កំពង់ចាម: ដោយខ្វះការយល់ដឹង យុវជននៃវិទ្យាល័យសម្តេច ជួន ណាត ពីរនាក់លង់ទឹកស្លាប់ នៅពេលម្នាក់លោតចុះទៅជួយសង្គ្រោះគ្នានៅត្រង់ឆ្នេរខ្សាច់ ភូមិកោះកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
លោក យ៉ាន វន្នី នាយប៉ុស្តិ៍នគរបាល ឃុំកោះមិត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា នេះថា យុវជនរងគ្រោះទាំងពីរមានទីមួយឈ្មោះ ម៉ៅ ធ្នូ អាយុ១៨ឆ្នាំនៅ ភូមិវិហារ និងទីពីរឈ្មោះ លឹម មករា អាយុ១៩ឆ្នាំរស់នៅ ភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពួកគេទាំងពីរនាក់ជាសិស្សសាលា នៃវិទ្យាល័យសម្តេច ជួន ណាត។
នាយប៉ុស្តិ៍បានស្រង់សម្តីមិត្តភក្តិជនរងគ្រោះបញ្ជាក់ទៀតថា ពួកគេមានគ្នាប្រាំនាក់ ជាសិស្សវិទ្យាល័យសម្តេច ជួន ណាត នៅរសៀលថ្ងៃទី៣ ខែសីហា បាននាំគ្នាជិះម៉ូតូមកដើរកម្សាន្តនៅឆ្នេរខ្សាច់ត្រង់កន្លែងកើតហេតុខាងលើ។ ខណៈនោះឈ្មោះ លឹម មករា ជាមិត្តភក្តិបានចុះទៅលេងទឹកនៅជាប់ឆ្នេរខ្សាច់នោះក៍បានដើរដល់កន្លែងទឹកជ្រៅផុតដៃផុតជើងបានលង់ស្រែកឲ្យជួយ។ វេលានោះឈ្មោះ ម៉ៅ ធ្នូ ក៍លោតចុះទៅជួយសង្គ្រោះ ក៍ប៉ុន្តែទាំងពីរសុទ្ធតែមិនចេះហែលទឹកដូចគ្នាបន្តិចសោះក៍ឱបគ្នាលិចបាត់តែម្តង។
លោក វន្នី បានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើសមត្ថកិច្ច និងអាជ្ញាធរ បានសហការគ្នារុករកជនរងគ្រោះបាត់ខ្លួនក៍ប្រទះឃើញសពទាំងពីរនាក់ហើយបានស្រង់សាកសពមកពិនិត្យនិងធ្វើកោសល្យវិច័យដោយសន្និដ្ឋានថា ទាំងពីរនាក់ពិតជាស្លាប់លង់ទឹកពិតប្រាកដមែន ហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីខ្មែរ៕