លោក ចាន់ ថន នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ទៅសម្ដេចតេជោក្រោយរងបណ្ដឹងពីមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

0
163

ដោយៈ អធិបតី
ភ្នំពេញៈ ក្រោយរងបណ្ដឹងពីលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ដែលបានប្ដឹងលោក បូរ ប៊ុនថន ហៅ ចាន់ថន នាយកប្រតិបត្តិ នៃគេហទំព័រ «ដើមរាំង» ទៅនាយកដ្ឋាន ព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមាន ការរើសអើងនោះមកឥឡូវលោក ចាន់ ថន កំពុងរៀបចំ “ភស្តុតាងនិងសាក្សី” ដើម្បីប្ដឹងសុំកិច្ច អន្តរាគមន៍ទៅ ក្រសួងពាក់ព័ន្ធជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបំណងស្នើសុំមេធាវីសម្ដេច តេជោការពារក្ដី និងសុំកិច្ចអន្តរាគមន៍លើបណ្ដឹងមួយនេះ។

ដោយផ្អែកថា «ដើមរាំង» «ផ្សាយមានប្រភពច្បាស់លាស់មិនបំពានសិទ្ធិអ្នកដទៃមិនបំភ្លៃការពិត» មិនចូលចិត្ត ឡាយតាមហ្វេសប៊ុកជេរប្រមាថគេឯងនោះឡើយ។ ពោលគឺផ្សាយនៅលើទំព័រព័ត៌មានស្របច្បាប់ គោរពតាម ក្រមសីលធម៌ និងវិជ្ជាជីវៈ នៃច្បាប់របបសារព័ត៌មាន។

នៅក្នុងលិខិតកោះហៅរបស់ នាយកដ្ឋានព័ត៌មានវិទ្យា បានកំណត់ឱ្យលោក ចាន់ ថន ចូលបំភ្លឺនៅព្រឹកទី១ ខែ សីហា ឆ្នាំ២០២២។ ករណីនេះលោកបានថ្លែងថា ខ្ញុំមិនរត់ទៅណាទេ ហើយខ្ញុំនឹងចូលបំភ្លឺតាមកាលបរិច្ឆេទ ដោយភ្ជាប់មកជាមួយនូវភស្តុតាង សាក្សីសម្រាប់បំភ្លឺជូននាយកដ្ឋាន។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពី ទទួលបានលិខិតកោះហៅបំភ្លឺ។ លុះខ្ញុំទូរស័ព្ទសួរទៅ លោកវរសេនីយ៍ទោ ថុន គីមថេង ទើបដឹងថា លោក ឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន ជាដើមចោទ និងជាអ្នកប្ដឹងខ្ញុំ។

លោក ចាន់ ថន បន្តថា បណ្ដឹងនេះធ្វើឡើងបន្ទាប់ពីគេហទំព័រ «ដើមរាំង» ចេញផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដែលមានចំណងជើងថា «ធ្លាយអំពើពុករលួយធ្ងន់ធ្ងរដែលនគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត គាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ»។

ក្នុងខ្លឹមសារនៃអត្ថបទនោះគឺបានដក ស្រង់សម្ដីការលើកឡើងពីអ្នកដំណើរចេញចូលពី កម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជា។ បងប្អូនអ្នកដំណើរបាននិយាយដូចៗគ្នាថា ពួកគាត់សុទ្ធតែបានបង់លុយជូនមន្ត្រី នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាថ្នូរនិងបោះត្រាលើលិខិតឆ្លងដែន {ប៉ាស្ព័រ} ។ ខណៈអ្នកអត់ {ប៉ាស្ព័រ} ត្រូវបង់លុយអស់ច្រើនចាប់គឺពី៧៥ដុល្លារទៅ១០០ដុល្លារក្នុងម្នាក់ៗសម្រាប់ការចេញចូលឆ្លងដែនទៅ វៀតណាម មួយជើងៗ។

លោក ចាន់ ថន ក៍បានចាត់ទុកការប្ដឹងរបស់ លោកឧត្ដមសេនីយ៍ ខាត់ សារ័ត្ន នៅពេលនេះគឺជាការអាងអំ ណាចតួនាទីបុណ្យស័ក្ដិធំប្ដឹងបំបាក់ស្មារតី អ្នកសារព័ត៌មាន ណាដែលហ៊ានផ្សាយការពិតលើកយកនូវភាព អសកម្មក្នុងការអនុវត្តតួនាទីរបស់ខ្លួនមកបង្ហាញជាសាធារណៈ ក៍ដូចជាការជូនព័ត៌មានទៅថ្នាក់ដឹកនាំក្នុងន័យ រិះគន់ដើម្បីស្ថាបនា។ ស្រពេលដែលអ្នកដំណើររិះគន់រឿងមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រព្រឹត្ត អំពើពុករលួយ។

លោក ចាន់ ថន អះអាងទៀតថា ក្នុងអត្ថបទនោះបានព្យាយាមសុំការបកស្រាយពីលោក ប្រាក់ អង្គាវិសាល នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែរតែលោកបដិសេធមិនធ្វើការបកស្រាយអ្វីឡើយរួច ហើយក៍បានព្យាយាមសុំលេខលោក ខាត់ សារ័ត្ន ដើម្បីបំភ្លឺផងដែរ ប៉ុន្តែលោក ប្រាក់ អង្គាវិសាល មិនឱ្យ។

ក្នុងនោះ «ដើមរាំង» ក៍បានបញ្ជាក់ដែរថា រឿងរ៉ាវនេះគ្រាន់តែទទួលព័ត៌មានច្បាស់ការណ៍តែម្ខាងប៉ុណ្ណោះ «ដើមរាំង» មិនធ្វើការសន្និដ្ឋានថា ជាការពិតឬយ៉ាងណានោះទេហើយក៍រង់ចាំបកស្រាយបំភ្លឺពីសាម៉ីខ្លួនរៀង រាល់ម៉ោងធ្វើការដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត។ ប៉ុន្តែរហូតមកទល់និងពេលនេះមិនមានការបក ស្រាយបំភ្លឺពីសាម៉ីខ្លួនឬចេញលិខិតបដិសេធស្នើឱ្យផ្សាយបំភ្លឺឡើងវិញឡើយស្រាប់តែលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត អាងអំណាចតួនាទីបុណ្យស័ក្ដិធំប្ដឹងលោក ចាន់ ថន ទៅនាយកដ្ឋានព័ត៌មានវិទ្យា រំលងច្បាប់ ស្ដីពីរបបសាព័ត៌មាន ទៅវិញ។

មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា និយមន័យ បទបរិហារកេរ្តិ៍ជាសាធារណ តាមមាត្រា៣០៥ នៃក្រមព្រហ្ម ទណ្ឌ គឺជាការលើកឡើងឬផ្សព្វផ្សាយចោទប្រកាន់ទម្លាក់កំហុសលើអ្នកដទៃដោយគ្មានមូលដ្ឋាន និងខុសការ ពិត។ បើបានប្រព្រឹត្តបែបនេះនឹងត្រូវពិន័យជាប្រាក់ចាប់ពី១០ម៉ឺនរៀលទៅ១០លានរៀល។

រីឯបទញុះញង់ឱ្យមានការរើសអើងវិញ បើតាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ គឺជាអំពើញុះញង់ដោយផ្ទាល់ តាមមធ្យោបាយណាមួយដែលមានចែងក្នុង មាត្រា៤៩៤ លក្ខខណ្ឌអត្ថិភាព នៃការញុះញង់ នៃក្រមនេះឱ្យប្រ ព្រឹត្ត ការរើសអើង ការគុំកួន ឬហិង្សាចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយដោយមូលហេតុបុគ្គលនេះជាស មាជិក ឬមិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន) រៀលទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀលប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

ទោះជាយ៉ាងណាក៍ដោយលោក ចាន់ ថន នៅតែអះអាងថា លោកផ្សាយព័ត៌មានគឺមានប្រភពច្បាស់លាស់មិន ចូលក្នុងបទស្មើសបរិហារកេរ្តិ៍ជាសាធារណៈនោះទេ ហើយលោកគ្រាន់តែផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាតែ ប៉ុណ្ណោះវាមិនបានញុះញង់លាបពណ៌ បញ្ចុះបញ្ចូលពីបុគ្គល១ឬច្រើនគ្នាឱ្យស្អប់រើសអើងលើបុគ្គលអង្គភាព ស្ថាប័នណាឡើយ គឺមិនចូលក្នុង បទញុះញង់ឱ្យមានការរើសអើង នោះទេ។

ក្នុងរឿងរ៉ាវនេះលោកនាយកដើមរាំងថា នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ទៅ ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ ក្រសួង មហាផ្ទៃ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំ មេធាវីការពារក្ដី និងសុំកិច្ច អន្តរាគមន៍លើបណ្ដឹងមួយនេះ៕