អតិថិជនទិញផ្ទះបុរី PTគម្រោងទី២ព្រួយបារម្ភរឿងបង់លុយរួចយូរហើយតែពុំមានសកម្មភាពសាងសង់អ្វីសោះ

0
458

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ បន្ទាប់ពីបង់លុយរួចហើយអតិថិជនដែលទិញផ្ទះបុរី PT គម្រោងទី២បានសម្តែងការព្រួយបារម្ភភ័យ ខ្លាចក្រុមហ៊ុនមិនសាងសង់ផ្ទះខណៈដែលក្រុមហ៊ុននេះមិនទាន់មានសកម្មភាពអ្វីទាល់តែសោះ។ ប៉ុន្តែភាគីបុរី PT បានអះអាងថា ក្រុមហ៊ុនបានចាក់ដីនិងធ្វើផ្ទះគំរូហើយដាច់ខាតត្រូវតែធ្វើ។

បុរី PT គម្រោងទី២មានទីតាំងស្ថិតនៅ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តោល ដែលមានផ្ទៃដីទំហំ៣៥ហិកតា ហើយមានគម្រោងសាងសង់វីឡាទោលជាង១០០០ខ្នង។ អតិថិជនទិញផ្ទះបុរី PT គម្រោងទី២បានប្រាប់ឲ្យដឹង នៅល្ងាចថ្ងៃទី២៩ ខែធ្នូ នេះថា “ពួកខ្ញុំគឺជាអតិថិជនដែលបានបង់លុយផ្ដាច់និងបង់រំលោះ។ ម្ចាស់គម្រោង សន្យាថានឹងសាងសង់ផ្ទះឱ្យរួចរាល់ក្នុងរយៈពេល១៤ខែ។ ប៉ុន្តែតាំងពីពួកយើងបង់លុយរួចរាល់ ខែកញ្ញា រហូតមកដល់ចុង ខែធ្នូ នេះមិនមានសកម្មភាពចាក់បំពេញដីដើម្បីមានការសាងសង់អ្វីនោះទេ។

ប្រភពបន្តទៀតថាថ្មីៗនេះពួកយើងគ្រាន់តែឃើញមានការសាងសង់ផ្ទះគំរូដែលកំពុងសាងសង់និងចាក់ដីនៅជុំវិញផ្ទះគំរូបន្តិចបន្តួចតែប៉ុណ្ណោះ។ក្រៅពីនេះដីបុរីដែលត្រូវសាងសង់ជាង១០០០ខ្នងនៅតែជាដីវាលស្រែដដែល។ ពួកយើងខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះប្រាក់ដែលបានបង់ជាមួយបុរីដោយសារតែវាមិនសមហេតុផល
ទាល់តែសោះដែលផ្ទះរាប់ពាន់ខ្នងមិនទាន់មានសកម្មភាពសាងសង់សោះហើយពេលវេលាដែលសន្យាជាមួយអតិថិជនក៍កាន់តែខិតជិតមកដល់”។

ប្រជាពលរដ្ឋបន្តថា “ពេលអតិថិជនសួរបុគ្គលិកបុរីអំពីមូលហេតុយឺតយ៉ាវ ពួកគេមិនអាចឆ្លើយដូចគ្នានោះទេ។ អ្នកខ្លះថា មកពីភ្លៀងដីនៅសើមពិបាកចាក់ដី។ អ្នកខ្លះទៀតថាមកពីដីស្រែប្រជាជនមិនទាន់ច្រូតយកផលស្រូវ។ អ្នកខ្លះថា ថៅកែមិនអាចនិយាយថ្លៃដីដែលត្រូវទិញមកចាក់បំពេញបានព្រោះតម្លៃដីថ្លៃ ហើយអ្នកខ្លះក៍ទៀត
ថាថៅកែដែលជាភាគហ៊ុនមានការឈ្លោះទាស់ទែងផ្ទៃក្នុង។ពួកខ្ញុំគាត់ធ្លាប់បានទូរស័ព្ទសួរម្ចាស់គម្រោងគឺលោក ប្រាក់ ប៊ុនធឿន ប៉ុន្តែគាត់ឆ្លើយសន្យាមិនច្បាស់លាស់ដូចគ្នា”។

ជាការឆ្លើយតបលោក ប្រាក់ ប៊ុនធឿន ម្ចាស់គម្រោងបុរី PT បានបញ្ជាក់ថា ” គម្រោងទី២ យើងកំពុងចាក់ដី និងធ្វើផ្ទះគំរូហើយ។ ក្រុមហ៊ុននិងអ្នកទិញសុទ្ធតែមានកុងត្រាជាមួយគ្នា។ យោងតាមកុងត្រាក្រុមហ៊ុនមិនធ្វើឲ្យ យឺតទេគ្រាន់តែការអភិវឌ្ឍរបស់យើងវាមានពេលវេលា ហើយយើងកំពុងតែបង្ហើយគម្រោងទីមួយ ហើយគ ម្រោងទី២ មិនមែនថា យើងមិនទាន់ធ្វើទេ ប៉ុន្តែអានេះជាអារម្មណ៍របស់ភ្ញៀវទេ។ ឥឡូវចាក់ដីធ្វើផ្ទះគំរូប៉ុន្តែភាព ពិតរបស់យើងដាច់ខាតត្រូវតែធ្វើព្រោះយើងមានកុងត្រាជាមួយគាត់ (អតិថិជន) “។

លោកបញ្ជាក់ទៀតថា “ពេលខ្លះគាត់ធ្វើបំពានកុងត្រា ក៍វាជះឥទ្ធិពលដល់គម្រោងរបស់ក្រុមហ៊ុនដែរ។ ក្នុងកុង ត្រាមិនទាន់ដល់ពេលទទួលផ្ទះគាត់ធ្វើទៅជាព័ត៌មានវាប៉ះពាល់ដល់កិត្ដិយសរបស់ក្រុមហ៊ុនយើងសុទ្ធតែមាន កុងត្រាលក្ខខណ្ឌត្រឹមត្រូវ”៕