ស្រ្តីម្ចាស់ហាងរូបស្រស់ត្រូវអធិការរងនគរបាលក្រុងបាវិតបាញ់ចំក្បាលនោះបានស្លាប់នៅវៀតណាម

0
245

ដោយៈ គោកធ្លក
ស្វាយរៀងៈ យោងតាមសេចក្តីរាយការណ៍ពី ភ្នាក់ងារសារព័ត៌មានប្រចាំ ខេត្តស្វាយរៀង បានឲ្យដឹងនារសៀល ថ្ងៃទី២១ ខែធ្នូ នេះថា ជនរងគ្រោះជាស្រ្តីម្ចាស់ហាង ដែលត្រូវអធិការរងនគរបាល ក្រុងបាវិត បាញ់ប្រហារចំ ក្បាលនោះបានស្លាប់ហើយនៅឯមន្ទីរពេទ្យប្រទេសវៀតណាមហើយក្រុមគ្រួសារកំពុងដឹកសពត្រឡប់មកស្រុកកំណើតវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។

នៅពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជនបង្កជាអធិការរង ក្រុងបាវិត ឈ្មោះ កែវ ចិត្រា ហៅ ចិត្ត ដែលមានឪពុក ឈ្មោះ កែវ គង់ ជាអធិការនគរបាល ក្រុងបាវិត បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ ឡើងទៅលើ និងមួយគ្រាប់ទៀតបាញ់ចំក្បាលស្ត្រីជាម្ចាស់ហាង តន្ត្រីសំណាងអាណេ បណ្តាលឲ្យរងរបួស ធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម។

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានឲ្យដឹងថា អធិការរងនគរបាល ក្រុងបាវិត ដែលបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងដាណេ» បណ្តាលឲ្យរបួសធ្ងន់ធ្ងរចំក្បាលនឹងត្រូវបញ្ជូនទៅ កាន់តុលាការ ខេត្តស្វាយរៀង នៅថ្ងៃព្រឹកទី២២ ខែធ្នូ ឆ្នាំ២០១៩។ ករណីនេះ បានកើតឡើងនៅក្នុង ហាង ភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ស្ថិតក្នុង ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ដោយសារជនដៃដល់ខឹងម្ចាស់ ហាងយកម្ហូបមកយឺតពេក។ លោកស្នងការថា ជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការខេត្ត ហើយមិនអាច ទុកបាននោះទេ ពីព្រោះនាំឲ្យប៉ះពាល់ដល់ អង្គភាពនិងនគរបាលជាតិ។

ក្រោយការបាញ់ប្រហារជនដៃដល់ឈ្មោះ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត។ រីឯស្ត្រីរងគ្រោះឈ្មោះ សឿន ដាណេ មានវ័យ៣៨ឆ្នាំមានស្រុកកំណើតរស់នៅ ភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តកោះកុង តែបានមករកស៊ីនៅ ក្រុងបាវិត។

អធិការរងនគរបាលរូបនេះត្រូវបានដឹងថា ទើបតែត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងតែប៉ុន្មានថ្ងៃមកនេះ ដែលមានតួនាទីជា អធិការរង ក្រុងបាវិត ទទួលផែនគ្រឿងញៀន ហើយគេជាអតីតជានគរបាលនៅ ក្រុងបាវិត ទើបតែប្រកាសតែងតាំងជា អធិការរង បានពី៥ទៅ៦ថ្ងៃតែប៉ុណ្ណោះ។ ជនសង្ស័យនេះត្រូវបានអ្នក ក្រុងបាវិត មួយចំនួនស្គាល់ថា ជាមនុស្សមានចរិកមិនល្អ និងធ្លាប់ជាក្មេងទំនើងស្រាប់ តែបានធ្វើជាអធិការរងនគរបាល ក្រុងក្រោមការជួយជ្រោមជ្រែងពីឪពុករបស់គេ។

បើតាមបុគ្គលិកបម្រើការងារនៅក្នុង ហាងតន្ត្រីសំណាងដាណេ បានឲ្យដឹងប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី២១ ខែធ្នូ នេះថា នៅមុនពេលកើតហេតុមានបុរសម្នាក់បានចូលមកក្នុងហាងនៅ កញ្ចុះលេខ៦៦៦៦ ហើយ កម្ម៉ង់មីស្រុះមួយចានបន្ទាប់មកទៀតបានប្រាប់បុគ្គលិកឲ្យហៅម្ចាស់ហាងមកជួបស្រាប់តែបុរសនោះបាន     ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់និងមួយគ្រាប់ទៀតបាញ់តម្រង់ចំក្បាលស្ត្រីរងគ្រោះតែម្តងបណ្តាលឲ្យ រងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិនិងភ្ញៀវជួយលើកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួចបុរសឃាតកបានដើរចេញពីហាងគេចខ្លួនបាត់តែត្រូវបានសមត្ថកិច្ ចនគរបាលឃាត់ខ្លួនបាននៅពេលបន្ទាប់មក។

ភាគីក្រុមគ្រួសារជនរងគ្រោះបានធ្វើការអំពាវនាវយ៉ាងទទូចទៅ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយកឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការដ្ឋាននគរបាលជាតិសូម មេត្តាជួយរកយុត្តិធម៌ជូនអ្នករងគ្រោះស្លូតត្រង់ដោយអនុគ្រោះផង៕