ភ្នំពេញៈស្រ្តីម្នាក់មានវ័យ៣២ឆ្នាំបានលោតសម្លាប់ខ្លួនពីលើចំណតរថយន្តជាន់ទីប្រាំនៃអគារផ្សារទំនើបអ៊ីអនមលពីរ (AEON Mall 2) បន្ទាប់ពីនាងផ្ញើសារទៅប្រាប់ប្តីថា «ចាំជួបគ្នាជាតិក្រោយ» គេមិនទាន់ដឹងអំពីមូល ហេតុពិតនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៤០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណតរថយន្តជាន់ទីប្រាំ នៃអគារផ្សារអ៊ីអនពីរស្ថិតក្នុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា ជំហ៊ានដំបូងសមត្ថកិច្ច បានសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាតដោយមុនពេលស្លាប់ស្ត្រីរូបនេះបានផ្ញើសារទៅប្រាប់ប្តីថា “ចាំជួបគ្នាជាតិក្រោយ” ។ អត្តឃាតជនមានឈ្មោះ សុខ អេង អាយុ៣២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សាក្សីនៅកន្លែងនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនរងគ្រោះបានដើរចូលផ្សារដូចភ្ញៀវធម្មតាដែរ លុះមួយសន្ទុះក្រោយមកក៍ស្រាប់តែឮថា មានមនុស្សលោតសម្លាប់ខ្លួន។ ភ្លាមៗនោះអ្នកគ្រប់គ្រងក្រុមហ៊ុន ផ្សារអ៊ីអនពីរទូរស័ព្ទទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីជួយអាយុជីវិតនាងតែដោយសារស្ថានភាពជនរងគ្រោះ មានរបួសធ្ងន់ធ្ងរ ពេកក៍ស្លាប់តែម្តង។ ភ្លាមៗនោះគេឃើញឪពុករបស់នាងមកដល់កន្លែងកើតហេតុស្រែក ទ្រហោយំឱបសពកូនស្រីគួរឲ្យសង្វេគជាទីបំផុត។
តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យបានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលោតសម្លាប់ខ្លួនពីលើអគារពិតប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅ វត្តសន្សំកុសល៕