អង្គការស៊ីអិនរ៉ូនិងតំណាងសហគមន៍ស្នើសុំសម្ដេចតេជោជួយសង្គ្រោះ«ព្រៃកោងកាង»កំពុងតែរងនូវការគំរាមកំហែង

0
399

ដោយៈ អធិបតី
ភ្នំពេញៈ ដីព្រៃកោងកាងដ៏ក្រាស់ឃ្មឹកខៀវខ្ចីស្រស់បំព្រងមើលទៅដាច់កន្ទុយភ្នែក ដែលជាដែននេសាទនៃសហ គមន៍នេសាទព្រៃនប់២ និងជាព្រៃកោងកាងការពារដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានទំហំប្រ មាណជាង៣០ហិកតាស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ត្រូវបាន មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្លង់រឹងគ្របលើឱ្យទៅបុគ្គលមានទ្រព្យម្នាក់រស់នៅ រាជធានីភ្នំពេញ។

ព្រៃកោងកាងដ៏ស្រស់បំព្រងនេះ ជាតំបន់ជម្រកជីវៈចម្រុះធម្មជាតិ ជាអេកូទេសចរណ៍ និងជាកន្លែងប្រកបមុខ របរចិញ្ចឹមជីវិតរបស់ ក្រុមអ្នកនេសាទក្រីក្រ។ ជាពិសេស ព្រៃកោងកាង ដើរតួនាទីដ៏សំខាន់ជាង ព្រៃឈើនានា ក្នុងការស្រូបឧស្ម័នកាបូនិក (ខ្សល់ពុល) ពេលថ្ងៃ និងបំភាយឧកស៊ីសែន (ខ្យល់ត្រជាក់បរិសុទ្ធ) ដ៏ប្រសើរជាង គេបំផុតសម្រាប់ជីវិតមនុស្សទូទៅ។ ហេតុដូច្នេះតើវាស័ក្ដិសមទេ? ទទួលយកបានទេដែលសម្បត្តិធម្មជាតិ រួម នេះត្រូវបុគ្គលម្នាក់យកទៅធ្វើជាកម្មសិទ្ធិឯកជន ?

ដោយមើលឃើញនូវសារសំខាន់ នៃព្រៃកោងកាង នេះហើយទើប អង្គការស្រាវជ្រាវជាតិកម្ពុជា ហៅថា ស៊ីអិនរ៉ូ (CNRO) និងតំណាងសហគមន៍ បានទទូចស្នើសុំទៅរដ្ឋបាល ខែត្រព្រះសីហនុ ក្រសួងរៀបចំដែនដី ជាពិសេ សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយសង្គ្រោះ ឬរំដោះព្រៃកោងកាងទាំងនេះផង ព្រោះវា កំពុងតែទទួលរងនូវការគំរាមកំហែងដោយប្រឈមនឹងការរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនតាមរយៈការ សាងសង់ផ្ទះត្រចៀកកាំទេសចរណ៍។

តំបន់ព្រៃកោងកាងដ៏ក្រាស់ឃ្មឹក នៃសហគមន៍នេសាទព្រៃនប់២ ត្រូវបានលោក ចេង ស្រុង ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុ បច្ចប្បន្នបន្តចរន្តការចាស់ផ្លាស់ប្ដូរបណ្ណចាស់ ចេញបណ្ណ ទម្រង់ថ្មីជា «ប្លង់រឹង» ជូនបុគ្គលម្នាក់គ្របលើដោយសំអាងនៅក្នុង សេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនបំភ្លឺប្រាប់ កាសែត «បាយ៉ង់ថាមស៍» និងមហាជនទូទៅ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា នៅតំបន់ព្រៃកោង កាង ដ៏ក្រាស់ឃ្មឹកនេះកាលពី ឆ្នាំ១៩៩៥ គឺជាដីស្រែគ្រប់គ្រងដោយពលរដ្ឋ៨គ្រួសារ ហើយមានទាំងប្លង់កម្ម សិទ្ធិ១០បណ្ណថែមទៀតផង តែក្រោយមកវាក៍បានបាក់ទំនប់ទឹកប្រៃហូរចូលដុះព្រៃកោងកាងតែម្ដង។

លោក ចេង ស្រុង ប្រធានមន្ទីរ មិនបានបញ្ជាក់អំពីទំនប់ទឹកប្រៃនោះថា តើគេកសាងឡើងនៅឆ្នាំណា ? វាមាន ទំហំ ទទឹង បណ្ដោយ និងប្រវែង ប៉ុន្មាននោះទេ? ក៍ប៉ុន្តែបើយើងក្រឡេកទៅមើលពីការរៀបរាប់របស់លោក នៅក្នុង សេចក្ដីប្រកាសព័ត៌មាន ឯណោះវិញគឺមានការយកចិត្តទុកដាក់ នឹងប្រជាពលរដ្ឋចំនួនតែ៨គ្រួសារ យ៉ាងខ្លាំងសម្បើមណាស់ពោលគឺចាប់ពី ឆ្នាំ១៩៩៥ ឆ្នាំ២០០៥ ឆ្នាំ២០០៨ ឆ្នាំ២០១០ និងរហូតដល់ ឆ្នាំ២០២១ គឺមានការព្យាយាមធ្វើបណ្ណជូនពួកគាត់តាំងពី ប្រធានមន្ទីរចាស់លោក សូ សុខ រហូតដល់លោក ចេង ស្រុង បន្តចរន្តការចាស់ម្ដងហើយម្ដងទៀត។ ការយកចិត្តទុកដាក់ព្យាយាមធ្វើបណ្ណជូនពលរដ្ឋ៨គ្រួសារនេះធ្វើឱ្យម ហាជនទូទៅចាត់ទុកថា ជារឿងភូកកុហកខុសទំនងផ្ទុយពីការពិតដែលថា ដីស្រែមាននៅក្នុង ព្រៃកោងកាង។ ព្រោះលោកប្រធានមន្ទីរជឿតែ «របាយការណ៍ក្រូមេ» ហើយវាខុសពីការពិតជាក់ស្ដែង។

ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ បានចេញប្លង់កម្មសិទ្ធិទាំង៧បណ្ណនេះទៅឱ្យលោក មាស សូលឡុង ស្ថិតក្នុងតំបន់ព្រៃកោងកាង ដែលត្រូវការពារ។ ប៉ុន្តែការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មិនមាន អនុក្រឹត្យកាត់ចេញពី គម្របព្រៃឈើ ឆ្នាំ២០០២ ឬដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋស ម្រាប់ប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋឡើយ។ ការចេញប្លង់រឹងទាំង៧បណ្ណរបស់មន្ទីរទៅឱ្យឈ្មោះ មាស សូលឡុង នោះ បើគ្មានការឯកភាពពីលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ ទេគឺពុំអាចទៅរួចឡើយ។

បើយោងតាម ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញលិខិតលេខ៦១៦ សជណ.កសកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និង រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា «ករណីរបាយការណ៍ ស្ដីពីស្ថានភាព ព្រៃកោងកាង តាមតំបន់ឆ្នេរនៃប្រទេ សកម្ពុជា រាជរដ្ឋាភិបាល ជូនឯកឧត្ដម ជា សុផារ៉ា ផ្ដល់មតិសំខាន់លើចំណុចទី២ «និរាករណ៍ឬដកហូតបណ្ណ កម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរ ដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីនៃ ខែត្រទាំង៤ (ខែត្រកំពត ខែត្រកែប ខែត្រព្រះសីហនុ និង ខែត្រកោះកុង) ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង»។ ដូច្នេះចាប់ពី ឆ្នាំ២០១៦ មកគេពុំឃើញមានលិ ខិតណាមួយមកលុប សជណ នេះនៅឡើយទេមកដល់បច្ចុប្បន្ននេះ។

រដ្ឋបាល ខែត្រព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញ លិខិតបង្គាប់ការ ចុះហត្ថលេខា ដោយលោក គួច ចំរើន អភិបាលខែត្រ ដែលមានប្រធាន អនុប្រធាន និងសមាជិកយ៉ាងតិច១២នាក់មកពី គ្រប់មន្ទីរជំនាញដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរង ខែត្រព្រះសីហនុ ជាប្រធាន ដើម្បីចុះពិនិត្យ វាយតម្លៃ និងកំណត់អត្តសញ្ញាណដីដែលមានទីតាំង ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ តាមការស្នើសុំ ធ្វើអាជីវកម្មពីឈ្មោះ មាស សូលឡុង ។ ក៍ប៉ុន្តែពួកគេបំភ្លេច មន្ទីរបរិស្ថាន មួយចោលក្នុងគម្រោងការបំផ្លាញ ធនធានធម្មជាតិ ព្រៃលិចទឹក និងព្រៃកោងកាង ជាប់សមុទ្រមួយនេះ។

ដោយទំនងជាមានឥទ្ធិពលអ្វីមួយទើបធ្វើឱ្យលោក គួច ចំរើន អភិបាលខែត្រ ចេញលិខិតឱ្យទៅលោក មាស សូលឡុង យ៉ាងលឿនបំផុតដោយនៅក្នុងកម្មវត្ថុករណីស្នើសុំ សម្អាតដីទំហំ៣០៦.៦៩២ម៉ែត្រការ៉េ មានទីតាំង ស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ដើម្បីអភិវឌ្ឍន៍ជា សួនអភិរក្សសត្វត្រចៀកកាំទេសចរណ៍។

រដ្ឋបាល ខែត្រព្រះសីហនុ បានចេញលិខិតលេខ៩៩៥/២១ សជណយ៉ាងប្រញាប់ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាបទៅលោក មាស សូលឡុង មានអាសយដ្ឋានផ្ទះលេខ៣០៨ ផ្លូវលេខ៩៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថា «រដ្ឋបាល ខែត្រព្រះសីហនុ អនុញ្ញាតឱ្យលោកសម្អាតទីតាំងសាងសង់ផ្ទះត្រចៀកកាំ ដើម្បី អភិវឌ្ឍន៍ជាសួនអភិរក្សសត្វត្រចៀកកាំទេសចរណ៍លើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧បណ្ណ រួមមាន ក្បាលដីលេខ០៣៣៤, ០៣៣៥, ០៣៣៩, ០៣៤០, ០៣៤១, ០៣៤២, ០៣៤៣ ស្មើនឹងទំហំផ្ទៃដីសរុប ជាង៣០ហិកតាស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

ទន្ទឹមនឹងនេះ មុនពេលសាងសង់ផ្ទះត្រចៀកកាំ លោក មាស សូលឡុង ត្រូវអនុវត្តតាមការណែនាំ ដូចខាង ក្រោម គឺទី១.ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងភាគីជាប់ព្រំ ដើម្បីកំណត់ព្រំដី មុនអនុវត្តគម្រោងសាងសង់ផ្ទះត្រចៀកកាំ។ ទី២.ត្រូវរៀបចំប្លង់គោលគម្រោងអភិវឌ្ឍន៍ដាក់មករដ្ឋបាល ខែត្រ ព្រះសីហនុ ដើម្បីពិនិត្យនិងសម្រេច។ ទី៣.ត្រូវរក្សាទុកព្រៃកោងកាងនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួនឱ្យនៅសភាព ដើមក្នុងករណីទីតាំងដីមិនទាន់ធ្វើការអភិវឌ្ឍន៍ និងទី៤.ចំពោះការអភិវឌ្ឍន៍ម្ចាស់សំណើត្រូវអនុវត្តជាជំហានៗ។

ផ្ទុយទៅវិញ បើយោងតាមរបាយការណ៍ មន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខែត្រព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការចុះពិនិត្យវាយតម្លៃ និងកំណត់អត្តសញ្ញាណដី ដែលមានទីតាំងនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ តាមការចង្អុលបង្ហាញរបស់ឈ្មោះ មាស សូលឡុង ជាម្ចាស់ដី។ ផ្អែកលើលទ្ធផលនៃ ការចុះពិនិត្យជាក់ស្តែង មន្ទីរកសិកម្មខែត្រ បានដំឡើងផែនទី និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ គឺលទ្ធផលនៃការ ចុះពិនិត្យជាក់ស្តែងបានបង្ហាញថា «គ្របដណ្តប់ដោយព្រៃកោងកាងទាំងស្រុង មានសភាពក្រាស់ ដុះលូតលា ស់ល្អ និងមានប្រភេទចម្រុះដូចជា កោងកាង ក្រញឹបស ក្រញឹបក្រហម ប្រសាក់ ឈើជ័រ បើស អម្ពរ អម្គា»។ល។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ខែត្រ បន្តថា «លទ្ធផលបាន គណនាតាម ជីអាយអេស (GIS) ការគណនាតាម ជីធីអេស (GTS) បង្ហាញថា ក្បាលដីទាំង៧បណ្ណដែលមានទំហំសរុប ៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ ស្ថិតនៅក្នុងគម្របព្រៃឈើ ឆ្នាំ២០០២ ដែល មានទំហំ ២៣៨.៨៧៥ម៉ែត្រការ៉េ។ ម៉្យាងទៀតក្បាលដីទាំង៧បណ្ណនេះស្ថិតក្នុង ផែនទីព្រៃកោងកាង ទំហំ ២៦៥.៨១៣ម៉ែត្រការ៉េ។ ដោយឡែកក្បាលដីលេខ៣៣៩ ទំហំ៤៥.០៨១ និងលេខ៣៤០ ទំហំ៥៦.៣៩០ម៉ែត្រ ការ៉េ ត្រូវបានផ្ទេរបណ្ណនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ទីតាំងទាំង៧ក្បាលដីនេះស្ថិតក្នុងគម្របព្រៃឈើ ឆ្នាំ២០០២ និងស្ថិតក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារ។ ប៉ុន្តែការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អច លនវត្ថុ ទាំងអស់នេះមិនមានអនុក្រឹត្យកាត់ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ឬដីព្រៃកោងកាង ដើម្បីធ្វើអនុប យោគ ជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ នោះទេ»។

ដោយមានការឈឺឆ្អាលស្រឡាញ់បរិស្ថានធម្មជាតិយ៉ាងខ្លាំងខ្លាលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវ ជាតិកម្ពុជា ហៅថា ស៊ីអិនរ៉ូ បានលើកឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះថា ទីតាំងនេះគ្របដណ្ដប់ទៅដោយ ព្រៃកោងកាង ដែលមានជីវៈចម្រុះ មានទូកនេសាទ រកត្រី ក្ដាម ខ្យង នៅក្នុ្ងងតំបន់នេះ។ សហគមន៍នេសាទ ព្រៃនប់២ ត្រូវបានពលរដ្ឋក្រីក្រមកអាស្រ័យផលជារៀងរាល់ថ្ងៃ។ ថ្មីៗនេះបែរជាតំបន់ព្រៃកោងកាងគ្របដណ្ដប់ ទៅដោយបណ្ណកម្មសិទ្ធិ៧ក្បាលដីពីបុក្គលម្នាក់ទៅវិញ។ រដ្ឋបាលខែត្រដឹងថា តំបន់នេះគ្របទៅដោយព្រៃកោង កាង សហគមន៍នេសាទព្រៃនប់២ ហើយម្ដេចបានអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍? ដូច្នេះបើក្រុមហ៊ុនមិនទាន់ អភិវឌ្ឍន៍ គឺមិនទាន់បានកាប់ព្រៃកោងកាង នោះទេ។ ចុះបើមានការអភិវឌ្ឍន៍គេនឹងកាប់ ព្រៃកោងកាង ចោល ចាក់ដីលុបដោយស្របច្បាប់។

ទាក់ទងចំណុចខាងលើលោក សុខ សុខុម បានសំណូមពរឱ្យរដ្ឋបាល ខែត្រព្រះសីហនុ ពិចារណាឡើងវិញទៅ លើបណ្ណកម្មសិទ្ធិទាំង៧ប្លង់ដែលគ្របដណ្ដប់ទៅលើ ព្រៃលិចទឹកនិងព្រៃកោងកាង គឺសូមឱ្យពិនិត្យទិន្នន័យ ដែលស្ថិតនៅលើ ដីព្រៃកោងកាង សូមឱ្យសម្រួលកាត់ឆ្វៀលចេញវិញទៅ។ ព្រៃកោងកាង ជាជីវៈចម្រុះធម្មជាតិ និងជាកន្លែងមុខរបរប្រជានេសាទរកត្រីក្ដាមខ្យង។ល។ គេក៍ចាត់ទុកទីនេះជាតំបន់អេកូទេសចរណ៍ធម្មជាតិ ទៀតផង។

លោក សុខុម លើកឡើងទៀតថា តំបន់នេះជា «សួនកោងកាងអាពាហ៍ពិពាហ៍» ដែលយើងមើលពីលើប៉មទៅ មានទេសភាពស្រស់ស្អាតណាស់។ បច្ចុប្បន្នមិនទាន់មានការកាប់ឆ្កាទេ ដល់ពេលគេវិនិយោគនឹងកាប់ឆ្កាចាក់ ដីលុបអស់ទៅវានឹងបាត់បង់ធនធានធម្មជាតិព្រៃកោងកាង ដែលជាជម្រកជីវៈចម្រុះ។

ប្រធាន អង្គការស៊ីអិនរ៉ូ ក៍ដូចប្រជានេសាទ នៃសហគមន៍នេសាទព្រៃនប់២ សូមឱ្យរដ្ឋបាល ខែត្រព្រះសីហនុ ក៍ដូចជា ក្រសួងរៀបចំដែនដី និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយ ពិនិត្យមើលបណ្ណ៧ប្លង់នេះឡើងវិញឱ្យដូច ដីព្រៃលិចទឹក នៃបឹងទន្លេសាប ផងដែរ។ ពីព្រោះវាមានជាប់ពាក់ ព័ន្ធដីព្រៃកោងកាងសហគមន៍ទាំងអស់។ សូមសម្រួលទិន្នន័យដីព្រៃកោងកាងនេះឡើងវិញ ហើយអ្វីដែលមិន ជាប់ពាក់ព័ន្ធនឹងព្រៃកោងកាង គឺដីគោកសូមឱ្យម្ចាស់ដីអាស្រ័យផលតាមការជាក់ស្ដែងចុះ។

មានការហួសចិត្តនឹង សេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ បុរសខ្មែរអ៊ិស្លាមម្នាក់ រស់នៅក្បែរ តំបន់ព្រៃកោងកាង បានលើកឡើងនៅក្នុងទំព័រពត៌មាន បាយ៉ង់ថាមស៍ ថា« អីក៍ច្បាស់ម្ល៉េះខ្ញុំនៅទី ហ្នឹងក្បែរ៣០ឆ្នាំ តាំងពីជំនាន់ជីដូនខ្ញុំនៅមានជន្មាយុបើសិនមកទល់ពេលនេះគាត់អាយុ១០០ឆ្នាំប្លាយ ហើយ គាត់ប្រាប់ឪពុកម្ដាយខ្ញុំថា ព្រៃនេះជាព្រៃកោងកាងចម្រុះ ហើយជាព្រៃលិចទឹក រហូតដល់សព្វថ្ងៃ គ្មានពីណាទៅ ធ្វើស្រែក្នុងព្រៃកោងកាងកើតទេកុំចេះតែនិយាយឱ្យតែរួច…»។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជាសំឡេងបញ្ជាលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ដឹកនាំគណៈកម្មការចម្រុះក្រសួងពាន់ព័ន្ធ មានទាំងកងកម្លាំងប្រដាប់អាវុធប៉េអឹមផងនោះចុះ ទៅ សង្គ្រោះឬរំដោះព្រៃលិចទឹក នៃបឹងទន្លេសាប ដែលកំពុងតែរងគ្រោះពីការរំលោភបំពានកាប់ទន្ទ្រានយកដី ធ្វើកម្មសិទ្ធិយ៉ាងវិនាសហិនហោច។ ក៍ប៉ុន្តែប្រជាពលរដ្ឋទូទៅក៍ដូចជា អង្គការក្រៅរដ្ឋាភិបាល មួយចំនួនក៍បាន ទទូចស្នើសុំសម្ដេចមេត្តាចាត់វិធានការទៅលើ អ្នករំលោភបំពានចាប់យកដីព្រៃលិចទឹក និង ព្រៃកោងកាង ខាង សមុទ្រផងដែរ គឺព្រៃកោងកាង ដែលជាជម្រកជីវៈចម្រុះ និងជាអេកូទេសចរណ៍ធម្មជាតិដ៏កម្រនៅកម្ពុជា៕