ល្បែងស៊ីសងអនឡាញនៅតែបន្ដលេងក្នុងខែត្ររតនគិរី

0
104

រតនគិរី: អបាយមុខនៃល្បែងអនឡាញ បានបន្ដបើកលេងនៅ ក្រុងបានលុង ជាដដែលបើទោះបីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យបិទបនល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះក៏ដោយ។

ល្បែងអនឡាញ ស៊ីសងខុសច្បាប់នោះមាន ឆ្នោតឡូតូ អេស៊ាន និងមាន់ជល់អក្សខេ ( k ) ភាគច្រើនគេលេងតាមទូរស័ព្ទដៃ អាយផេត ឡេបថប កុំព្យូទ័រ និងលើកញ្ចក់ទូរទស្សន៍ ជាដើម។ល។ ល្បែងទាំងនោះភាគច្រើនគេលេងនៅតាមហាងកាហ្វេ និងហាងលក់ម្ហូបអាហារនានា។

ទាក់ទិនរឿងនេះសមត្ថកិច្ច និងអាជ្ញាធរ ក្រុងបានលុង ពុំសូវហ៊ានប៉ះពាល់ល្បែងទាំងនោះទេ។ ពីព្រោះតំណាងក្រុមហ៊ុនបានអះអាងថា ល្បែងអនឡាញ ទាំងនោះមានថៅកែធំម្នាក់រស់នៅ ភ្នំពេញ ហើយគាត់បានផ្ដាំថា បើមានគេទៅសួរនាំរកច្បាប់អនុញ្ញាតឲ្យគេសួរទៅ ស្នងការប៉ូលិស និងប៉េអឹមខែត្រទៅ…។

ក្រោយពីឮឈ្មោះថៅកែធំមានអំណាចរស់នៅ រាជធានីភ្នំពេញ ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ លែងហ៊ានទៅក្បែរទីតាំងដែលគេបើកលេងល្បែងខុសច្បាប់ទាំងនោះគឺដូចជាទុកឱកាសឲ្យជនខិលខូចនាំគ្នាលេងយ៉ាងអនាធិប តេយ្យពេញទី។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានសួរសំណួរតាម តេឡេក្រាម ដើម្បីសុំការបំភ្លឺពីលោក ធូ ឃឿអភិលបាលក្រុង ឲ្យជួយពន្យល់ច្បាប់លេងល្បែងនោះដែរ ក៏ប៉ុន្តែពុំមានអ្នកឆ្លើយតប។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ស្ដីពីការបិទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអនឡាញទោះបីក្នុងរូបភាពថតមាន់ជល់បង្ហោះតាម (facebook) ឬ លេងតាមទូរស័ព្ទដៃក៏ដោយគឺត្រូវតែបិទទាំងអស់។

អាជ្ញាធរ ខែត្ររតនគិរី និង ក្រុងបានលុង គេសង្ស័យថា ពុំទាន់បានជ្រាបពីខ្លឹមសាររបស់ ក្រសួងមហាផ្ទៃ ទេដឹង ? ទើបនៅ ក្រុងបានលុង បានបន្តឲ្យជនខិលខូចលេងល្បែងស៊ីសងអនឡាញបែបនេះ។

គួរបញ្ជាក់ថា នៅក្នុង ស្រុកអូរជុំ ឯណ្ណោះវិញក៏មានគេបើកលេងល្បែងស៊ីសងតាម អនឡាញ (online) ខុសច្បាប់ដូចគ្នានៅ ក្រុងបានលុង ដែរ។ តែប្លែកពី ក្រុងបានលុង បន្ដិចនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក ខៀវ ស៊ីថា អធិ ការរង ស្រុកអូរជុំ បានដឹកនាំកម្លាំងចុះទៅបន្លាចក្រុមអ្នកលេងល្បែងនៅផ្ទះឈ្មោះ ផល្លា និងផ្ទះ ស្រីរ័ត្ន រួចរំលងបានប៉ុន្មានថ្ងៃឃើញគេសង្គេតឃើញពួករកស៊ីល្បែងអនឡាញបើកលេងវិញដូចមុនដដែល៕