សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់៧នាក់ដែលហៅតំណាងចែកចាយផលិតផល«យូនីស៊ីធី»ចំនួន៣៨៥នាក់មកជួបជុំគ្មានច្បាប់អនុញ្ញាត

0
107

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាល ខែត្រតាកែវ បានដឹកនាំ កម្លាំងផែនការងារសន្តិសុខ សហការជាមួយ អធិការដ្ឋាននគរបាល ក្រុងដូនកែវ និងព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ចុះត្រួតពិនិត្យឆែកឆេរឃាត់ខ្លួនមេខ្យល់ចំនួន៧នាក់ដែលនាំពលរដ្ឋ៣៨៥នាក់មកប្រមូលផ្តុំដែល ជាមួយតំណាងចែកចាយផលិតផលក្រុមហ៊ុន «យូនីស៊ីធី» ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរ កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីរួម ខែត្រតាកែវ។

កិច្ចប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានរកឃើញប្រជាពលរដ្ឋចំនួន៣៨៥នាក់ ដែលមកពីបណ្ដាខែត្រផ្សេងៗ គ្នាដូចជា ខែត្រតាកែវ កំពត កែប និងកណ្តាល។ ពួកគេទាំងអស់ត្រូវបាន ក្រុមគ្រូពេទ្យស្ម័គ្រ សម្ដេចតេជោ  ហ៊ុន សែន ចុះយកសំណាក់ ជំងឺកូវី១៩។

យោងតាមប្រភពពីសមត្ថកិច្ចប្រាប់ «បាយ៉ង់ថាមស៍» នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះថា កម្លាំង ចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ស្រី២នាក់ជាមេខ្យល់ ដែលពួកគេបានអះអាងថា ជាតំណាងចែក ចាយផលិតផលឯករាជ្យ គឺជាផលិតផលក្រុមហ៊ុន «យូនីស៊ីធី» (UNICITY)។ សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ទាំង ៧នាក់ដោយសារនាំមនុស្សយ៉ាងច្រើនកុះករមកប្រមូលផ្តុំប្រឆាំងនឹងវិធានការ ជំងឺកូវីដ១៩ នៃក្រសួងសុខាភិ បាល ដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។

ប្រភពដដែលបានរៀបរាប់ឈ្មោះមនុស្សទាំង៧នាក់នោះថា ទី១.ឈ្មោះ ស៊ី ណាត ភេទប្រុសអាយុ៤១ឆ្នាំរស់ នៅ ភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខែត្រព្រៃវែង។ ទី២.ឈ្មោះ ស្រេង បានិន ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅ ភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខែត្រកំពង់ចាម។ ទី៣.ឈ្មោះ អ៊ុយ សិលា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅ ភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខែត្រកំពត។ ទី៤.ឈ្មោះ ប៉ិច សាបឿន ភេទស្រី អាយុ៤១ឆ្នាំរស់នៅ ភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខែត្រព្រៃវែង។ ទី៥.ឈ្មោះ កែវ ឌីណា ភេទប្រុសអាយុ ២៧ឆ្នាំរស់នៅ ភូមិព្រែកក្រួស ឃុំសូគង ស្រុកកងមាស ខែត្រកំពង់ចាម។ ទី៦.ឈ្មោះ នូ ចន្ថន ភេទស្រីអាយុ ៣៤ឆ្នាំរស់នៅ ភូមិព្រែកក្រួស ឃុំសូគង ស្រុកកងមាស ខែត្រកំពង់ចាម និងទី៧.ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំរស់នៅ ភូមិចម្ការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខែត្រកែប។ ពួកគេទាំងអស់បាននាំគ្នាមកជួប ជុំឬប្រមូលផ្តុំមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ។

មនុស្សទាំង៧នាក់ខាងលើដែលជា «មេខ្យល់» ត្រូវបានបញ្ជូនមក ស្នងការដ្ឋាននគរបាល ខែត្រតាកែវ ដើម្បី ធ្វើការសាកសួរបន្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខែត្រតាកែវ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសមត្ថកិច្ច ខែត្រកំពង់ស្ពឺ បានឃាត់ខ្លួនបុរសពីរនាក់ដែលជាភ្នាក់ងារចែកចាយ «ផលិតផល យូនីស៊ីធី» ត្រូវគេចោទប្រកាន់ថា បានបង្ខំកូនក្រុមឱ្យទៅខ្ចីលុយធនាគារដើម្បីទិញ «ផលិតផល យូនីស៊ីធី» ខ្លួនដើម្បីបានពិន្ទុជាថ្នូរយកលុយកុំមីសិនមកវិញ៕