ស្រ្តីជនជាតិចិនព្យាយាមរត់គេចចេញពីខែត្រព្រះសីហនុ ប៉ុន្តែបានជាប់សំណាញ់របស់រដ្ឋបាលខែត្រព្រះសីហនុ

0
103

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ ស្រ្តីជនជាតិចិនម្នាក់ ដែលគេមិនបញ្ចេញអត្តសញ្ញាណបានព្យាយាមរត់គេច ចេញពីខែត្រព្រះសីហនុ តាមរថយន្តតាក់ស៊ី និងបានសាងបន្តជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅ ព្រំប្រទល់ ស្រុកកំពង់សីលា ខែត្រព្រះសីហនុ ឃាត់សួរនាំចាត់វិធានការផ្លូវច្បាប់ កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។

នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យសាលាខែត្រព្រះសីហនុ លោក ឃាង ភារម្យ កាលពីព្រឹកថ្ងៃទី០៩ មីនា ២០២១ ។

បន្ទាប់ពីសាលាខែត្រព្រះសីហនុបានចេញសេចក្ដីជូនដំណឹង ហាមមិនឱ្យអ្នករស់នៅឬស្នាក់នៅខែត្រព្រះសីហនុចាកចេញពីខែត្រព្រះសីហនុ បើពុំមានការចាំបាច់ ស្ត្រីជនជាតិចិនម្នាក់នេះ ដែលពុំទាន់មានការបញ្ជាក់ពីស្ថាប័នជំនាញថាផ្ទុកវីរុសកូវីដ១៩ទេ គាត់គ្រាន់តែបានព្យាយាមរត់គេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយពុំដឹងមូលហេតុ ហើយត្រូវបានគេឃាត់ខ្លួនបញ្ជូនឱ្យត្រឡប់មកគោលដៅដើមវិញ ដើម្បីធ្វើចត្តាឡីស័ក ។ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នករត់តាក់ស៊ី នឹងត្រូវអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០(ដប់លាន)រៀល ទៅ៥០.០០០.០០០(ហាសិបលាន)រៀល ។

ជាវិធានការផ្លូវច្បាប់ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។

ចំណែកស្ត្រីជនជាតិចិនម្នាក់នេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត ។

គួរបញ្ជាក់ថា យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ អ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ឬអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក ឬគេចវេសពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវពិន័យអន្តរការណ៍ជាទឹកប្រាក់ពី ១០.០០០.០០០(ដប់លាន)រៀល ទៅ៥០.០០០.០០០(ហាសិបលាន)រៀល ។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ ៕