ស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនពីពេទ្យឯកជនមួយខណៈសម្រាលកូនរួចធ្លាក់ឈាមច្រើនពេក

0
1272

ខែត្រកំពត: ស្ត្រីវ័យប្រហែល៣០ឆ្នាំបានស្លាប់នៅ មន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ដែលមានទីតាំងស្ថិតនៅ ភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខែត្រកំពត ដោយសារអ្នកជំងឺធ្លាក់ឈាមខ្លាំងពេក។

សពលោកស្រី គន ធារី ត្រូវបានក្រុមគ្រួសារហៅឡានសង្គ្រោះបន្ទាន់ នៃមណ្ឌលសុខភាព ស្រុកដងទង់ ដឹកយកទៅធ្វើបុណ្យនៅឯ ភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខែត្រកំពត ដែលជាទីកំណើតរបស់គាត់។

មូលហេតុដំបូង នៃការស្លាប់របស់ស្រ្តីនេះ គឺគាត់បានទៅសម្រាលកូននៅពេទ្យឯកជនមួយកន្លែងដែលមានស្លាកយីហោថាបន្ទប់ថែទាំ ក្រោយសម្រាលបរិ.ឆ្មប អ៊ុន ស្រីល័ក្ខ ២៤ម៉ោង ដែលមានទីតាំងស្ថិតនៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត បានសម្រាលកូនរួចហើយ ដោយមានធ្លាក់ឈាមច្រើនពេក។

ដោយមើលឃើញអំពីស្ថានភាពអ្នកជំងឺមិនស្រួលខ្លួនត្រូវបាន ក្រុមគ្រួសារសព និងអ្នកគ្រូពេទ្យ បានបញ្ជូនទៅព្យាបាលនៅឯ មន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ខែត្រកំពត នៅម៉ោងប្រមាណជាង៣ភ្លឺ ក្រោយពីបានពិនិត្យ និងជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យតែអកុសលស្ត្រីរងគ្រោះក៏បានស្លាប់នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

អ្វីដែលគួរឱ្យកត់សម្គាល់ និងចម្ងល់របស់មហាជននោះក្នុង ស្លាកយីហោដាក់ថា បន្ទប់សម្រាកថែទាំព្យាបាល ក្រោ យពេលសម្រាល ហេតុដូចម្តេចក៏ អ្នកគ្រូពេទ្យ អ៊ុន ស្រីល័ក្ខ ហ៊ានបើកសេវាសម្រាលកូន គ្មានការទទួលខុសត្រូវអីចឹង ? តើ ក្រសួងសុខាភិបាល មានច្បាប់ និងបែងចែកជំនាញគ្រូពេទ្យដែរ ឬ ទេ ?

ប្រធាន មន្ទីរសុខាភិបាល ខែត្រកំពត លោកស្រី យូ សុគន្ធ អ្នកសារព័ត៌មានយើងមិនអាចស្វែងរកសុំការទំនាក់ទំនងសាកសួរព័ត៌មានចំពោះរឿងរ៉ាវខាងលើនេះបានទេ។

ប្រធានប្រតិបត្តិ ស្រុកឈូក លោក កែ រដ្ឋាវុធ បានប្រាប់ «បាយ៉ង់ថាមស៍» នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះថា អ្នកគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព ស្រុកដងទង់ ឈ្មោះ អ៊ុន ស្រីល័ក្ខ ជាគ្រូពេទ្យបម្រើសេវាសម្រាលកូនឲ្យស្រ្តីដែលបានស្លាប់ខាងលើ ហើយការសម្រាលនោះ គឺនៅផ្ទះអ្នកគ្រូពេទ្យផ្ទាល់។ លោកបន្តថា សម្រាប់របាយការណ៍ផ្សេងៗលោកបានបញ្ជូនទៅ មន្ទីរសុខាភិបាលខែត្រ ហើយសម្រាប់ព័ត៌មានលម្អិតនឹងមាននៅពេល គណៈកម្មការមរណភាពមាតា និងទារក ចុះធ្វើការសិន។

លោក សាន បូណា ប្រធានមណ្ឌលសុខភាព ស្រុកដងទង់ ប្រាប់សារព័ត៌មានយើង កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ នេះថា ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារអ្នកគ្រូពេទ្យដឹកបញ្ជូនទៅសង្គ្រោះនៅ ពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល។ ពេលបញ្ជូនស្ត្រីរងគ្រោះដល់ប្រហែលម៉ោង៥ព្រឹក បានប្រមាណជា២ទៅ៣ម៉ោងដែរ គឺគាត់បានស្លាប់។ លោកបានបន្តថា សម្រាប់អ្នកគ្រូពេទ្យ អ៊ុន ស្រីល័ក្ខ ពេលនេះគាត់បានសុំច្បាប់ឈប់សម្រាក២ ឬ ៣ថ្ងៃសិនដោយសារគាត់មានការភិតភ័យពេក។ វាគ្មានអ្នកណាចង់ជួបដូចហ្នឹងទេគ្នាបានជួយអស់ពីលទ្ធភាពដែរ។

ទាក់ទិនរឿងនេះលោកមេ ឃុំវត្តអង្គខាងជើង បានប្រាប់អង្គភាពយើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថា គាត់បានដឹងការស្លាប់នោះដែរ គឺស្លាប់ដោយសារសម្រាលកូននៅ ពេទ្យដងទង់ ឈ្មោះ អ៊ុន ស្រីល័ក្ខ ហើយសពស្ត្រីនោះមានឈ្មោះថា គន ធារី។ លោកបានបន្តទៀតថា លិខិតមរណភាព ក្រុមការងារឃុំបានផ្តល់ជូនទៅក្រុមគ្រួសារសពរួចរាល់អស់ហើយ។

បុគ្គលិកអ្នកទទួល និងផ្តល់ព័ត៌មាន នៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល បានប្រាប់សារព័ត៌មានយើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថា មេគាត់ប្រាប់ថា បើចង់ដឹងពីស្ថានភាពនោះ លុះត្រាតែសាច់ញាតិរបស់ជនរងគ្រោះធ្វើលិខិតបញ្ជាក់ពីភូមឃុំថា អនុញ្ញាតឲ្យផ្តល់ព័ត៌មាន ទើបខាងគាត់អាចផ្តល់ព័ត៌មានជូនបាន…។

ភាគីខាងសពស្រ្តីដែលស្លាប់នោះ ព័ត៌មានយើងមិនអាចសុំការអត្ថាធិបាយបានទេ ដោយសារប្តីរបស់សពរងគ្រោះ សុំបញ្ចប់រឿងត្រឹមនេះហើយ…។

រីឯភាគីខាងគ្រូពេទ្យ អ៊ុន ស្រីល័ក្ខ វិញលោក ឈីម រីម ដែលត្រូវជាប្តីអ្នកគ្រូពេទ្យបាននិយាយថា ពួកគាត់បានសម្របសម្រួលអស់ហើយជាមួយក្រុមគ្រួសារសព។ តែគាត់សុំបិទព័ត៌មានត្រឹមហ្នឹង ព្រោះលោកបានរាយការណ៍បើក ចំហជូន ថ្នាក់ដឹកនាំប្រត្តិបត្តិ ស្រុកឈូក និងមន្ទីរសុខាភិបាល ខែត្រកំពត រួចរាល់ហើយ។

អ្នកបើកបររថយន្តសង្រ្គោះបន្ទាន់ នៃមណ្ឌលសុខភាព ស្រុកដងទង់ បានបា្រប់អង្គភាពយើងកាលពីថ្ងៃ១៩ ខែធ្នូ ថា លោកបានដឹកសពស្រ្តីរងគ្រោះមកពី មន្ទីរពេទ្យស៊ុនយ៉ាឃៀល។

ចំណែកឯអ្នកគ្រូពេទ្យ អ៊ុន ស្រីល័ក្ខ វិញសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះដោ យសារទូរស័ព្ទហៅចូលដែរ ប៉ុន្តែគ្មានអ្នកទទួល…។

ស្ត្រីម្នាក់មានវ័យប្រហែល៤០ឆ្នាំរស់នៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ បានប្រាប់អង្គភាពព័ត៌មានយើងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី១៩ ខែធ្នូ នោះថា មុនស្លាប់ស្រ្តីរងគ្រោះពិតជាបានទៅសម្រាលកូននៅ ផ្ទះអ្នកគ្រូពេទ្យ អ៊ុន ស្រីល័ក្ខ ពិតប្រាកដមែន។ សម្រាប់ការស្លាប់យ៉ាងណានោះគាត់មិនដឹងអស់ទេ។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅក៏មានហេតុការណ៍គ្រូពេទ្យ នៃគ្លីនិកអត់ច្បាប់មួយ ន្លែងស្ថិតនៅ ស្រុកបាទី ខែត្រតាកែវ បានចាក់ថ្នាំបង្កឲ្យស្រ្តីនោះស្លាប់ ហើយដឹកសពយកទៅបោះចោលយ៉ាងព្រៃផ្សៃ។ រីឯកន្លែងសម្រាលកូនរបស់អ្នកស្រី អ៊ុន ស្រីល័ក្ខ វិញគេពុំទាន់ដឹងថា តើមានច្បាប់ ឬក៏ពុំមានច្បាប់អនុញ្ញា តនោះទេ ? ហើយទារកវិញក៏មិនដឹងថា ស្លាប់ឬក៏រស់នោះដែរ៕