លោកមេធាវី ទេព ពៅ គាំងបេះដូងស្លាប់នៅក្នុងគ្លីនិកលីស្រីវីណា

0
564

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះថា លោកមេធាវី ទេព ពៅ មានអត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការចុកពោះក៍បានទៅពិនិត្យនៅ គ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានគាំងបេះដូងស្លាប់។

ក្រោយពីគ្រូពេទ្យដាក់សេរ៉ូមរួចលោកមេធាវី ទេព ពៅ ក៍បានគាំងបេះដូងស្លាប់ ទាំងស្លៀកខោខាវប៊យពណ៌ ខៀវខ្លី និងពាក់អាវយឺតក្រហមដៃខ្លីដែលដៃស្ដាំជាប់នឹងព្យួរសេរ៉ូម។

ជុំវិញបញ្ហានេះគេពុំអាចទំនងទំនាក់ទៅកាន់ គ្លីនិក លី ស្រីវីណា ដើម្បីសួរនាំបញ្ហានេះលម្អិតបានទេ។ តែមាន បុគ្គលិកស្រីម្នាក់បាននិយាយថា «ពួកគេកំពុងតែដោះស្រាយហើយ…» តែនៅពេលសួរនាំបញ្ហាអ្វីទៀតនោះ គឺបុគ្គលិកម្នាក់នេះបានបដិសេធមិនឆ្លើយនឹងសំណួរអ្នកកាសែតឡើយ។

គេក៍បានធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទលោកមេធាវី ទេព ពៅ ផ្ទាល់នោះដែរគឺលេខ ០៩២ ៦៦៦​ ១២២ តែមិនមានអ្នកទទួលទូរស័ព្ទនោះទេ។ តាមប្រភពព័ត៌មានចុងក្រោយសពលោកមេធាវី ទេព ពៅ ត្រូវបានគេយកទៅតម្កល់នៅ វត្តសំពៅមាស ខាងត្បូង ផ្សារអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជ ធានីភ្នំពេញ។

មានលោកមេធាវីវ័យក្មេងម្នាក់បាននិយាយថា គាត់ធ្លាប់ស្គាល់លោក ទេព ពៅ ច្បាស់ដោយកន្លងមកធ្លាប់ ជួបគ្នាក្នុងកម្មវិធីធំៗ និងធ្លាប់លេងបាល់ទាត់ក្រុមមេធាវីជាមួយគ្នា។ លោក ទេព ពៅ ទើបជាប់ជាមេធាវីស្ម័គ្រ ចិត្តសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រភពបន្តទៀតថា លោកមានការសោកស្ដាយជាខ្លាំងដែលបានបាត់បង់មេធាវីលោក ទេព ពៅ ជាធនធាន មនុស្សល្អដែលត្រូវជួយសង្គមកម្ពុជា។ លោកមេធាវី ទេព ពៅ ជាមនុស្សស្លូតត្រង់ និងជាអ្នកចូលចិត្តលេង កីឡាណាស់ដែរ តែពុំដឹងគាត់មានជំងឺអ្វី ?

គួរបញ្ជាក់ថា គ្លីនិក លី ស្រីវីណា ម្ចាស់គឺជាប្រពន្ធចុងលោក យឹម សុវណ្ណ អតីតអ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ស្ថិតនៅខាងត្បូង ផ្សារទួលទំពូង រាជធានីភ្នំពេញ។ រីឯលោកស្រី លី ស្រីវីណា ជាម្ចាស់គ្លីនិក នេះក៍ជាអតីតអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែរតែគាត់បានដាក់ពាក្យលាឈប់ធ្វើនយោបាយ យូរឆ្នាំមកហើយ៕