មេភូមិទួលត្បែងនិងបក្ខពួករកស៊ីខ្សាច់អត់បង់ពន្ធចូលរដ្ឋហើយថែមទាំងយកប្រជាពលរដ្ឋធ្វើខែលបាំងមុខទៀត

0
402

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ប្រជាពលរដ្ឋរកស៊ីខ្សាច់លក្ខណៈគ្រួសារតូចតាច ចូកប៉ែល និងចប បានចោទប្រកាន់ លោកមេ ភូមិ ទួលត្បែង ថា បានបើករបរអាជីវកម្មរកស៊ីខ្សាច់ខ្នាតមធ្យមអត់បង់ពន្ធចូលរដ្ឋ ហើយជាអាជ្ញាធរភូមិថែមទៀត ដោយមានពេលខ្លះគាត់បានយកប្រជាពលរដ្ឋមកធ្វើជាខែលបាំងមុខ នៃអំពើអាក្រក់របស់ខ្លួន និងសាច់ញាតិ ពីរនាក់ទៀតព្រោះតែផលប្រយោជន៍គ្រួសារនិយម។

ស្ទឹងស្លាគូ គឺសម្បូរទៅដោយធនធានធម្មជាតិ «រ៉ែខ្សាច់» ទឹកសាប។ ស្ទឹងសម្បូរខ្សាច់ដែលមានផ្លូវជាតិលេខ៣ ឆ្លងកាត់នេះស្ថិតក្នុង ភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោក គង់ ទូច ធ្វើជា មេភូមិទួល ត្បែង ផងនិងជាអាជីវកររកស៊ីខ្សាច់ខ្នាតមធ្យមផង ជាមួយដន្លង និងបងថ្លៃ ដែលពួកគាត់ពុំបានបង់ពន្ធចូល
ថវិការដ្ឋអស់មួយរៀលឡើយខណៈក្នុងមួយខែៗក្រុមនេះរកប្រាក់ចំណូលបានយ៉ាងតិចចាប់ពី៥០០០ដុល្លារ ទៅ៦០០០ដុល្លារអាម៉េរិក។

ប្រជាពលរដ្ឋម្នាក់រស់នៅ ភូមិទួលត្បែង ឃុំជាងទង ដែលធ្លាប់រកស៊ីចូកខ្សាច់ដោយប៉ែលនិងចបលក់នៅ ស្ទឹង ស្លាគូ ឥឡូវបានបញ្ឈរចប និងប៉ែល ដោយការធ្វើទុក្ខទោសមិនឱ្យពួកគាត់ចូលទៅយក ខ្សាច់ស្ទឹងស្លាគូបាន ឡើយក្រៅពី មេភូមិ ដន្លង និងបងថ្លៃ មេភូមិ។ បុរសដែលមានគោយន្តកែច្នៃដឹកខ្សាច់បានប្រាប់ឱ្យដឹងនៅព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ​នេះថា លោក គង់ ទូច ជាអ្នករកស៊ីលក់ខ្សាច់ខ្នាតមធ្យមមាន សាស័រ ចូកខ្សាច់ជា មួយ ដន្លង និងបងថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះលោកមេភូមិបានរារាំងមិនឱ្យពលរដ្ឋផ្សេងៗទៀតរកស៊ីខ្សាច់ជាល ក្ខណៈគ្រួសារបានទេ។

ប្រភពដដែលបន្តទៀតថា កុំថាឡើយតែប្រជាពលរដ្ឋរកស៊ីលក្ខណៈគ្រួសារគឺសូម្បីតែ ក្រុមហ៊ុន សុខ ខន រកស៊ី ខ្សាច់មានអាជ្ញាបណ្ណបង់ពន្ធចូលរដ្ឋត្រឹមត្រូវ ហើយថែមទាំងបានទិញផ្លូវចូលទៅកន្លែងធ្វើខ្សាច់ទៀត នោះក៍ ក្រុមបក្ខពួកមេភូមិធ្វើបាបមិនស្ទើរដៃនោះដែរ។ លោកមេភូមិបានកូរក្រុមហ៊ុន សុខ ខន ឱ្យទៅទិញដីរបស់
គាត់ដែលមានទំហំ៧០អា មិនចាំបាច់ហើយមានតម្លៃថ្លៃទៀតផង។ នៅពេលក្រុមហ៊ុនធ្វើផ្លូវចូលយកខ្សាច់គឺ លោកមេភូមិបានកោះហៅប្រជាពលរដ្ឋមកជួបជុំគ្នាធ្វើជាខែលបាំងមុខដោយបានប្រកាសពីការធ្វើផ្លូវហើយប្រាប់ ពលរដ្ឋថា អាចចេញចូលអាស័យផលលើផ្លូវនោះបាន និងអនុញ្ញាតឱ្យពលរដ្ឋដែលមានមុខរបរកាយខ្សាច់ លក់នោះដោយប្រើតែ ប៉ែលឬចបសម្រាប់ចូកនិងរថយន្តកែច្នៃហើយមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ ឬគ្រឿង ចក្រចូលទៅចូកឬកាប់យកដីខ្សាច់តាមផ្លូវនោះបានឡើយ។ នេះជាកិច្ចសន្យា របស់ក្រុមហ៊ុនរកស៊ីខ្សាច់មាន អាជ្ញាបណ្ណជាមួយពលរដ្ឋ។ ក៍ប៉ុន្តែជាក់ស្ដែងគឺមានតែលោក គង់ ទូច បងថ្លៃ តែម ចេង និងដន្លង ស៊ឹម សាន តែប៉ុណ្ណោះដែលអាចបើកបររថយន្តធ្វើអាជីវកម្មដឹកខ្សាច់លើផ្លូវនេះបានយ៉ាងរលូន…។

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក គង់ ទូច បានទទួលស្គាល់ថា លោកពិតជាបាន រកស៊ីខ្សាច់ខ្នាត មធ្យមមែន ហើយក៍មិនបានបង់ពន្ធជូនរដ្ឋនោះដែរ។ ប៉ុន្តែលោកបានបដិសេធថា លោកមិនបានហាមឃាត់ ប្រជាពលរដ្ឋរកស៊ីលក្ខណៈគ្រួសារចូកខ្សាច់នឹងប៉ែល ឬចបនោះទេ។ ព្រោះពលរដ្ឋនិងក្រុមហ៊ុនមានអាជ្ញាបណ្ណ
បានធ្វើកិច្ចសន្យារួមគ្នាមួយ គឺក្រុមហ៊ុនធ្វើផ្លូវថ្នល់ រីឯពលរដ្ឋវិញធ្វើស្ពាន ដើម្បីទៅយកខ្សាច់នៃការរកស៊ីរួមគ្នា។

លោក មេភូមិទួលត្បែង រូបនេះបន្តទៀតថា ការចោទប្រកាន់ខាងលើមិនត្រឹមត្រូវទេ។ ព្រោះខ្ញុំបានប្រកាសឱ្យ បងប្អូនពលរដ្ឋដែលបានចេញលុយធ្វើស្ពានហើយមានរថយន្តខ្នាតក្រោម៥តោនអាចចូលទៅដឹកយកខ្សាច់បាន ចំពោះតែអ្នករស់នៅក្នុងភូមិតែប៉ុណ្ណោះ។ សម្រាប់អ្នករស់នៅខាងក្រៅភូមិ គឺមិនអនុញ្ញាតចូលយកខ្សាច់បាន ទេ។ សព្វថ្ងៃបើក្រុមហ៊ុនមិនចុះយកខ្សាច់គឺពួកយើងបានយក សាស័រ ទៅចូកនិងបូមខ្សាច់ ក្នុងស្ទឹងដោយ ផ្ទាល់។ តែបើក្រុមហ៊ុនកំពុងធ្វើខ្សាច់យើងមិនបានចុះទៅយកខ្សាច់នោះឡើយ។ យើងក៍ពុំបានដឹងថា ធ្វើត្រឹម ណាលក្ខណៈគ្រួសារ ? ធ្វើត្រឹមណាខ្នាតមធ្យមនោះដែរ ?

ប្រភពពីប្រជាពលរដ្ឋម្នាក់ទៀត ដែលរកស៊ីខ្សាច់ត្រូវ បញ្ឈរប៉ែល និងចប រស់នៅភូមិឃុំខាងលើបានឆ្លើយតប លោក គង់ ទូច វិញយ៉ាងចាស់ដៃថា បើទោះជាក្រុមហ៊ុនគេមិនធ្វើការក៍ដោយគឺក្រុមបក្ខពួកមេភូមិក៍មិនអាច ចូលទៅចូកយកខ្សាច់ដោយ សាស័រ និងអាអ៊ិច បានជាដាច់ខាត។ ពួកគាត់មានសិទ្ធិត្រឹមតែចូលចូកយកខ្សាច់ ដោយ ប៉ែលឬចប តែប៉ុណ្ណោះ។ មេភូមិគាត់និយាយបានពីរោះណាស់ តែធាតុពិតប្រជាពលរដ្ឋសូម្បីតែម្នាក់ ក៍មិនអាចចូលទៅយកខ្សាច់បានក្រៅពីបងប្អូនមេភូមិដែរដូចជា លោកមេភូមិ ដន្លង និងបងថ្លៃ។ល។

ពលរដ្ឋដដែលបានបង្ហាញឈ្មោះបក្ខពួក មេភូមិទួលត្បែង ទាំងនោះថា អ្នកដែលរកស៊ីខ្សាច់ខុសច្បាប់នោះមាន ទីមួយឈ្មោះ តែម ចេង ត្រូវជាដន្លងលោកមេ ភូមិទួលត្បែង។ លោក តែម ចេង មានអាអ៊ិចកាយដីខ្សាច់ សាស័រចូកខ្សាច់ និងម៉ាស៊ីនបូមខ្សាច់ គឺមួយចប់តែតែម្ដង។ ចំណែកលោកមេភូមិវិញមាន សាស័រ ឡាននិង
ម៉ាស៊ីនបូមខ្សាច់ និងទីបីបងថ្លៃមេភូមិ គឺលោកតា ស៊ឹម សាន មានសាស័រចូកខ្សាច់ រថយន្តហ៊ីយ៉ានដាយដឹក ខ្សាច់ពីរតោនកន្លះ ដើម្បីធ្វើអាជីវកម្មខ្សាច់អត់បង់ពន្ធចូលរដ្ឋមួយរៀលឡើយ។

ជុំវិញករណីខាងលើ លោកមេ ឃុំជាងទង មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ ចំណែកលោក កៅ វ៉ាក់សែល អភិបាល ស្រុក
ត្រាំកក់ ឯណេះវិញបានរុញរឿងនេះឱ្យពលរដ្ឋដែលមានការតវ៉ាទៅជួបជាមួយលោកមេឃុំថា តើមានពលរដ្ឋប៉ុន្មាននាក់ធ្វើការតវ៉ាមកឃុំសិន? ហើយបន្ទាប់មកចាំ
ជួបលោកដោយផ្ទាល់ដើម្បីរកដំណោះស្រាយ។

ប្រធានការិយាល័យ មន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ឈ្មោះ រ៉េន បានប្រាប់ បាយ៉ង់ថាមស៍ ឱ្យដឹងនៅព្រឹក ថ្ងៃ ទី១ ខែកក្កដា នេះថា «បើកាលណារកស៊ីខ្សាច់លក្ខណៈម៉ាស៊ីនបូមអីចឹង មិនមែនជាលក្ខណៈគ្រួសារនោះទេ។ ខ្ញុំនឹងឆ្លងយោបល់ទៅលោក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ដើម្បីចាត់ការរឿងហ្នឹង។ រឿងនេះគួរតែ ប្រាប់ទៅលោកមេ ឃុំជាងទង ហើយ ស្រុកត្រាំកក់ ដើម្បីធ្វើការដោះស្រាយគ្នា៕

IMG_8022

IMG_8022