កំពង់ចាម: ស្ត្រីរងគ្រោះម្នាក់ក្នុងអំពើគំរាមសម្លាប់ដោយអាវុធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ពីសំណាក់ជនសង្ស័យជានគរបាលថ្នាក់វរសេនីយ៍ត្រីម្នាក់ចំនួនពីរលើកនៅក្នុងផ្ទះល្វែងជាប់គ្នាក្នុង បុរីពិភពថ្មី ក្រុងកំពង់ចាម គឺនៅតែរស់នៅសម្ងំលាក់ខ្លួនក្រៅផ្ទះដោយការភ័យខ្លាចនិងបាត់បង់ចំណូលប្រចាំថ្ងៃ។
បញ្ហាទាំងអស់នេះដោយសារតែពាក្យបណ្តឹងប្តឹងលើកទី១កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និងគំរាមកំហែងលើជនសង្ស័យដដែលនេះខាងតុលាការបានចេញដីកាកោះហៅជនម្នាក់នេះចំនួនពីរលើក គឺមិនចូលខ្លួនតាមដីកាកោះនោះទេ។ ជនរងគ្រោះកាន់តែបារម្ភខ្លាំងគឺនៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៩ ជននេះបានធ្វើសកម្មភាពសាជាថ្មីដោយគំរាមកំហែងថា នឹងសម្លាប់ដោយប្រើអាវុធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិម្តងទៀតគឺខាងព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យជនសង្ស័យឈ្មោះ សោភ័ណ្ឌ សិលា អាយុ៣៣ឆ្នាំចូលខ្លួនកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។
អ្នកស្រី តាត ស៊ីណែត ជាជនរងគ្រោះករណីខាងលើបាននិយាយនៅព្រឹកថ្ងៃទី៣ ខែសីហា នេះថា អ្នកស្រីនិងកូនស្រីអាយុបួនឆ្នាំមិនហ៊ានរស់នៅក្នុងផ្ទះល្វែងលេខ៤នៃ បុរីពិភពថ្មី ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម នោះទេ។ ព្រោះឈ្មោះ សោភ័ណ្ឌ សិលា នេះអាងឪពុកពាក់ផ្កាយបីជាមន្ត្រីនគរបាលជាន់ខ្ពស់បានស្រែកឡូឡាគំរាមជាមួយដៃកាន់កាំភ្លើងខ្លីពីរដើមពណ៌ខ្មៅមួយដើម និងពណ៌សមួយដើមដើរចុះឡើងនៅលើផ្លូវខាងមុខផ្ទះកាលពីរសៀលថ្ងៃទី៣០ខែកក្កដា កន្លងទៅថ្មីៗនេះ។
ស្ត្រីរងគ្រោះវ័យ៣២ឆ្នាំនេះឱ្យដឹងទៀតថា ឈ្មោះ សិលា បានគំរាមទៀតថាបើអ្នកស្រីបន្តរស់នៅក្នុងផ្ទះល្វែងនៅជញ្ជាំងជាប់គ្នានេះទៀតគឺនៅពេលយប់គេ(សិលា)នឹងប្រើរណាយន្តកាត់ដំបូលបេតុងខាងលើចុះមកសម្លាប់អ្នកស្រីនិងកូនចោល។ ក្រៅពីគំរាមសម្លាប់ខាងលើ គឺជននេះប្រើមធ្យោបាយដាក់កាមីរ៉ាបង្វែរមុខមករកទិសខាងមុខផ្ទះអ្នកស្រីដើម្បីឃ្លាំមើលថតយកសកម្មភាពរាល់មនុស្សចេញចូលផ្ទះអ្នកស្រីតាំងពីមានរឿងលើកទី១មកម្ល៉េះ។
អ្នកស្រី ស៊ីណែត បានបន្តទៀតថា ដូច្នេះសូមឲ្យសមត្ថកិច្ចនិងអាជ្ញាធរ មេត្តាជួយអន្តរាគមន៍ចាត់វិធានការបែបណាឲ្យអ្នកស្រីនិងកូនបានចូលទៅរស់នៅក្នុងផ្ទះល្វែងខាងលើដោយសុវត្ថិភាព ជាពិសេសដើម្បីបានប្រកបរបររកស៊ីលក់ដូរនៅខាងមុខផ្ទះទទួលបានប្រាក់ចំណូលប្រចាំថ្ងៃចិញ្ចឹមកូនរៀនសូត្រដូចធម្មតាឡើងវិញ។
លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ថ្លែងថា ករណីខាងលើនេះលោកបានចេញដីកាបញ្ជាឲ្យជនសង្ស័យចូលខ្លួនគឺឈ្មោះ សោភ័ណ្ឌសិលា ជាជនជាប់សង្ស័យថា បានប្រព្រឹត្តបទល្មើសគំរាមកំហែងថានឹងសម្លាប់ដោយប្រើអាវុធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃគឺត្រូវចូលបង្ហាញខ្លួននៅ
អយ្យការអមសាលាដំបូង ខេត្តកំពង់ចាម។ លោកបង្គាប់ឲ្យស្នងការនគរបាល ខេត្តកំពង់ចាម ត្រូវអនុវត្តដីកានេះឲ្យបានសម្រេច។
លោកព្រះរាជអាជ្ញាបានបន្តថា ដោយឡែកបណ្តឹងលើកទី១ ប្តឹងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងគំរាមកំហែង របស់ជនរងគ្រោះ និងជនសង្ស័យដដែលនេះគឺលោកបានចោទប្រកាន់និងចេញដីកាបញ្ជួនទៅឲ្យខាងចៅក្រមស៊ើបសួររួចរាល់ហើយ។ ដោយក្នុងរឿងនោះលើកទី១លោកបានសំណូមពរឲ្យខាងចៅក្រមចេញដីកានាំខ្លួនជនជាប់ចោទឈ្មោះ សោភ័ណ្ឌ សិលា នេះផងដែរ។
គួរបញ្ជាក់ថា នគរបាលពាក់សក្តិបួននេះធ្លាប់ត្រូវបានអ្នកស្រី ស៊ីណែត ប្តឹងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងគំរាមថានឹងសម្លាប់ដោយប្រើអាវុធម្តងហើយ ប្រព្រឹត្តចំកន្លែងដដែលនេះគឺផ្ទះល្វែង បុរីពិភពថ្មី ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។ ប៉ុន្តែសំណុំ
រឿងលើកនោះលោកព្រះរាជអាជ្ញា បានចេញដីកោះចំនួនពីរលើកគឺលោក សោភ័ណ្ឌ សិលា មិនចូលខ្លួនទៅតាមការកោះរបស់អយ្យការឡើយហើយបានជាប់សង្ស័យប្រព្រឹត្តបទល្មើសជាលើកទី២នេះទៀត។ ប៉ុន្តែជុំវិញករណីខាងលើនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ គេនៅពុំអាចសុំការទំនាក់ទំនងដើម្បីបំភ្លឺ
រឿងមូលហេតុខាងព្រះរាជអាជ្ញាចេញដីកោះពីរលើកក្នុងករណីទី១ដែលលោក សោភ័ណ្ឌ សិលា មិនព្រមចូលខ្លួនតាមដីកាកោះនោះឡើយ៕ Tp