មណ្ឌលគិរីៈ សណ្ឋាគារ និងផ្ទះសំណាក់ ចំនួនប្រាំដែលកំពុងបម្រើសេវាកម្មស្នាក់នៅក្នុង ខេត្តមណ្ឌលគិរី បានចូលរួមរំលែកការលំបាកជាមួយ សិស្សានុសិស្ស ត្រូវប្រឡងសញ្ញាបត្របធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩។ សណ្ឋាគារនិងផ្ទះសំណាក់ ទាំងនេះនឹងត្រូវផ្តល់ជូន បេក្ខជន បេក្ខនារី ប្រឡងរយៈពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
លោក ងិន សុវិមាន ប្រធាន មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បញ្ជាក់ថា សណ្ឋាគារនិងផ្ទះសំណាក់ ខាងលើដែលចូលរួមនោះមានដូចជាទី១.សណ្ឋាគារ មណ្ឌលគិរី ឧបត្ថម្ភការស្នាក់នៅបន្ទប់គ្រែពីរចំនួន១០បន្ទប់។ ទី២.សណ្ឋាគារ អឿនសកុណា ឧបត្ថម្ភបន្ទប់គ្រែពីរចំនួនប្រាំបីបន្ទប់។ ទី៣.សណ្ឋាគារ ពេជទេវី ឧបត្ថម្ភបន្ទប់គ្រែពីរចំនួនបីបន្ទប់។ ទី៤.ផ្ទះសំណាក់ រស្មីពេជ្រ បន្ទប់គ្រែពីរចំនួន១៤បន្ទប់ និងទី៥.ម៉ូតែល ពេជ្រគិរី បន្ទប់គ្រែពីរចំនួនបួនបន្ទប់និងគ្រែមួយចំនួនប្រាំមួយបន្ទប់។ ម៉ូតែលនេះនឹងឧបត្ថម្ភតែសិស្សមកពី ស្រុកកែវសីមា តែប៉ុណ្ណោះ។
ម្ចាស់គ្រប់គ្រង សណ្ឋាគារនិងផ្ទះសំណាក់ ទាំងប្រាំដែលបានឧបត្ថម្ភដល់ការស្នាក់នៅចំពោះ បេក្ខជនប្រឡងនេះ បានបញ្ជាក់ដូចៗគ្នាថា ការផ្តល់ជូនសិស្សស្នាក់នៅគឺធ្វើឡើងរយៈពេលបួនឆ្នាំមកហើយ។ ការផ្តល់ជូននេះដើម្បីសម្រាលទុក្ខលំបាកដល់បេក្ខជនព្រមទាំងផ្សារភ្ជាប់ជាមួយកាងារសង្គម។ ពីព្រោះចំនួនសិស្សបានកើនឡើងអាចប្រឈមនឹងបញ្ហាការស្នាក់នៅ។
យោងតាម ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១៦ ខែសីហា នេះថា ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ត្រូវដឹកជញ្ជូនទៅដល់រាជធានី-ខេត្តគោលដៅទូទាំងប្រទេសដោយសុវត្ថិភាព។
ហឹបវិញ្ញាសាទាំងនេះ នឹងត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាព ក្រោមការពិនិត្យយ៉ាងហ្មត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដារនៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់៕