រយ:ពេល២៦៤ថ្ងៃឆ្នាំ២០២០បង្រ្កាបគ្រឿងញៀនបានចំនួន៧,៥២៨ករណី

0
106

ដោយ៖ កោះប៉ែន
កំពង់ចាម៖ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន ថ្លែងថា រយ:ពេល២៦៤ថ្ងៃក្នុង ឆ្នាំ២០២០ ក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រ ទេសបង្រ្កាបបានចំនួន៧,៥២៨(ប្រាំពីរពាន់ ប្រាំរយម្ភៃប្រាំបី)ករណី និងចាប់បានជនសង្ស័យចំនួន​១៥,១៤៨នាក់។

នាយឧត្តមសេនីយ៍បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់ គណ:កម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម នៅសាលាខេត្តនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តទៀតថា បង្រ្កាបបានចំនួន៧,៥២៨ករណីរយ:ពេល ២៦៤ថ្ងៃនេះ គឺមានន័យថា ក្នុងមួយថ្ងៃបង្រ្កាបបានចំនួន២៩ករណី។ ចាប់ខ្លួនជនល្មើសសរុប ចំនួន ១៥,១៤៨នាក់ គឺក្នុងមួយថ្ងៃចាប់បានចំនួន៥៧នាក់។

លោក មាស វិរិទ្ធ មានប្រសាសន៍ទៀតថា ក្នុងចំនួន៧,៥២៨ករណីនេះ គឺមានចំនួន៤,៨០៤ករណី ជាករណី ជួញដូរគ្រឿងញៀន ដែលក្នុងមួយថ្ងៃបង្រ្កាបបានចំនួន១៨ករណីនិងចាប់ខ្លួនជនសង្ស័យ សរុបចំនួន ៩,០០៨នាក់ គឺមួយថ្ងៃចាប់បង្រ្កាបបានបញ្ជួនទៅកាន់ស្ថាប័នតុលាការចំនួន៣៤នាក់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ឆមាសទី១ ឆ្នាំ២០២០ ខេត្តកំពង់ចាម បាន ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បង្រ្កាបបានចំនួន១៩៩ករណី និងឃាត់ខ្លួនជនសង្ស័យបញ្ជួនទៅកាន់ តុលាការឃុំខ្លួនចំនួន៧០៣នាក់។ ចំនួននេះបើប្រៀបធៀបទៅរយ:ពេលដូចគ្នាកាលពីឆ្នាំ២០១៩ គឺបង្រ្កាប បានចំនួន១០០ករណី និងឃាត់ខ្លួនបានចំនួន២៩៨នាក់តែប៉ុណ្ណោះ។

អភិបាលខេត្តមានប្រសាសន៍ទៀតថា នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចយើង ដែលនាំឱ្យការ បង្រ្កាបមានការកើនឡើង និងមួយវិញទៀត ក៍បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាបើទោះជាភូមិសាស្រ្ត ខេត្តកំពង់ចាម មិនជាកន្លែងផលិតគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនក៍ដោយ។ ប៉ុន្តែវាបានធ្វើចរាចរ និងត្រូវបានប្រើប្រាស់ធ្វើ ជាកន្លែងជួញដូរ និងចែកចាយបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង៕