អតីតគ្រួសារយោធិនពិការដង្ហើយហៅអាជ្ញាធរខែត្រនិងរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ករណីគេរំលោភយកដី

0
187

ដោយៈ អធិបតី
កោះកុងៈ អតីតយោធិនពិការមួយគ្រួសារដែលរស់នៅក្នុង ភូមិថ្មពាង ហៅ ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខែត្រកោះកុង នាពេលថ្មីៗនេះបានដង្ហើយហៅថ្នាក់ដឹកនាំគឺលោកជំទាវ មិថុនា ភូថង អភិបាល ខែត្រកោះកុង និងប្រមុខ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយរកយុត្តិធម៌ជូនគ្រួសារពួកគាត់ ដោយសារគេរំលោភយកដីទាំងបំពាន។ អាជ្ញាធរភូមិឃុំនិងស្រុកបានរុញរឿងនេះដាក់គ្នាទៅវិញទៅមកដើម្បី ដោះយករួចខ្លួន។

បញ្ហាវិវាទដីធ្លីនេះបើយោងតាមការលើកឡើងពីលោក សៃ សៀន អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ម៊ូ នួយ អាយុ ៥៤ឆ្នាំដែលមានកូនក្នុងបន្ទុកចំនួន៨នាក់រស់នៅភូមិឃុំខាងលើ។ ពួកគាត់បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា ដីពួកគាត់មានទំហំជាង៥ហិកតាបានអាស្រ័យផលចាប់តាំងពី ឆ្នាំ២០០០ មកម្ល៉េះ។ បន្ទាប់មកនៅក្នុងអំឡុង ឆ្នាំ២០០៨ លោកក៍ត្រូវបានទទួលស្គាល់ពីអាជ្ញាធរ ភូមិថ្មពាង ឃុំជ្រោយប្រស់ ពេញសិទ្ធិ ហើយក៍បានចេញ បង្កាន់ដៃប្រើប្រាស់គ្រប់គ្រងដីធ្លីជូនថែមទៀតផង។ ក្រោយមកទៀតក្រុមគ្រួសារគាត់ក៍បានអាស្រ័យផលជា រៀងរហូតមក។ លុះដល់ឆ្នាំក្រោយៗមកលោកក៍បានធ្លាក់ខ្លួនឈឺដោយសារតែអំបែងគ្រាប់នៅក្នុងខ្លួនធ្វើទុក្ខ ខ្លាំងក៍មិនបានមកអាស្រ័យផលជាច្រើនឆ្នាំរហូតមកទល់បច្ចុប្បន្ន។

ពួកគាត់បន្តទៀតថា បន្ទាប់មកដីចំណុចត្រង់នោះត្រូវបាន រាជរដ្ឋាភិបាល កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ ហើយថែមទាំងមានផ្លូវខ្វែងខ្វាតទៀត។ លោកក៍បានធូរស្រាលពីជំងឺក៍បន្តទៅអាស្រ័យផលដូចដើមវិញតែនៅ ក្នុងពេលចូលទៅអាស្រ័យផលដូចជា រៀបចំធ្វើរបងព្រំដី និងធ្វើខ្ទមសម្រាប់រស់នៅនោះក៍ស្រាប់តែមានការ ឈូសឆាយ ដីដើម្បីអាស្រ័យផល ថែមទាំងធ្វើរបងព្រំដីដោយមានគេមកអះអាងថា ដីនោះជាដីរបស់គេទៅ វិញ…។

លោក សៃ សៀន បានបន្តទៀតថា អ្នកដែលបានរំលោភយកដីគាត់ឈ្មោះ តាសម្បត្តិ ជាញាតិមិត្តរាប់អានគ្នា។ តាសម្បត្តិ រស់នៅមានព្រំដីជាប់គ្នានឹងលោកទៀតផង។ ឈ្មោះ តាសម្បត្តិ នោះគ្មានឯកសារជាក់លាក់ណា មួយយកមកបង្ហាញអាជ្ញាធរឃុំស្រុកនោះឡើយ។

ក្រោយពីមានវិវាទដីធ្លីនឹងគ្នាមកលោក សៃ សៀន បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំដើម្បីឲ្យជួយដោះស្រា យជាច្រើនលើកច្រើនដងយ៉ាងណាក៍បញ្ហាទំនាស់ដីធ្លីនៅតែអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ លោកមិនដឹង ថា បុគ្គលដែលបានរំលោភយកដីរបស់គាត់ត្រូវជាមួយនឹងអាជ្ញាធរឃុំស្រុកដែលមានអាថ៌កំបាំងអ្វីនោះទេ។ ក៍ប៉ុន្តែអាជ្ញាធរដែនដីធ្វើព្រងើយ ហើយរឿងនេះបានរុញដាក់គ្នាទៅវិញទៅមកពុំព្រមដោះស្រាយឲ្យចប់នោះទេ ។ លោកធ្លាប់បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាឃុំជាញឹកញាប់ តែមិនបានដោះអ្វីឡើយដោយទុកឲ្យក្រុមគ្រួ សាររបស់លោករងគ្រោះរហូតមកដល់សព្វថ្ងៃនេះ។

លោក ភុំ ធឿន មេឃុំជ្រោយប្រស់ បានប្រាប់អ្នកយកព័ត៌មានថា លោកពុំដែលបានទទួលពាក្យបណ្ដឹងពីលោក សៃ សៀន មានរឿងវិវាទដីធ្លីនឹង តាសម្បត្តិ នោះទេដោយគ្រាន់តែលោក សៃ សៀង ទៅប្ដឹងផ្ទាល់មាត់តែ ប៉ុណ្ណោះកន្លងមក។

ចំណែកលោក ជា សាវី អភិបាល នៃគណៈអភិបាល ស្រុកកោះកុង បានឱ្យដឹងថា ចំពោះរឿងរ៉ាវវិវាទដីធ្លីនេះ លោកបានដឹងហើយ។ លោកក៍បានដាក់បទបញ្ជាឲ្យ មេឃុំជ្រោយប្រស់ ដោះស្រាយជូនពួកគាត់ហើយដែរ។ បើដោះស្រាយមិនបានសូមឱ្យភាគីដើមចោទទៅដាក់ពាក្យបណ្ដឹងនឹងអាជ្ញាធរឃុំម្ដងទៀត។ បើអាជ្ញាធរឃុំនៅ តែពុំព្រមរកដំណោះស្រាយជូនពួកគាត់ទេ សូមឱ្យក្រុមគ្រួសារជនរងគ្រោះចូលមកកាន់សាលា ស្រុកកោះកុង នឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយផ្ទាល់ដៃដើម្បីចាត់ការផ្លូវច្បាប់។

 

គួរបញ្ជាក់ថា រឿងវិវាទដីធ្លីរនេះ គឺបានអូសបន្លាយជាយូរឆ្នាំមកហើយនៅតែដោះស្រាយមិនចេញ។ ដោយសារ ដីធ្លីសព្វថ្ងៃមានតម្លៃខ្ពស់ធ្វើឱ្យទំទាស់ក៍កើតមានឡើងស្ទើរគ្រប់ទីកន្លែងអីចឹងដែរ ជាពិសេសអ្នកមានលុយ និង មានអំណាច តែងតែធ្វើបាបជិះជាន់ប្រជារាស្ត្រីក្រីក្រទន់ខ្សោយ៕