សង្វៀនជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យនៅស្រុកត្បូងឃ្មុំ

0
337

ដោយៈ បាយ៉ង់ថែមស៍
ត្បូងឃ្មុំៈ អាជ្ញាធរដែនដី និងសមត្ថកិច្ច បានធ្មេចភ្នែកបើកភ្លើងខៀវឱ្យវង់ល្បែងស៊ីសង គឺសង្វៀនជល់មាន់និង អាប៉ោងខ្នាតធំ នៅត្រង់ចំណុចវាលវង់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកលេងល្បែងស៊ីសងយ៉ាង អនាធិបតេយ្យជាយូរមកហើយ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្រុមញៀនល្បែងបាន និងកំពុងលេងអបាយមុខនេះហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកងដោយមានភ្នាល់ដាក់លុយធំៗជាច្រើនលានរៀល សម្រាប់ជល់មាន់មួយគូៗ។ រីឯអាប៉ោងវិញក្នុងមួយគ្របគេចាក់លុយរាប់ពាន់ដុល្លារឯណោះក៍មាន។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សកម្មភាពនៃការលេង ល្បែងជល់មាន់និងអាប៉ោង ទាំងនោះគឺពួកគេ លេងជាប្រចាំរាល់ថ្ងៃតែម្ដងដោយគ្រាន់តែចល័តទីតាំងខុសៗគ្នាចំនួនបីកន្លែងគឺនៅក្នុង ឃុំរកាពប្រាំ ស្រុក ត្បូងឃ្មុំ ដដែល។ ដោយក្នុងមួយសប្ដាហ៍ពួកគេលេង៧ថ្ងៃគឺលេងនៅក្នុង ភូមិតាប៉ាវពេញទេស បីថ្ងៃពួកគេ ចល័តទៅលេងនៅ ភូមិ៨៣ ចំនួនពីរថ្ងៃរួចចល័តមកលេងនៅ ភូមិតាប៉ាវជ្រៃមីន ពីរថ្ងៃទៀត ពោលគឺលេង វិលជុំរហូត។ ទីតាំងទាំងបីកន្លែងនោះស្ថិតនៅជិតៗគ្នាតែម្ដង។

ប្រភពដដែលបន្តទៀតថា មូលហេតុដែល សង្វៀនជល់មាន់និងវង់អាប៉ោង ខាងលើនេះអាចដំណើរការទៅ បានយ៉ាងរលូននិងមានសុវត្ថិភាពបែបនេះ ក៍ព្រោះតែមានមេការម្ចាស់សង្វៀនម្នាក់ឈ្មោះ គុយ ជាអ្នកដកលុយ ថ្លៃតុងដែលពូកែទំនាក់ទំនងរត់ការជាមួយសមត្ថកិច្ចនិងអាជ្ញាធរដែនដីក្នុងការបើកល្បែងស៊ីសងដោយមានសុវត្ថិភាពគេមិនចាប់ឡើយ។ ទន្ទឹមនិងនោះបើមានរឿងអ្វីមិនស្រួលកើតឡើង ឬមានប្រតិកម្មអ្វីគេនឹងប្រាប់ដំណឹង ឱ្យដឹងជាមុន។

ជុំវិញករណីនេះលោក សាំ ហេង អធិការ ស្រុកត្បូងឃ្មុំ បានលើកឡើងនៅរសៀលថ្ងៃទី២៩ ខែតុលា នេះថា ករណីល្បែងស៊ីសងខាងលើពួកគេលួចលេងនៅចំណុចមាត់អូរហើយចល័តទីតាំងម្ដងត្រង់នេះម្ដងត្រង់នោះ។ លោកបន្តថា ខ្ញុំទទួលព័ត៌មានបានហើយខ្ញុំក៍បានចាត់អធិការរងម្នាក់និងកម្លាំង ប៉ុស្តិ៍រកាពប្រាំង ឱ្យឃ្លាំមើល ដើម្បីបង្ក្រាបល្បែងស៊ីសងទាំងនោះ។

ទោះបីជាមានការអះអាងថា ដាក់កម្លាំងបង្ក្រាបល្បែងពីសំណាក់សមត្ថកិច្ចបែបនេះក្ដី។ ក៍ប៉ុន្តែជាក់ស្ដែងសកម្ម ភាពនៃការលេងល្បែងជល់មាន់និងអាប៉ោងនៅក្នុងមូលដ្ឋាន ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ គឺក្រុមអ្នកញៀនល្បែង ស៊ីសងនូវតែបន្តលេងយ៉ាងសប្បាយគគ្រឹកគគ្រេងជាប្រចាំថ្ងៃជាដដែល។

លោក ប៉ែន រ័ត្ន ស្នងការ ខែត្រត្បួងឃ្មុំ បានថ្លែងទាំងហួសចិត្តនៅល្ងាចថ្ងៃទី២៩ ខែតុលា នេះថា កោតតែរឿង នេះអ្នកកាសែតដឹងរឿងគ្រប់តែគ្នា។ តែទោះជាយ៉ាងណាលោកនឹងមានវិធានការ។ លោកបានបន្តទៀតថា ខ្ញុំមិនទៅថោកទាបរឿងអីចឹងៗនោះទេ។ ខ្ញុំមិនបដិសេធរឿងហ្នឹងដែលកើតមានឡើងនោះទេ។

លោកបន្តថា ខ្ញុំធ្លាប់ក្លែងធ្វើជាថៅកែលេងមាន់ តែឱ្យកម្លាំងប៉ូលិសក្លែងក្លាយដាក់លុយតាមវឹងម្នាក់២០ដុល្លារ ៣០ដុល្លារយកការណ៍ឱ្យ ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម ហ៊ុយ វណ្ណៈ។  ខ្ញុំនឹងចាត់ការឱ្យប្អូនមើល…។ ប្រហែលពីរខែមុនដោយសារតែរឿងខាងលើហ្នឹងខ្ញុំដកមេប៉ុស្តិ៍អស់៥ទៅ៦ប៉ុស្ដិ៍ហើយ ដែលកន្លែងល្បីល្បាញ ល្បែងស៊ីសងហ្នឹង៕