រឿងគ្រឿងញៀនជិត៥០គីឡូក្រាមតុលាការផ្តន្ទាទោសឧកញ៉ា គិត ធាង ដាក់ពន្ធនាគារ៤ឆ្នាំ

0
828

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ តុលាការបានប្រកាសសាលក្រមកាត់ទោសអ្នកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងអាជីវកម្មមជ្ឈមណ្ឌល កម្សាន្តរ៉ុក អ៊ិនធ័រធេនមេន សិនធ័រ ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀនជិត៥០ គីឡូក្រាម ក្រោមបទចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ខុសច្បាប់នៃសាធាតុញៀន និងបទសមគំនិត។ ការប្រកាសសាលក្រមផ្តន្ទាទោសពី សាលាដំបូងរាជធានីភ្នំពេញ នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

អ្នកឧកញ៉ា គិត ធាង ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ដោយលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ការកាត់ទោសនេះដែរ ជនជាប់ចោទបាន រួចខ្លួនជិតមួយ ខែមកហើយ ដោយថែមទាំងមាន ព្រះរាជក្រឹត្យតែងតាំងលោកឧកញ៉ា គិត ធាង ធ្វើជា សមាជិកសភាពាណិជ្ជ កម្មរាជធានីភ្នំពេញ។ ប៉ុន្តែត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់ខ្លាំងពេកសម្ដេចតេជោ សែន នាយករដ្ឋមន្ត្រីលុប ឈ្មោះចោលវិញ។

អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រួចនាំខ្លួនទៅកាន់ស្នងការនគររាជធានីភ្នំពេញ ដើម្បីសាកសួរ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចសន្យាចំនួនពីរលើកដែលអ្នកឧកញ៉ា គិត ធាង បានធ្វើជាមួយអាជ្ញាធរ មានសមត្ថកិច្ចនាពេលកន្លងមករួមមាន លើកទី១.នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ និងលើកទី២.នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

ដោយនៅក្នុងកិច្ចសន្យានោះអ្នកឧកញ៉ា គិត ធាង បានសន្យាថា “មិនអនុញ្ញាតឱ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនព្រមទាំងច្បាប់ផ្សេងៗ ទៀត។

បើទោះបីជាមានការធ្វើកិច្ចសន្យាចំនួនពីរដងរួចមកហើយក៍ដោយនៅក្នុង មជ្ឈមណ្ឌលកម្សាន្តរ៉ុករបស់អ្នក ឧកញ៉ា គិត ធាង នៅតែមានការជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដដែល។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១:៣០រំលងអធ្រាត្រ ប្រតិបត្តិការដឹកនាំបញ្ជាផ្ទាល់ របស់ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនិងជា ស្នងការនគរបាល រាជធានីភ្នំពេញលោក ស ថេត និងដោយ មានការដឹកនាំសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំង អធិការ ដ្ឋាននគរបាល ខណ្ឌចម្ការមន និងកងអន្តរាគមន៍ពិសេស ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានបង្ក្រា បបទល្មើសជាក់សែ្តងទីតាំង មជ្ឈមណ្ឌលកម្សាន្តរ៉ុក ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ប្រើប្រាស់សម្រួលនិងចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ កម្លាំងចម្រុះបានត្រួតពិនិត្យទីតាំងខាងលើចំនួន១៥បន្ទប់រកឃើញ និង ឃាត់ខ្លួនមនុស្សចំនួន៣១១នាក់ (ប្រុស២៥៦នាក់ ស្រី៥៥នាក់) និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើស មួយចំនួនបញ្ជូនមក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីសាកសួរ។

វត្ថុតាងសារធាតុញៀន ចាប់យកសរុបរួមមាន ថ្នាំគ្រាប់អិចស្តាស៊ីគ្រវី១២គីឡូក្រាម ២១៩.២៦ក្រាម កេតាមីន (Ketamine) ៨គីឡូក្រាម ៩៣៥.០៦ក្រាម, ថ្នាំបន្សាប (Nimetazepam) ៣០៥.១០ក្រាម ,មេតំហ្វេតាមីន (ICE) ១.៦ក្រាម ,ហេរ៉ូអ៊ីន (Heroine) ០.៦១ក្រាម ,សរុបសារធាតុញៀនទម្ងន់២១គីឡូក្រាម ៤៦១,៦៣ ក្រាម ,កញ្ឆាក្រៀមទម្ងន់៦៦,៤៣ក្រាម ,ធ្វើតេស្តបឋមមិនច្បាស់លាស់ទម្ងន់១៥,១៤គីឡូក្រាម (សង្ស័យ ធាតុគីមី) សម្បកវេចខ្ចប់ (សម្បកកែវចំនួន២៤៧ ,សម្បកកេស និងថង់ប្លាស្ទីកមួយចំនួន) ទម្ងន់ប្រហែល ១២គីឡូក្រាមសរុបរួមទម្ងន់៤៩,៤៤គីឡូក្រាម។

គួរបញ្ជាក់ថា ឧក្រិដ្ឋជនគ្រឿងញៀននៅ ប្រទេសវៀតណាមដែលអាជ្ញាធរគេរកឃើញមានទម្ងន់ត្រឹមតែកន្លះ  គីឡូក្រាម គឺបាញ់សម្លាប់ចោលតែម្តង។ រីឯស្រុកខ្មែរវិញមានទម្ងន់ជិត៥០គីឡូក្រាមជាប់ទោស៤ឆ្នាំ ហើយ រស់នៅក្រៅឃុំមានសេរីភាពធម្មតា…៕