ស្រុកអណ្ដូងមាសនិងមន្ត្រីបរិស្ថានចុះល្បាតព្រៃរកឃើញឈើអាររួចជាង២០០សន្លឹកក្នុងដែនឧទ្យាននុរ

0
82

រតនគិរី: អភិបាល ស្រុកអណ្ដូងមាស បានសហការជាមួយ មន្រ្តីស្នាក់ការឧទ្យាននុរ ឲ្យកម្លាំងចុះទៅល្បាត ព្រៃឈើស្ថិតក្នុងភូមិសាស្ត្រ ស្រុកអណ្ដូងមាស ខែត្ររតនគិរី រកឃើញឈើអាររួចនៅទីតាំងផ្សេងៗគ្នាសរុប ជាង២០០សន្លឹកដែលគេបម្រុងដឹកចេញយកទៅលក់កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក មាស សារេត អភិបាល ស្រុកអណ្ដូងមាស បានប្រាប់ឲ្យដឹងថា មានជនខិលខូចលួចដាក់ ម៉ាស៊ីនត្រង់ ស៊ីន័រ ចូលអារឈើខុសច្បាប់នៅក្នុងតំបន់ ច្រករបៀង ស្រុកអណ្ដូងមាស ជាប់ព្រំប្រទល់នឹង ស្រុកតាវែង នោះលោកបានចាត់កម្លាំងស្រុកដោយមានការសហការជាមួយ មន្ត្រីស្នាក់ការឧទ្យាននុរ ដើម្បីចុះទៅល្បាត ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសបំផ្លាញព្រៃឈើ។

ប្រភពបន្តថា សមត្ថកិច្ចបានរកឃើញរណាយន្ដចំនួន២គ្រឿង ឈើផ្ដៀក អាររួចជាក្ដាសន្លឹកចំនួន១៣០សន្លឹក និងគ្រឿងផ្ទះ៥គុណនិង៦មាន ចំនួន១០០កន្ទុយ និងឈើត្រាចភ្នំ មួយចំនួនទៀត។

អភិបាលស្រុកបញ្ជាក់ទៀតថា ឈើដែលរកឃើញនោះពុំបានដឹកយកចេញភ្លាមៗនោះទេ គឺរក្សាទុកនៅទីនោះ ជាបណ្ដោះអាសន្នដោយប្រគល់ឲ្យ មន្ត្រីស្នាក់ការបរិស្ថាន ឃ្លាំមើលដោយសារពិបាកផ្លូវដឹកជញ្ជូនឈើ។ ដោយ ឡែក ម៉ាស៊ីនត្រង់ស៊ីន័រ ចំនួន២គ្រឿង ប្រេងម៉ាស៊ីន និងប្រេងសាំង មួយចំនួនទៀតបានរឹបអូសយកមករក្សា ទុកនៅ ស្នាក់ការបរិស្ថាន ស្រុកតាវែង។

ករណីខាងលើនេះ អភិបាល ស្រុកអណ្ដូងមាស ថា នឹងបន្ដល្បាតស្រាវជ្រាវដូចភ្លៀងរលឹមដើម្បីវែកមុខរកជន ដែលបានប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់៕