យកស្រាធ្វើជាត្រីមុខៈអភិបាលរងខែត្រកែបឈ្មោះ ភូ លិ បានបញ្ចេញចរិតពាលដាក់ស្ត្រីទន់ខ្សោយ

0
200

ដោយៈ អធិបតី
កែបៈ អបាយមុខ នាំមកនូវក្ដីវិនាស ! យកស្រាធ្វើជាត្រីមុខលោក ភូ លិ អភិបាលរង ខែត្រកែប បានបៀតបៀន ប្រពន្ធគេ ហើយថែមទាំងប្រើហិង្សាទៅលើស្ត្រីម្នាក់ទៀតគឺបានយកកែវស្រាគប់បណ្ដាលឱ្យនាងបែកត្របកភ្នែក ដេរ១៦ថ្នេរ។ ទង្វើដ៏ឃោរឃៅអសីលធម៌ ឬចរិតពាលពី សំណាក់អភិបាលរងខែត្រនេះកើតឡើងកាលពីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីជប់លៀងឡើងដំណែងលោក អ៊ិន សៅ ជាប្រធានមន្ទីរបរិស្ថាន ខែត្រថ្មី។

ស្ត្រីរងគ្រោះបែកត្របកភ្នែកខាងស្ដាំមានឈ្មោះ ខូវ ហ៊ុយឡាំង រងរបួសយ៉ាងធ្ងន់ធ្ងរដេរចំនួន១៦ថ្នេរ កំពុងស ម្រាកព្យាបាលនៅ មន្ទីរពេទ្យ។ រីឯស្ត្រីដែលត្រូវលោកអភិបាលរង ខែត្រកែប បៀតបៀនមានយើងសូមប្រសិទ្ធ នាមឈ្មោះថា «បទុម»។ នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូនបានទៅចូលរួមពិធីជប់លៀងឡើង ដំណែងលោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថាន ខែត្រកែប នៅត្រង់ចំណុចទល់មុខ ព្រះរាជដំណាក់ក្សត្រីយានី ស្ថិតក្នុង ភូមិកែប សង្កាត់កែប។

យោងតាមប្រភពពីសាច់ញាតិស្ដ្រីរងគ្រោះបានលើកឡើងថា ស្ត្រីរងគ្រោះ និងបងប្អូនបានហូបអាហាររួមតុជា មួយក្រុមគ្រួសារលោក អ៊ិន សៅ ក៍ស្រាប់តែមួយសន្ទុះក្រោយមកលេចមុខលោក ភូ លិ អភិបាលរង ខែត្រកែប ដែលអង្គុយនៅតុផ្សេងបានដើរមករកតុជនរងគ្រោះក្នុងស្ថានភាពស្រវឹងស្រា ហើយបានថើបក្បាលស្ត្រីនាង បទុម ដែលត្រូវជាសាច់ញាតិនឹងឈ្មោះ ខូវ ហ៊ុយឡាំង។

ប្រភពបន្តថា ភ្លាមៗនោះនាង បទុម បាននិយាយទៅកាន់លោក ភូ លិ ថា “ លោកធ្វើអីចឹងមិនសមទេ ! ខ្ញុំមាន ប្ដីហើយ…កុំធ្វើអីចឹងមិនត្រឹមត្រូវទេ ! ”។ ខណៈនោះលោក ភូ លិ ក៍បានដើរចេញទៅតុរបស់ខ្លួនវិញមួយភ្លែត ក៍ស្រាប់តែដើរត្រលប់មកម្ដងទៀតទើបស្ត្រីរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូនព្រមទាំងឈ្មោះ បទុម ផងនោះបានក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះវិញស្រាប់តែលោក ភូ លិ យកកែវស្រាគប់មកលើ នាង ខូវ ហ៊ុយឡាំង បណ្ដាលបែកត្របកភ្នែកស្ដាំឈាមស្រោចពេញខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរ ពេទ្យដេរ១៦ថ្នេរ។

បើទោះបីជាសកម្មភាពជាក់ស្ដែងយ៉ាងណាក្ដីគេសង្គេតឃើញសមត្ថកិច្ចនៅកន្លែងកើតហេតុមិនបានឃាត់ខ្លួនលោក ភូ លិ ភ្លាមៗនោះឡើយ។ ព្រោះគាត់ជាអភិបាលរង ខែត្រកែប ដែលគ្មានអ្នកណាហ៊ានប៉ះពាល់…។

ទាក់ទងករណីហិង្សាខាងលើនេះលោក ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូង ខែត្រកែប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នគរបាលយុត្តិធម៌ មិនបានឃាត់ខ្លួនលោក ភូ លិ នោះទេ។ លោកបញ្ជាក់ទៀតថា «ខ្ញុំបានដឹងរឿងនេះហើយ។ រឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការ របស់ មន្ត្រីនគរបាលយុត្តិធម៌ នៅឡើយ»។

នៅក្នុងរឿងដដែលនេះមិនមែនមានតែស្ដ្រីរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង ម្នាក់ទេគឺមានស្ដ្រីរងគ្រោះឈ្មោះ បទុម ដែលរងនូវការបៀតបៀនក៍បានដាក់ពាក្យប្ដឹងលោក ភូ លិ អភិបាលរង ខែត្រកែប នេះដែរដើម្បីឱ្យ ស្ថាប័នមានសមត្ថកិច្ចជួយរកយុត្តិធម៌។

គួររំលឹកផងដែរថា ករណីហិង្សានិងបៀតបៀនលើស្ត្រីដែលបង្កឡើងដោយ អភិបាលរង ខែត្រកែប នេះក្រុម គ្រួសារ និងជនរងគ្រោះព្រមទាំងមហាជនទូទៅធ្វើការសំណូមពរទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេត្តាជួយរកយុត្តិធម៌ ជូនជនរងគ្រោះនិងចាត់វិធានការលើជនល្មើសទៅតាមផ្លូវច្បាប់ឱ្យ ស័ក្ដិសមនឹងទង្វើពាលរបស់បុគ្គលនេះ៕

លោក ភូ លិ អភិបាលរង ខែត្រកែប ដែលប្រើអំពើហិង្សាលើស្ត្រីទន់ខ្សោយ !