ឃាត់ខ្លួនអភិបាលរង ក្រុងបូកគោ ករណីប្រើអំពើហិង្សាទៅលើភរិយារបស់ខ្លួន

0
165

ដោយៈ អធិបតី
ភ្នំពេញៈ យោងតាម ផ្លេកហ្វេសប៊ុក ផ្លូវរបស់ ស្នងការដ្ឋាននគរបាល ខែត្រកំពត បានសរសេរសារជាដំណឹង ប្រាប់មហាជននៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ថា «ក្រោយធ្វើការសាកសួរបំភ្លឺ និងទទួលបណ្តឹងពី ភរិយាលោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ សមត្ថកិច្ចបានសុំគោលការទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត និងដោយបានគោលការណែនាំពី ឯកឧត្តម ព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួនលោក គឹម បញ្ញា
ដើម្បីបន្តនីតិវិធីទៅតុលាការពាក់ព័ន្ធករណីហិង្សាលើភរិយា»។

នៅក្នុងហ្វេសប៊ុកឈ្មោះ Ah Leak (អាលក្ខណ៍) បានបង្ហាញភស្ដុតាងរូបថតរងរបួសជាំពេញផ្ទៃមុខ ភ្នែកទាំង សងខាងពណ៌ខ្មៅ មានវីដេអូ ប្ដីជេរប្រពន្ធ ហើយភរិយារងគ្រោះកំពុងតែយំ…។ នៅក្នុងនោះដែរមានរូបថត ជាច្រើនសន្លឹកបានបញ្ជាក់ពីការធ្វើទារុណកម្មទៅលើស្ត្រីរងគ្រោះទន់ខ្សោយជាពិសេស មានធ្វើលិខិតកិច្ចសន្យា ពីរច្បាប់ក្នុង ឆ្នាំ២០២០ និង ឆ្នាំ២០២១ ថា ឈប់ធ្វើបាបប្រពន្ធ និងខំកសាងខ្លួនធ្វើជាប្ដីល្អ…។ នៅក្នុងលិខិត
កិច្ចសន្យានោះក៍មានប្រថាប់ត្រាពី មេធាវី ថែមទៀតផង។ ក៍ប៉ុន្តែវាជារឿងឥតប្រយោជន៍សម្រាប់លោក គឹម បញ្ញា ទៅវិញ។

ដោយអត់ទ្រាំពុំបាននឹងសកម្មភាពដដែលៗភរិយារងគ្រោះឈ្មោះ Ah Leak បានសរសេរសាច់រឿងពិតប្រាប់ មហាជនទូទៅក្នុង អាខោនហ្វេកប៊ុកផ្ទាល់ខ្លួនថា «នាងខ្ញុំ ឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃជា អភិបាលរង ក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រលាញ់មានតែការឈឺ ចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ច សន្យាថា គាត់ឈប់ប្រើអំពើហិង្សាដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូតដល់ពេល នេះ នាងខ្ញុំឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូប និង video ទាំងនេះដើម្បីអោយបងប្អូន និងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិត មើលថា តើទង្វើហិង្សាបែបនេះ វាសមនឹងជាអ្នកដឹកនាំទេ ( អភិបាលរង ក្រុងបូកគោ)»។

គ្រាន់តែករណីនេះកើតមានឡើងភ្លាម ស្នងការដ្ឋាននគរបាល ខែត្រកំពត បានកោះហៅលោក គឹម បញ្ញា នៅ ក្នុង ផេកហ្វេសប៊ុក ផ្លូវការថា «សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ មកបំភ្លឺករណីហិង្សា លើភរិយានៅ ស្នងការដ្ឋាននគរបាល ខេត្តកំពត ដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយ ផ្ទាល់ »។

មិនយូរម៉ោងប៉ុន្មានផង ផេកស្នងការ ខែត្រកំពត បានបញ្ជាក់ទៀតថា « សូមអរគុណលោក គឹម បញ្ញា ដែល បានមកដល់អធិការ ក្រុងកំពត ដើម្បីបំភ្លឺករណីហិង្សាលើភរិយា»។

គួរបញ្ជាក់ថា អ្នកលេង បណ្ដាញសង្គមហ្វេសប៊ុក គ្រាន់តែបានឃើញករណីលោក គឹម បញ្ញា ប្រើអំពើហិង្សា ទៅលើភរិយារបស់ខ្លួនយ៉ាងព្រៃផ្សៃដូច្នោះ មហាជននាំគ្នាជេរ ហើយចែកចាយរឿងនេះហ្វេសប៊ុកតែម្ដង។ មហាជនក៍បានសាទរ និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការឃាត់ខ្លួនលោក គឹម បញ្ញា ដែលបានប្រព្រឹត្ត ខុសច្បាប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ខែត្រកំពត ចាត់ការតាមផ្លូវច្បាប់៕