មុននឹងបាត់បង់ដីយើងខ្ញុំសូមដឹងឈ្មោះអ្នកណាជាអ្នកប្លន់ដីពួកខ្ញុំផង! ហើយស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមានចំណាត់ការជាបន្ទាន់កុំចាំដល់ថ្នាក់លើស្រែកទើបភ្ញាក់ខ្លួន

0
92

ដោយ: អធិបតី

កំពង់ឆ្នាំ: គ្រឿងចក្រជាច្រើនអមដោយកម្លាំងប៉េអឹម ស្រុកកំពង់ត្រឡាច ជាច្រើននាក់បាននឹងកំពុងរំលោភ ចាក់ដីចូលទីតាំងដីស្រែមួយកន្លែងជាប់រោងចក្រតិកហ្វុក ស្ថិតក្នុង ភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ ត្រឡាច ខែត្រកំពង់ឆ្នាំង។ សកម្មភាពនេះត្រូវម្ចាស់ដីនៃជាជនរងគ្រោះចាត់ទុកជាការរំលោភអំណាចគំរាម កំហែង និងប្លន់យកដីស្រែរបស់គាត់ស្រស់ៗតែម្តង។

រយៈពេលជិតមួយសប្តាហ៍ហើយ បើគិតតាំងពីថ្ងៃដែលគ្រឿងចក្របានសម្រុកចូលចាក់ដីនៅកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅដីដែលជាប់ព្រំរបស់លោក កែ សុំ ដែលកម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច បង្ហាញវត្តមានចាំការពារគ្រឿងចក្រ និងទប់ស្កាត់មិន អោយមានការតវ៉ាណាមួយកើតឡើងពីសំណាក់ម្ចាស់ ដីបានទិញ និងកំពុងអាស្រ័យផលតាំងពី ឆ្នាំ២០០២ ដោយទុកឳកាសឱយភាគីខាងគ្រឿងចក្រដែលមាន រថយន្តជាច្រើនគ្រឿងបន្តដឹកដីចាក់បំពេញដីស្រែមួយកន្លែងដែលមានទំហំ៤០ម៉ែត្រគុណនឹង៥០ម៉ែត្រតាម បណ្តោលផ្លូវលំជាប់របងរោងចក្រតិកហ្វុក។

បុរសពោះម៉ាយមានវ័យ៦៥ឆ្នាំ ដែលមានកូន៥នាក់ឈ្មោះ កែ សុំ ដែលជាមន្រ្តីយោធាចូលនិវត្តន៍បានប្រាប់ អោយដឹងថា ពួកគេបានចាក់ដីចូលដីនៅតំបន់នោះចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះ។ដំបូងឡើយគេចាក់ដីនៅក្បែរ នោះមិនទាន់មកដល់ដីរបស់លោកទេរហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះទើបចាក់ចូលដី របស់លោក។ លោកមានការបារម្ភណាស់ ហើយរត់ប្តឹងប៉ូលិសអោយជួយឃាត់។ តែទោះជាមានការសួរនាំ ហាមឃាត់ពីសំណាក់ប៉ូលិស ស្រុកកំពង់ត្រឡាច យ៉ាងណាក្តីក៍ក្រុមនោះមិនបញ្ឈប់សកម្មភាពខ្លួននោះដែរ ដោយបានលើកឡើងថា ដីនេះជារបស់មេគេ។ គេចុះមកមានការចាត់តាំងពី ថ្នាក់ខែត្រ មានទាំង ព្រះរាជអាជ្ញា ជាអ្នកបញ្ជា និងមានច្បាប់អនុញ្ញាតអោយចាក់ដីផងដែរ។ ពួកគេបានរុញអោយប្តឹងខែត្រថែមទៀតផង។

លោក កែ សុំ បានបន្តទៀតថា ដីស្រែនោះលោកបានទិញពីលោក ឆាយ សាម៉េន និងប្រពន្ធឈ្មោះ ញ៉ន សឿន កាលពីអំឡុង ឆ្នាំ២០០២ ហើយលោកតែងតែធ្វើស្រែជាប់ជារៀងរហូតមកមិនដែលបោះបង់ចោល នោះទេ រហូតឈានដល់គេធ្វើរោងចក្រព័ទ្ធរបងទើបទឹកមិនអាចហូរចេញចូលបានលោកក៍ប្តូរពីធ្វើស្រែមកដាំ ឈូកជំនួសវិញ។

យោងតាមឯកសារកិច្ចសន្យាព្រមព្រៀងលក់ដីដែល អង្គភាពយើងទទួលបានអោយដឹងថា ភាគី «ក» មាន លោក ឆាយ សាម៉េន ជាប្តីនិង ប្រពន្ធឈ្មោះ ញ៉ន សឿន មានទីលំនៅ ភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខែត្រកំពង់ឆ្នាំង បានលក់ដីស្រែមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខែត្រកំពង់ឆ្នាំង មានព្រំប្រទល់ខាងជើងទល់និងផ្លូវរទេះ ខាងត្បូងទល់និង សយ សៀប ខាងកើតទស់និងផ្លូវរទេះ ខាងលិខទល់និងដីចិន អោយទៅភាគី «ខ» ឈ្មោះ កែ សុំ រស់នៅ ភូមិអន្លុងត្នោត ភូមិលង្វែក ស្រុកកំពង់ត្រឡាច ខែត្រកំពង់ឆ្នាំង ក្នុងតម្លៃ២ជី (មាស៩៩) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០០២ និងមានការទទួលស្គាល់ពី លោកមេភូមិ មេឃុំ យោងតាមលិខិតលេខ ២០៦/០៣ ផងដែរ។

សាក្សី និងប្រជាពលរដ្ឋជាច្រើននាក់ដែលមិនបានចេញឈ្មោះអស់នៅមូលដ្ឋាននោះបានអោយដឹងថា ដីនោះ ពិតជាដីរបស់លោក កែ សុំ ពិតមែន ហើយចាត់ទុកក្រុមយកគ្រឿងចក្រមកចាក់ដីបំពានទាំងនោះគឺជា ពួកប្លន់ ដីរាស្ត្រ។ ពីព្រោះបើធ្វើត្រឹមត្រូវហេតុដូចម្តេចចាំបាច់ប្រើកម្លាំងកងទ័ពមកការពារគ្រឿងចក្រ? នេះជាការគំរាម កំហែងប្រជាពលរដ្ឋស្លូតត្រង់យកឈ្មោះ មន្ត្រីថ្នាក់ខែត្រ យកឈ្មោះព្រះរាជអាជ្ញា តុលាការមកប្រើប្រាស់ដើម្បី ផលប្រយោជន៍ខ្លួន និងបក្ខពួក។

វត្តមានកម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ដែលបានទៅឈរជើងនាទីតាំងនោះត្រូវបានមន្រ្តីម្នាក់បង្ហើ បអោយដឹងថា ការចុះទៅនោះមិនមែនជាការកាងអោយភាគីគ្រឿងចក្រនោះទេ។ ពោលការចុះទៅនោះដោយ សារមានបញ្ជាពី ថ្នាក់លើ ហើយក៍មិនទទួលបានលិខិតបេសកកម្ម ឬមានស្ថាប័នច្បាប់ណាចូលរួមនោះដែរគឺ បំណងសំខាន់ក្នុងការចុះទៅដើម្បីសង្កេតមើលក្រែងមានបាតុភាពហិង្សាណាណាមួយកើតមានឡើង។ មន្រ្តីរូប ដដែលបន្តថាមានតែប្រើប្រាស់យន្តការច្បាប់ដែលមានស្រាប់ប្តឹងទៅភាគីពាក់ព័ន្ធទើបរកមុខអ្នកនៅពីក្រោយ ខ្នងឃើញក្នុងនាមលោកដែលទទួលបញ្ជាមេមិនអាចសន្និដ្ឋានថា ភាគីខាងណាខុស ខាងណាត្រូវនោះទេ។

លោក ឈឹម វុទ្ធា អភិបាល ស្រុកកំពង់ត្រឡាច បានបដិសេធការផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ។ លោកបញ្ជា ក់ខ្លីថា ជាប់ប្រជុំហើយក៍ចុចបិទទូរស័ព្ទបាត់ទៅ។ ដូច្នេះការចាក់ដីនោះមានច្បាប់ ឬយ៉ាងណាក៍មិនបានចម្លើយ នោះដែរ។

គួរបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុង ស្រុកកំពុងត្រឡាច នេះហាងឆេងដីបានហក់ឡើងខ្ពស់ គួរអោយកត់សម្គាល់ហើយដីតំបន់នោះភាគច្រើនជារបស់ឧកញ៉ាដ៏មានឥទ្ធិពលផងដែរ។ តែជុំវិញរឿងរ៉ាវ នៃការចាក់ដីចូលដីស្រីប្រជាពលរដ្ឋទន់ខ្សោយនេះមិនទាន់ដឹងច្បាស់ថា អ្នកណានៅពីក្រោយខ្នងនៅឡើយ ទេ។ ពីព្រោះតាំងពី ថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកមិនមានប្រភពណាមួយហ៊ាននិយាយនោះទេ។ ដូច្នេះអង្គភាព សារព័ត៌មានយើងខ្ញុំ ក៍រង់ចាំបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធផងដែរ៕