រដ្ឋមន្ត្រីការពារជាតិអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសលើវិស័យការពារជាតិ

0
143

ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម Lloyd James Austin III បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារព្រមទាំងបានសម្តែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ក៍បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២​ របស់ ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា។ លើកទី១ ឯកឧត្តម បានចូលរួមក្នុង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក កាលពី ឆ្នាំ២០២២។​​​ ក្នុងដំណើរទស្សនកិច្ចលើកទី២នេះ ឯកឧត្តម​​ មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើ វិស័យការពារជាតិ​​ ដោយសហរដ្ឋអាម៉េរិក នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិ ក៍បានបង្ហាញក្តីសោមនស្សរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួល កិច្ចសន្ទនាការពារជាតិ អាម៉េរិក-អាស៊ាន ក្នុង ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ បន្ថែមលើនេះ រដ្ឋមន្ត្រីការពារជាតិ ក៍បានសម្តែងនូវការកោតសរសើរអំពីជំនាញបោសសម្អាតមីន នៃកងទ័ពកម្ពុជា។

ឯកឧត្តម មានជំនឿជាក់ថា សហរដ្ឋអាម៉េរិក និងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសស ម្អាតមីននេះបន្ថែមទៀត។ ឯកឧត្តម ក៍បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរនូវកិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្ដូរទស្សនៈរវាងកម្ពុជា និងអាម៉េរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត​នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Lloyd James Austin III និងគណៈប្រតិភូ ព្រមទាំងបានអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងអាម៉េរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្ត្រី មក ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។

សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិ នឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ រវាងប្រទេសទាំងពីរដែលរួមមាន​ ការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម ការជួញដូរមនុស្សនិងការជួញដូរគ្រឿងញៀន ជាដើម។

សម្ដេចធិបតី និង ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាព នៅក្នុងតំបន់ និងអន្តរជាតិក៍ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

សម្ដេចធិបតី និង ឯកឧត្តម ក៍បានពិភាក្សាគ្នាផងដែរអំពី យន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និងការធ្វើសមយុទ្ធរួមគ្នារវាង កងទ័ពកម្ពុជា-សហរដ្ឋអាម៉េរិក។

សម្តេចធិបតី ក៍បានជូនពរ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅ កម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕