ស្នើសុំចុះបញ្ជីដីនៅ ភូមិចង្ហោន គូសផែនទីមកយកដល់ ដីសហគមន៍ស្រែចម្ការប្រជាពលរដ្ឋនៅ ភូមិព្រែកត្នោត តើភូមិបាល ក្រុងបូកគោ ផ្គាប់ចិត្តឧកញ៉ានៅពីក្រោយឬទើបកសាងបណ្ណកម្មសិទ្ធិដាច់ដោយដុំជាង១រយហិកតាជូនលោក យឹម សុគន្ធ ខុសប្រក្រតីដូច្នេះ ?

0
140

ដោយៈ អធិបតី
កំពតៈ ប្រជាពលរដ្ឋជិត១០០គ្រួសាររស់នៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ដែលមានដីស្រែចម្ការអាស្រ័យ ផលតាំងពីទសវត្សរ៍៨០និង៩០មុនការបង្កើតដែនឧទ្យានជាតិបូកគោតរៀងមកស្ថិតក្នុង ភូមិព្រែកត្នោត សង្កាត់ ព្រែកត្នោត ក្រុងបូកគោ ខែត្រកំពត កើតទុក្ខមិនសុខចិត្តបានដាក់ពាក្យប្ដឹងទាស់នូវការចេញប្លង់ដីដាច់ដោយដុំ ឱ្យទៅឈ្មោះ យឹម សុគន្ធ និងឈ្មោះ មាស ធំ ខុសប្រក្រតីដែលបានបិទប្រកាសហួសកាលបរិច្ឆេទជាច្រើនថ្ងៃ នៅសាលា សង្កាត់ព្រែកត្នោត កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ការប្ដឹងទាស់របស់ប្រជាពលរដ្ឋខាងលើព្រោះពួកគាត់រកឃើញថា ភូមិបាល ក្រុងបូកគោ បានកសាងបណ្ណដាច់ ដោយដុំខុសពីនីតិវិធីដូចសព្វមួយដង មិនប្រក្រតីជាច្រើនចំណុច ដូចជា «តក់ក្រហល់» មិនជូនដំណឹងដល់ ប្រជាពលរដ្ឋលើកទីមួយទាន់ពេលវេលាជាពិសេសគឺជាន់លើដីស្រែចម្ការរបស់ពួកគាត់រាប់សិបហិកតាដែលកំពុងអាស្រ័យផលសព្វថ្ងៃ។ ភាពមិនប្រក្រតីជាច្រើនទៀតដូចជា ទី១.មិនមានកិរិយាកាន់កាប់ និងពុំមានបង្គោល ព្រំដីច្បាស់លាស់។ ទី២.មិនដឹងថា បានដីដែលស្នើសុំចុះបញ្ជីនោះមកពីណា។ ទី៣.មិនមានឯកសារបញ្ជាក់ពី ប្រវត្តិដីច្បាស់លាស់ក្នុងសេចក្ដីប្រកាសស្នើសុំឱ្យអ្នកពាក់ព័ន្ធដឹងនិងសេចក្ដីប្រកាសធ្វើប្លង់លើកទី១មានបិទនៅតែសាលា សង្កាត់ព្រែកត្នោត គឺមិនមានបិទប្រកាសនៅទីតាំងដីឬនៅសាលា ក្រុងបូកគោ។ ទី៤.ការកសាងប្លង់ លឿនរហ័សជាងការកំណត់នៃដែនរដ្ឋបាល។ ទី៥.ពាក្យស្នើសុំចុះបញ្ជី និងសេចក្ដីជូនដំណឹងមានកាលបរិច្ឆេទ តែមួយ។ ទី៦.គេមិនដឹងថា ឯកសារចូលច្រកចេញចូលតែមួយ នៅថ្ងៃណាខែណា។ ទី៧.មិនមានការបិទប្រ កាសជូនដំណឹង នៃការវិនិច្ឆ័យជាលើកទីពីរបើកឱ្យមានការតវ៉ាឡើយ។ ទី៨.ពាក្យស្នើសុំដាក់នៅ ភូមិចង្ហោន តែគួសផែនទីយកដីស្រែចម្ការប្រជាពលរដ្ឋដល់ ភូមិព្រែកត្នោត។ សរុបមកប្លង់ដីដែលមានឈ្មោះ យឹម សុគន្ធ និងឈ្មោះ មាស ធំ បានចេញនៅចុង ខែកក្កដា ឆ្នាំ២០២៣ អំឡុងពេលបោះឆ្នោតជាតិអាណត្តិទី៧។

បើយោងតាមប្រភពពីមន្ត្រីជំនាញ និងសំណុំឯកសារនីតិវិធី នៃការធ្វើប្លង់របស់ ភូមិបាល ក្រុងបូកគោ គឺរយៈ ពេលខ្លីប៉ុណ្ណោះវាលឿនខុសពីបែបបទរដ្ឋបាលខ្លាំងពេក បើប្រៀបធៀបជាមួយឯកសារពលរដ្ឋដទៃទៀត។

ក្រោយទទួលបណ្តឹង អភិបាល ខែត្រកំពត ឯកឧត្តម ម៉ៅ ធនិន បានឱ្យអាជ្ញាធរ ក្រុងបូកគោ ជាមួយនឹងមន្ត្រី ជំនាញពាក់ព័ន្ធចុះធ្វើបច្ចុប្បន្នភាពដោយឱ្យប្រជាពលរដ្ឋឈរមុខក្បាលដីស្រែរៀងៗខ្លួនរួចថតរូបធ្វើរបាយការណ៍ជូនរដ្ឋបាល ខែត្រកំពត។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋកាលពីថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៣ និងការចុះផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន។ ប៉ុន្តែដីចម្ការគេ ទើបឃើញអាជ្ញាធរមូលដ្ឋាន ភូមិឃុំ និងរដ្ឋបាលប៉ុស្តិ៍ចុះធ្វើបច្ចុប្បន្នភាពនោះកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ តែមន្រ្តីបរិស្ថាន ពុំមានវត្ត មានចូលរួមឡើយដោយរង់ចាំធ្វើ បច្ចុប្បន្នភាព ហើយរួចរាល់ទើប មន្រ្តីបរិស្ថាន ចុះចុច ជីភីអេស (GPS)។ នេះបើយោងតាមមន្រ្តីមូលដ្ឋានម្នាក់រៀបរាប់ប្រាប់ «បាយ៉ង់ថាមស៍» កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ប្រសាសន៍មាសរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខែត្រកំពត លើកឡើងក្នុងពិធីដោះស្រាយវិវាទដីធ្លីមួយថា បើរបស់អ្នកណាអ្នកហ្នឹងយក គឺមិនចេះមានរឿងទេ។ យើងមានលទ្ធភាពអភិវឌ្ឍយើងត្រូវនិយាយជាមួយម្ចាស់ ដីឱ្យបានច្បាស់លាស់។ យើងយកដីរបស់គេ តែបើបងប្អូនយើងយកដីរបស់យើងវិញតើ យើងមានការឈឺចាប់ ដែរឬទេ ?

ឯកឧត្តម ម៉ៅ ធនិន សង្កត់ធ្ងន់ថា «យើងមានលទ្ធភាពបំផ្លៃបំផ្លើសបំពានយក» ផែនទី និងផែនដី វាខុសគ្នាអ្នក រស់នៅលើផែនដីជាម្ចាស់ផែនដី។ រីឯអ្នកមានផែនទីនាំគ្នាគប់គិតទៅធ្វើជាលិខិតឱ្យបានក្រដាសស្នាមមក។ បេះ ដូងជាសាច់នរណាក៍មានការឈឺចាប់ដែរ ?

លោកប្រធានសហគមន៍ការពារព្រៃឈើព្រែកត្នោតលោក រ័ត្ន រ៉ែម មានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៣ ថា ដីស្រែចម្ការដែលលោក យឹម សុគន្ធ និងលោក មាស ធំ ធ្វើប្លង់គ្របយកគឺស្ថិត ក្នុង ដែនសហគមន៍ការពារព្រៃឈើព្រែកត្នោត ប្រាកដមែន។ លោកប្រធានសហគមន៍បន្តថា ដីសហគមន៍ការ ពារព្រៃឈើព្រែកត្នោត នេះគឺមានពីរក្រុមហ៊ុនហើយដែលប៉ុនប៉ងបំពានយក…។

ប្រធានមន្ទីរបរិស្ថាន ខែត្រកំពត លោក អេង ប៉ូឡូ មានប្រសាសន៍តាមទូរស័ព្ទថា ឈរលើផ្លូវច្បាប់បើប្រជាពល រដ្ឋដែលកំពុងអាស្រ័យផលលើដីស្ថិតក្នុងតំបន់អនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ដែលកំណត់ថា ជាដែនសហគ មន៍ប្រជាពលរដ្ឋទាំងនោះអាចដាក់ពាក្យស្នើសុំទៅ ក្រសួងបរិស្ថាន តាមរយៈ មន្ទីរបរិស្ថានខែត្រ ដើម្បីស្នើសុំ ចុះបញ្ជីដី។ លោក អេង ប៉ូឡូ បន្តថា បើ ក្រសួងបរិស្ថាន យល់ព្រមហើយប្រជាពលរដ្ឋអាចបន្តនីតិវិធីទៅតាម ច្បាប់ភូមិបាល។

មន្រ្តីជំនាញម្នាក់នៅច្រកចេញចូលតែមួយរបស់ រដ្ឋបាល ខែត្រកំពត ពេលដែល អ្នកសារព័ត៌មាន សួរពីនីតិវិធី នៃការដាក់ពាក្យស្នើសុំចេញប្លង់ឱ្យលោក យឹម សុគន្ធ និងលោក មាស ធំ លោកបដិសេធ មិនផ្ដល់ចម្លើយទេ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

នាព្រឹកព្រលឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អតីត មេភូមិព្រែកត្នោត លោកពូ គី ងាប ដែលមាន ដីស្រែចម្ការ នៅតំបន់មានទំនាស់ខាងលើខណៈរូបគាត់ទើបមកពីចម្ការរបស់គាត់ឈរលីឫស្សីមួយដើមជាមួយថង់ប្លាទិកមួយរៀបរាប់ថា លោកពូជាអ្នកស្រុករស់នៅនឹងទីហ្នឹងតាំងតែពីកើតមកគឺឃើញមាន ស្រែចម្ការតពីឪពុកម្ដាយជី ដូនជីតាគាត់មកដល់សព្វថ្ងៃអាស្រ័យផលធ្វើស្រែចម្ការរហូតមក។ ពេលដែលគេលួចកសាងបណ្ណកម្មសិទ្ធិជូន លោក យឹម សុគន្ធ និងលោក មាស ធំ គេពុំបានជូនដំណឹងអ្វីឱ្យប្រជាពលរដ្ឋដឹងនោះទេ។ ដូច្នេះលោកពូក្នុង នាមប្រជាពលរដ្ឋសំណូមពរសូមឱ្យអាជ្ញាធរជួយដោះស្រាយឱ្យប្រជាពលរដ្ឋទទួលបានដីស្រែចម្កាទាំងនេះមកពួកគាត់វិញផង ព្រោះពួកគាត់ពុំចង់បានការដោះស្រាយជាលុយកាក់នោះទេ។ ជាពិសេសចុងក្រោយសូមឱ្យ អាជ្ញាធរជួយពន្លឿននីតិវិធីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់។

មេភូមិព្រែកត្នោត បច្ចុប្បន្នលោក ម៉ៅ មួន លើកឡើងនៅពេលចុះធ្វើ បច្ចុប្បន្នភាព ឱ្យប្រជាពលរដ្ឋឈរមុខដី ចម្ការ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ថា ក្រុមការងារចុះមកសិក្សាពិនិត្យទីតាំងជាក់ស្ដែងដែលក្រុម ហ៊ុនមួយប៉ះពាល់ដីចម្ការប្រជាពលរដ្ឋអាស្រ័យផល។

លោកសង្កត់ធ្ងន់ថា បើនិយាយពីការអាស្រ័យផលរបស់ប្រជាពលរដ្ឋ គឺពួកគាត់ខ្លះអាស្រ័យផលតាំងពីដូនតា របស់ពួកគាត់ និងខ្លះទៀតអាស្រ័យផលតាំងពីទសវត្សរ៍៨០ រហូតមកជាក់ស្ដែង គឺដំណាំពួកគាត់មានជាតឹក តាងស្រាប់។

មន្រ្តីមូលដ្ឋានដែលជាប៉ូលិសម្នាក់សុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណរៀបរាប់ថា បន្ទាប់ពីប្រជាពលរដ្ឋបាន ប្ដឹងទាស់នឹងការបិទប្រកាសជាសាធារណៈ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ទៅ ឯកឧត្តមអភិបាល ខែត្រ កំពត គេឃើញក្រុមការងាររបស់ ក្រុងបូកគោ បានចុះមកវាស់វែងដីស្រែជូនប្រជាពលរដ្ឋនៅថ្ងៃទី១៦ ខែសីហា តែរហូតមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ពុំទាន់ឃើញមានសកម្មភាពអ្វីទៀតឡើយក្រៅតែពីវាស់វែងដីច ម្ការជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយអាជ្ញាធរមូលដ្ឋានភូមិឃុំ។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការធ្វើប្លង់គ្របលើដីស្រែចម្ការប្រជាពលរដ្ឋខាងលើគេពុំអាចស្នើសុំ សេចក្ដីអធិ ប្បាយបញ្ជាក់ពីលោក យឹម សុគន្ធ និងលោក មាស ធំ បានទេអំពីប្រវត្តិបានដីស្រែចម្ការរាប់រយហិកតារបស់ ពួកគាត់គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ចំណែកចៅ សង្កាត់ព្រែកត្នោត លោក គង់ ប៊ុនរា និងលោក អ៊ិន សេងឃាង ប្រធានភូមិបាល ក្រុងបូកគោ ជុំ វិញការចេញប្លង់កម្មសិទ្ធិគ្របលើដីស្រែចម្ការរបស់ប្រជាពលរដ្ឋជូនទៅលោក យឹម សុគន្ធ និងលោក មាស ធំ ខាងលើនោះក៍ពុំអាចសុំការបំភ្លឺពីនីតិវិធីកសាងបណ្ណ និងចេញប្លង់កម្មសិទ្ធិបានទេ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល…។

គួររំឭកថា ចៅ សង្កាត់ព្រែកត្នោត លោក គង់ ប៊ុនរា ក៍មានដីចម្ការរាប់សិបហិកតានៅ ភូមិព្រែកត្នោត ផងដែរ។ ប៉ុន្តែពុំមាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាលោកចៅសង្កាត់រូបនេះ មិនមានមាត់កអ្វីមួយម៉ាត់សោះពេលគេ ធ្វើប្លង់កម្មសិទ្ធិគ្របលើដីរបស់គាត់ដែរនោះ ឬក៍លោកចៅសង្កាត់លួចចរចាដោះដូរគ្នាស្ងាត់ៗ ? ៕