វេទិកាផ្សព្វផ្សាយនៅ៥ក្រុងស្រុកនៃខែត្រព្រះសីហនុ ព្រមគ្នានាថ្ងៃទី០៩តែមួយ តែប្រជាពលរដ្ឋសម្ដែងក្ដីអស់សង្ឃឹមព្រោះពុំមានដំណោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់

0
116

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ ក្រុមប្រឹក្សាខេត្ដ និង រដ្ឋបាលខេត្ដព្រះសីហនុ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នៅតាមបណ្ដា៥ក្រុងស្រុក នៃខែត្រព្រះសីហនុ ព្រមគ្នានាថ្ងៃទី០៩ កុម្ភៈ ២០២១តែមួយពេល អ្នកចូលរួមភាគច្រើនជាមន្រ្តីរាជការ រីឯបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសរឿងទំនាស់ ដីធ្លីនៅតែពុំមានដំណោះស្រាយជូនពួកគាត់ ។ នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ។

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នៃក្រុមប្រឹក្សាខេត្ដព្រះសីហនុអាណត្តិទី៣ ឆ្នាំ២០២០ នៅតាមក្រុង ស្រុក ចំនួន៥ទីតាំង នៅពេលវេលាតែមួយក្នុងក្រុង២ និងស្រុក៣ នៃខេត្ដព្រះសីហនុ រៀបចំឡើង ដើម្បីផ្តល់ឱ្យកាសឱ្យប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន បានជួបគ្នាពិភាក្សា និង ដោះស្រាយបញ្ហាប្រឈមនានា ឬទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានជួបប្រទះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺក្រុងព្រះសីហនុ នៅសាលាបច្ចេកទេសដុនបូស្កូ ក្រុងកោះរ៉ុង នៅភូមិដើមថ្កូវ ស្រុកកំពង់សីលា នៅវត្ដកំពង់សីលា ស្រុកស្ទឹងហាវ នៅភោជនីយដ្ឋាន ហេងស៊ីដា និង ស្រុកព្រៃនប់ នៅភោជនីយដ្ឋាន ឡេងទ្រី ។ វេទិកានេះមើលទៅទំនងជាធំសម្បើមណាស់ ប៉ុន្តែវត្តមានរបស់ប្រជាពលរដ្ឋមានចំនួនតិច រីឯដំណោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ស្ដែងចេញមិនជាដុំកំភួនឡើយ ។

នៅក្នុងឱកាសនោះ និងបន្ទាប់ពីចប់កម្មវិធីវេទិកា តំណាងប្រជាពលរដ្ឋ ៥២គ្រួសារនៅភូមិថ្មី ឃុំនិងស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ដែលមានបញ្ហាជំនាស់ដីធ្លីដ៏រាំរ៉ៃ បានលើកឡើងនៅក្នុងវេទិកានោះថា ពួកគាត់ ដែលជាអ្នកមានបញ្ហាមានទុក្ខពិតប្រាកដ មេភូមិ មេឃុំ មិនបានប្រាប់ឱ្យចូលរួមវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះទ គឺមេភូមិ មេឃុំ ប្រាប់តែគ្នីគ្នាគេប៉ុណ្ណោះ ។

តំណាងប្រជាពលរដ្ឋបន្តថាហើយចំពោះបញ្ហារឿងដីធ្លីនៅតំបន់នេះពួកគាត់ជាអ្នករស់នៅអាស្រ័យផលជាក់ស្ដែងតាំងពីទសវត្សរ៍៩០មកម្លេះ ប៉ុន្ដែពួកគាត់អ្នករងគ្រោះ មិនបានទទួលនូវដំណោះស្រាយយុត្ដិធម៌អ្ វីពីអាជ្ញាធរស្រុកកំពង់សីលានោះទេ ដោយសារតាំងពីថ្នាក់ភូមិ រហូតដល់អភិបាលស្រុក គឺជាឈ្មួញគក់ជេទិញ-លក់ដី ។

លោកបន្ថែមទៀតថា ដីចម្ការរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយគម្រោងផ្លូវល្បឿនលឿន អាជ្ញាធរស្រុក គម្រាមកំហែងប្រជាពលរដ្ឋឱ្យទទួលយកសំណងផលប៉ះពាល់ក្នុងតម្លៃទាប (បើមិនយក គឺអត់) ។

ទីបញ្ចប់ប្រជាពលរដ្ឋ ស្នើសុំឱ្យប្រមុខដឹកនាំរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្ដាចាត់បញ្ជួនក្រុមការងារពិសេសចុះមកតាមដានអង្កេត អាជ្ញាធរខិលខូចមួយចំនួន នៅក្នុងមូលដ្ឋាននេះ ដែលជាមន្ត្រីគ្រាប់ល្ពៅ ឬមន្ដ្រីគីង្គក់លក់ថ្នាំស្រែង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យរាំងស្ទះការអភិវឌ្ឍន៍មូលដ្ឋាន និង សង្គមជាតិ ។

 

អភិបាលស្រុកកំពង់សីលា លោក សៅ បូរីវឌ្ឍនៈ ឆ្លើយតបការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើថា មិនដូចអ្វីដែលប្រជាពលរដ្ឋបាន លើកឡើងទាំងអស់នោះទេ បញ្ហាមួយចំនួនវាពាក់ព័ន្ធលក្ខណៈបច្ចេកទេសច្បាប់ ដែលពួកគាត់មិនទាន់បានយល់ច្បាស់នៅឡើយ។ រឿងរ៉ាវបញ្ហាដីធ្លីរបស់ពួកគាត់ ដែលបានលើកឡើងនេះ គឺដីមានប័ណ្ណកម្មសិទ្ធិ ដូច្នេះវាហួសដៃសមត្ថកិច្ចស្រុក និងអាជ្ញាធរស្រុក ក៍ធ្លាប់បានប្រាប់ឱ្យពួកគាត់ដាក់ពាក្យប្ដឹងទៅតុលាការដែរ ។

លោកអភិបាលស្រុកបានទទួលស្គាល់ថា បញ្ហាខ្វះការទំនាក់ទំនងល្អរវាងអាជ្ញាធរឃុំ និងជំនួយការឃុំ គឺ(មេភូមិ) វាអាចមានការខ្វះចន្លោះ ឬឆកល្វែង ហើយលោកស្នើឱ្យមេភូមិ មេឃុំ ត្រូវខិតខំយកចិត្ដទុកដាក់ពង្រឹងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីដឹងពីក្ដីសុខទុក្ខ ។

 

គួររំឭកថា ស្ទើរគ្រប់បញ្ហារបស់ប្រជាពលរដ្ឋនៅខែត្រព្រះសីហនុ មិនត្រូវបានគេដោះស្រាយដោយស្មើមុខមាត់នោះទេ ដូចជាករណីប្រជាពលរដ្ឋនៅតំបន់អូរខ្សាច់ ក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ប្ដឹងមន្រ្តីយុត្តិធម៌ និង ឧកញ៉ាអ្នកមានទ្រព្យ មិនត្រូវបានគេចាត់ការឡើយ គឺតម្កល់រឿងមិនចាត់ការ ក៏ប៉ុន្តែបើអ្នកមានទ្រព្យប្ដឹងប្រជាពលរដ្ឋវិញ កុំថាឡើយសរសេរពាក្យត្រឹមត្រូវ គ្រាន់តែប្ដឹងតាមទូរស័ព្ទ ក៏គេចាប់ប្រជាពលរដ្ឋដាក់គុកសិនដែរ ទោះជានៅថ្ងៃអាទិត្យក៏ដោយ ៕ សាមុត