យោធាការពារព្រំដែនកម្ពុជាឡាវចាប់បានគ្រឿងញៀន៤២ដុំ

0
214

ដោយ: បាយ៉ង់ថែមស៍
ស្ទឹងត្រែង៖ កងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ចាប់គ្រឿងញៀនបាន ជាង៤០ដុំនៅពេលយាមល្បាតដើម្បីពង្រឹងសន្តិសុខតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កាលពីវេលា ម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនពី ប្រទេសឡាវ មក កម្ពុជា បានដឹកជញ្ជូនតាមម៉ូតូចាស់មួយគ្រឿងធ្វើដូចជាអ្នកធ្វើស្រែចម្ការអីចឹងដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ថ្នាំឆ្កួត​ នេះមានច្រកញ្ចប់មកជាមួយហើយផង។ នៅពេលក្រុមយោធាល្បាតប្រទះឃើញពួកឧក្រិដ្ឋជន គ្រឿងញៀន ក៍ទុកម៉ូតូនិងភស្តុតាងថ្នាំញៀននោះចោលនៅនឹងកន្លែងរួចគេចខ្លួនបាត់។

ប្រភពខាងលើបានឲ្យដឹងទៀតថា ការប្រទះឃើញជនជួញដូរគ្រឿងញៀនឆ្លងដែននោះនៅត្រង់ចំណុចលើកំ ណាត់ផ្លូវមួយខ្សែក្នុង តំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ៣៤និង៣៥ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តស្ទឹងត្រែង បានប្រគល់ភស្តុ តាងគ្រឿងញៀន ដែលចាប់បានពីក្រុមជួញដូរនោះជូនខាងកម្លាំង កងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។

ជាមួយនោះលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ក៍បានផ្តាំផ្ញើដល់ នាយទាហាន និងពលទាហាន ទាំងអស់ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់នៅតាម ព្រំដែន មានកម្លាំង នគរបាល កង រាជអាវុធហត្ថ និងកម្លាំងនៃស្ថាប័នជាច្រើនទៀត ត្រូវបន្តសហការគ្នាដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង សុវត្ថិភាពព្រំដែន ការពារសន្តិសុខតាមតំបន់ព្រំដែនឲ្យបានល្អថែមទៀត។ ព្រោះបញ្ហាគ្រឿងញៀន គឺជា មុខសញ្ញាមួយយ៉ាងសំខាន់ដែល ក្រុមឧក្រិដ្ឋជនតែងតែនាំចូលមកក្នុងប្រទេសកម្ពុជាយើង។

នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខាងកម្លាំងកងរាជអាវុធហត្ថខេត្ត បានទទួលយកវត្ថុតាងពី កង យោធា ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។ នៅក្នុងនោះមានថ្នាំញៀន ចំនួន៤២ដុំ និងម៉ូតូមួយគ្រឿង ត្រូវបានកសាងសំណុំរឿងទៅតាមនីតិវិធី៕