ការបំពានលើច្បាប់ និងសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាល ដោយយកឆ្នេរសមុទ្រមកធ្វើជាកម្មសិទ្ទិនោះ រដ្ឋបាល ខែត្រកែបក្រោមការដឹកនាំរបស់លោក សោម ពិសិដ្ឋ មានសមត្ថភាពក្នុងការទប់ស្កាត់តែពលរដ្ឋតូចតាច ឬយ៉ាង ណា ? អ្នកមានលុយមានអំណាច បានបំពានសាលារៀនសហគមន៍មួយនេះ តើអភិបាល ខែត្រកែប ហ៊ានយកច្បាប់មកអនុវត្តដែរ ឬទេ ? ឬក៏លោករែកមកជាមួយតែតួនាទី ដោយមិនបានរែកច្បាប់មកជាមួយឬ ? ទើបបានជាលោកមើលមិនឃើញមាត្រាណាមកអនុវត្តន៍សោះ នូវតែបណ្តែតបណ្តោយឲ្យជនអគតិមកធ្វើព្យុះធ្វើភ្លៀង នៅដែនសមត្ថកិច្ចរបស់ខ្លួនអីចឹង ?
នៅដើមឆ្នាំនេះ ការរំលោភបំពានចង់បានដីសាធារណៈរបស់រដ្ឋនៅក្នុង ខែត្រកែប ពីសំណាក់ក្រុមអ្នកមានលុយ និងមានអំណាចគឺពេញនិយមតែម្ដងមិនដឹងថា ម្ចាស់សំណង់រឹងដែលសាងសង់នៅលើដីចំណីឆ្នេរសមុទ្រមានបុណ្យស័ក្ដិឋានៈតួនាទីធំជាងលោក សោម ពិសិដ្ឋ ហើយមើលទៅទីតាំងដែលកំពុងសាងសង់របងថ្មខ្នាតយក្ស និងសំ ណង់រឹងមាំបែបអភិជនជ្រកក្រោមហេតុផលទិញលក់ដោះដូរដីរដ្ឋតៗគ្នាបែបនេះ។
យោងប្រកាសស្តីពី គ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៃរាជរដ្ឋាបាល ជំពូក១០ ទោសប្បញ្ញត្តិ មាត្រា៧២,៧៣ និងមាត្រា៨០,៨១និង៨២ មានខ្លឹមសារថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋជា អចលនទ្រព្យ ដោយខុសច្បាប់ដូចមានចែងក្នុង មាត្រា ៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ) ឆ្នាំ ដល់៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ (បួនលានរៀលទៅដប់លានរៀល)។
នៅក្នុង មាត្រា៨០ អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទួលការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីទទួលដំណឹងអំពីការរំលោភលើកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់របស់រដ្ឋ លើទ្រព្យសម្បត្តិរបស់រដ្ឋ ដែលព្រងើយកន្តើយដោយមិនចាត់វិធានការតាមផ្លូវច្បាប់ឲ្យទាន់ពេលវេលា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ដល់៣ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ដល់ ១០លានរៀល។
លោក ឃន វុទ្ធី អភិបាល ក្រុងកែប តាមរយៈទូរស័ព្ទលោកមិនខ្ចីលើក សារតេឡេក្រាម លោកចូលមើលសារ ហើយក៏មិនខ្ចីឆ្លើយតបអ្វីដែរ។ តើលោកអភិបាលក្រុងថ្មីរូបនេះធ្លាប់បានស្តាប់ប្រសាសន៍របស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត ដែរឬទេ ? ដែលឲ្យមន្ត្រីសហការជាមួយ អ្នកសារព័ត៌មាន នោះ ? លោក សោម ពិសិដ្ឋ អភិបាល ខែត្រកែប ក៏លោកធ្លាប់បាននិយាយនៅក្នុងវេទិកាសាធារណៈមួយនៃមូលដ្ឋាន ខែត្រកែប ដែរថា « គាត់យក អ្នកការសែត ជាគូរសង្សា ហើយសហការី និងមន្ត្រីទាំងអស់នៅ ខែត្រកែប ត្រូវសហការផ្តល់ព័ត៌មានជូន អ្នកកាសែត ដោយតម្លាភាព »។
ចំណែកឯលោក ប៊ុន យោង អ្នកនាំពាក្យនៃរដ្ឋបាល ខែត្រកែប អង្គភាពសារព័ត៌មានយើង ក៏មិនអាចសុំធ្វើការស្រាយបំភ្លឺបានដែរពីព្រោះ តេឡេក្រាម ចូលមើលតែគ្មានអ្នកឆ្លើយតប…។
រីឯម្ចាស់ទីតាំងសំណង់នោះលោកបានដាក់អាគមគាថា បំបាំងបាត់ ឬយ៉ាងណា ? ទើបអង្គភាពសារព័ត៌មានយើងបានព្យាយាមស្វែងរកប្រភពម្ចាស់ទីតាំងដែរ ប៉ុន្តែគ្មានអាជ្ញាធររូបណាស្គាល់ និងមិនហ៊ានប្រាប់សោះ។ សំណង់គ្មានឈ្មោះ គ្មានច្បាប់នេះអាចសង់បានយ៉ាងរលូនដោយមិនខ្វល់ពីការចុះផ្អាករបស់អាជ្ញាធរ ក្រុងកែប នោះទេបើទោះបីជាអាជ្ញាធរធ្លាប់បានចុះផ្អាកម្តងរួចមកហើយក្ដី។
ប្រជាពលរដ្ឋរស់នៅ ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ មួយចំនួនបានបញ្ចេញមតិតាមរយៈការផ្សាយផ្ទាល់ផេកផ្លូវការ នៃសារព័ត៌មាន ក្នុងស្រុកមួយដែលបានផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកថា « ខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀតមានដីជាប់ឆ្នេរដូចគេដែរ តែមិនអាចធ្វើបាននោះទេ។ ដោយឡែកអ្នកមានលុយ មានអំណាច បុណ្យស័ក្ដិធំគេអាចធ្វើបានជាបន្តបន្ទាប់ បើពលរដ្ឋស្លូតត្រង់វិញបើហ៊ានតែធ្វើដល់ថ្នាក់ហ្នឹងជាប់ គុកឥឡូវហើយ… »។
មួយវិញទៀតពួកគាត់មានចម្ងល់ថា ដីជាប់ឆ្នេរដូចគ្នា ដែលមានទីតាំងស្ថិតនៅ ភូមអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។ (ចំណុចតំបន់ស្រែយុល) វិញគ្រាន់តែធ្វើផ្ទះ ឬសំណង់តូចតាចមិនបានផង ចាក់ដីតែ២ឡាន គឺអាជ្ញាធរចុះមកដល់ភ្លាមៗតែម្តង មិនតែប៉ុណ្ណោះរដ្ឋបាលស្រុកក៏ធ្លាប់បានចេញលិខិតហាមឃាត់ពួកគាត់មិនឲ្យធ្វើការសាងសង់ថែមទៀតផង។
គួររំលឹកថា រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំ០១ សរណន ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៅកម្ពុជានៅ ឆ្នាំ២០១២ រួចមកហើយ។ ដូច្នេះពលរដ្ឋ ខែត្រកែប លោករង់ចាំមើលថា អភិបាលខែត្រហ៊ានបញ្ចេញស្នាដៃ ឬ យ៉ាងណា ? អង្គភាពយើងរង់ចាំធ្វើការបកស្រាយបំភ្លឺជានិច្ចពីសំណាក់រដ្ឋបាលខែត្រ ក៏ដូច ក្រុងកែប ផងដែរ៕