនចុះហត្ថលេខា ឬផ្ដិតមេដៃជូនគ្រប់ពេល »។

យោងតាមសំណេរនៅក្នុងប្រព័ន្ធ ហ្គូគហ្គឺល (google) ថា លុយគ្រីបតូ ជារូបិយបណ្ណឌីជីថឺល (Digital currency) ប្រើតាមប្រព័ន្ធអេឡិចត្រូនិច គឺមានតែតួលេខប៉ុណ្ណោះ ពុំមានជាក្រដាសសាច់ប្រាក់នោះទេ។ លុយគ្រីបតូ ជាភាសាអង់គ្លេស មានន័យថា គ្រីបតូ ឃ័រ៉ឹនស៊ី (Crypto currency) ដែលលុយនេះ វាចរាចរជាមួយអ្នកណាដែលមាន គណនី នៃប្រព័ន្ធលុយ គ្រីបតូ ដូចគ្នា ហើយប្រព័ន្ធនេះចរាចរ លុយគ្រីបតូ ដោយពុំមានការត្រួតពិនិត្យ ឬការបង់ពន្ធ និងឆ្លងកាត់ ធនាគារកណ្ដាល ដែលមានការត្រួតពិនិត្យត្រឹមត្រូវឡើយ។

មេធាវីម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានឱ្យ អង្គភាពយើងដឹងថា តាមផ្លូវច្បាប់ បណ្ដឹងសរសេរប្ដឹងជាចំហបែបនេះគេហៅថា បណ្ដឹងសាធារណៈ។ មេធាវីបញ្ជាក់ទៀតថា ការចាត់ការ ឬ មិនចាត់ការវាជា ឆន្ទានុសិទ្ធិរបស់ អង្គភាពប្រឆាំងអំពើពុករលួយ។ មិនត្រឹមតែបណ្ដឹងចំហបែបនេះទេសូម្បីតែ បណ្ដឹងអនាមិក ក៏អង្គភាពប្រឆាំងអំពើ ពុករលួយ បើកការស៊ើបអង្កេតបានដែរ។

អ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពសារព័ត៌យើង ពុំអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ។

គួររំឭកថា យោងតាមច្បាប់ ប្រឆាំងអំពើពុករលួយ អ្នកស៊ី និងអ្នកសូក មានទោសដូចគ្នា។ ជាពិសេសទទួលសំណូកពុករលួយចាប់ពី៥.០០០រៀល (ប្រាំពាន់រៀល) ក៏ត្រូវមានទោសទណ្ឌនោះដែរ៕