ព្រៃវែងៈ ពលរដ្ឋជាមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ពិតជាមានការសប្បាយរីករាយខ្លាំង នៅពេលឃើញវត្តមានអគារលំដាប់ស្តង់ដារអន្តរជាតិមួយខ្នង៦បន្ទប់ដែលមានតម្លៃដប់ម៉ឺនដុល្លារចាប់ផ្ដើមបើកការដ្ឋានសាងសង់ដែលជាតម្រូវការរបស់សិស្សានុសិស្សកំពុងតែជួបការខ្វះសាលាអគារសិក្សា។
ពិធីបើកការដ្ឋាននេះបានធ្វើឡើងនៅត្រង់ សាលាបឋមសិក្សាស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោកបណ្ឌិត ភីត ថឺលី និងលោកស្រី ឆាយ លីណា ព្រមទាំងក្រុមការងារជាច្រើននាក់និងការចូលរួមពីលោក ហ៊ី ធួក អភិបាល ស្រុកពារាំង លោក ផែង អូន ប្រធានការិយាល័យអប់រំស្រុក លោកគ្រូអ្នកគ្រូ លោកតា លោកយាយ ពលរដ្ឋសរុបប្រមាណជាង១០០នាក់។ អគារមតេយ្យនេះជាជំនួយរបស់លោកបណ្ឌិត ភីត ថឺលី និងលោកស្រី ឆាយ លីណា ដែលត្រូវចំណាយថវិកាប្រមាណជា១០ម៉ឺនដុល្លារអាមេរិក។
ស្ថិតក្នុងឱកាសនោះលោក ផែង អូន ប្រធានការិយាល័យអប់រំ យុវជននិងកីឡា ស្រុកពារាំង បានថ្លែងអំណរ គុណចំពោះលោកបណ្ឌិត ភីត ថឺលី និងលោកស្រី ឆាយ លីណា ដែលបានផ្ដល់អគារសិក្សាមួយខ្នង៦បន្ទប់លំដាប់ស្តង់ដារដល់ ស្រុកពារាំង។ លោក ផែង អូន បានបញ្ជាក់ទៀតថា តាមប្លង់បន្ទប់នីមួយៗនៃអគារនេះ មានបិទការ៉ូទាំង៦បន្ទប់ ទីធ្លាធំស្តង់ដារខ្ពស់ និងមានបន្ទប់ទឹកស្អាតសង់នៅជិតអគារទៀតផង។ ពោលគឺឃើញតែប្លង់ក៍ដឹងថា ស្អាតដែរហើយលោកមិននឹកស្មានថា មានជំនួយខ្នាតធំនិងល្អបែបនេះសម្រាប់សិស្សមតេយ្យសិក្សានៅ ស្រុកពារាំង នេះទេ។
លោក ផែង អូន បានចាត់ទុកថា នេះជាសំណាងធំណាស់សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសិស្សានុ សិស្សដែលកំពុងត្រូវការអគារសិក្សា។ លោកបញ្ជាក់ថា បច្ចុប្បន្នអគារសិក្សានៅ ស្រុកពារាំង សរុប១៧៨ខ្នងស្មើ៧៥៤បន្ទប់ដោយមិនទាន់គិតចូលអគារថ្មីនេះទេ ដែលមានគ្រូសរុប៧៩៦នាក់សាលារៀនមានចំនួន ៦៦សាលា សិស្សសរុប២៤,៩២៤នាក់ ស្រី១២៣៥០នាក់។
លោកស្រី ឯក សុវណ្ណតារា នាយិកាសាលាបឋមសិក្សាស្នាយពល បានឲ្យដឹងថា សាលាមតេយ្យរបស់លោកស្រីមានអគារមួយខ្នងបីបន្ទប់សិស្សចំនួន១៩៥នាក់។ សិស្សមករៀនបីភូមិគឺ ភូមិស្នាយពល ភូមិរកា ភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ជាមួយគ្នានោះលោកបណ្ឌិត ភីត ថឺលី បានថ្លែងថា បានជាលោកសម្រេចចិត្តជួយសាងសង់អគារនេះ ក៍ព្រោះតែលោកនឹកឃើញអតីតកាលជំនាន់៣ឆ្នាំ ៨ខែ ២០ថ្ងៃ សម័យ ប៉ុល ពត ដែលធ្លាប់កំសត់កម្ររស់នៅ ស្រុកពារាំង ហើយពេលនោះលោកត្រូវគេយកទៅសម្លាប់ចោល ប៉ុន្តែសំណាងល្អមានមនុស្សម្នាក់នៅ
ស្រុកពារាំង ជួយរូបលោកទើបលោកអាចគេចផុតពីសេចក្ដីស្លាប់។ ក្រោយផុត ឆ្នាំ១៩៧៩ លោកបានចេញមករស់នៅឯ ទីក្រុងភ្នំពេញ រហូតសព្វថ្ងៃរកស៊ីមានបាន។
លោកបន្តទៀតថា ពោលគឺលោកនឹកគុណអ្នកជួយជីវិតលោក និងដឹងគុណទឹកដីធ្លាប់រស់នៅគួបផ្សំ និងឃើញអគារមតេយ្យនៅទីនោះមានសភាពចាស់ទ្រុតទ្រោម ទើបសម្រេចចិត្តចំណាយថវិកាផ្ទាល់ខ្លួនខ្ទង់១០ម៉ឺនដុល្លារក្នុងការសាងសង់អគារថ្មីមួយខ្នងប្រាំមួយបន្ទប់ជូនសិស្សានុសិស្សតែម្ដង។
លោកបណ្ឌិត ភីត ថឺលី ន្ថែមថា ការដ្ឋានសាងសង់អគារមតេយ្យមួយខ្នង៦បន្ទប់នៅក្នុង សាលាបឋមសិក្សាស្នាយពល នេះត្រូវចំណាយរយៈពេលសាងសង់អស់រយៈពេលបីខែ។ លោកថាមិនចប់ត្រឹមប៉ុណ្ណឹងទេលោក នឹងជួយសាងសង់បន្លែមទៀតបើតម្រូវការចាំបាច់មានទីធ្លាទំនេរសម្រាប់ធ្វើ៕