មានមន្ត្រីគ្រាប់ល្ពៅស្ងោរ៦រូបនៅពីក្រោយការដាក់បេក្ខភាពលោក អឿ ម៉េងចុង ដែលមានកំហុសត្រូវគេដកបញ្ឈរជើងជាងពីរឆ្នាំហើយឱ្យមកធ្វើជានាយកវិទ្យាល័យព្រះសុរាម្រឹត វិញ

0
306

ដោយៈ អធិបតី
ខែត្រកំពង់ឆ្នាំៈ យោងតាមរបាយការណ៍ នៃគណៈកម្មការចម្រុះដឹកនាំដោយ អភិបាលរង ខែត្រកំពង់ឆ្នាំង ស្ដីពី លទ្ធផល នៃការចុះធ្វើការស្រាវជ្រាវរកឃើញរឿងអាស្រូវរបស់លោក អឿ ម៉េងចុង អតីតនាយកវិទ្យាល័យ ព្រះ បាទសុរាម្រឹត គឺការគ្រប់គ្រងធ្លាក់ចុះយ៉ាងគំហុកមានសម្ដីអាក្រក់គំនុំអ្នកនៅក្រោមបង្កាប់ និងការចាយវាយ ថវិកាសាលាខុសនីតិវិធីជាច្រើន។ ក្នុងករណីនេះហើយគាត់ត្រូវបាន មន្ទីរអប់រំខែត្រ ដកបញ្ឈរជើងអស់រយៈ ពេលជាងពីរឆ្នាំមកហើយ ក៍ប៉ុន្តែឥឡូវមានមន្ត្រីគ្រាប់ល្ពៅស្ងោរមួយក្រុមតូចដែលនៅពីក្រោយខ្នងរឿងនេះក៍ បានព្យាយាមដាក់បេក្ខភាព «នាយកចាស់» មកកាន់កន្លែងដដែលធ្វើឱ្យលោកគ្រូអ្នកគ្រូមានការថ្នាំងថ្នាក់ចិត្ត ជាខ្លាំង។

លោក អឿ ម៉េងចុង អតីតនាយកសាលា ដែលត្រូវបាន មន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពង់ឆ្នាំង គឺលោក ស៊ឹម ប្រិម ដកបញ្ឈរជើង ឬផ្អាកភារកិច្ចតាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ហើយក៍បានតែងតាំងលោកស្រី លឿង បញ្ញាវុឌ្ឍ ជានាយិកាស្ដីទី នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត ដើម្បីបន្តនិរន្តរភាពការងាររហូតសព្វថ្ងៃតែ មិនទាន់ត្រូវបានតែងតាំងជា នាយិកាពេញសិទ្ធិ ឬក៍ដាក់លោកគ្រូអ្នកគ្រូណាផ្សេងដែលមានសមត្ថភាព និង មានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ស័ក្តសមជាថ្នាក់ដឹកនាំនៅឡើយ។

អតីតនាយកសាលារូបនេះ នាពេលកន្លងទៅថ្មីៗនេះបានដើរអួតក្អេងក្អាងប្រាប់គេឯងថា លោកនឹងត្រូវបាន ថ្នាក់ដឹកនាំតែងតាំងឱ្យធ្វើជា នាយកវិទ្យាល័យ ព្រះបាទសុរាម្រឹត វិញឆាប់ៗខាងមុខ។ បើយោងតាមការឱ្យ ដឹងពី លោកគ្រូអ្នកគ្រូ និងអតីតសិស្សានុសិស្ស នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត។

លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ ព្រះបាទសុរាម្រឹតភាគច្រើនបានទោមនស្សយ៉ាងខ្លាំងបន្ទាប់ពី កើតមានរឿង អាស្រូវដ៏ចម្រូងចម្រាស់នៅក្នុងវិទ្យាល័យរបស់ពួកគាត់។ លោក ម៉េងចុង ត្រូវបានគេដកបញ្ឈរជើងអស់ រយៈពេលជាងពីរឆ្នាំមកហើយ ឥឡូវមានមន្ត្រីគ្រាប់ល្ពៅស្ងោរក្នុង ខែត្រកំពង់ឆ្នាំង ៤នាក់ ពីររូបនៅមន្ទីរអប់រំ ពីរនាក់ទៀតនៅសាលា ខែត្រកំពង់ឆ្នាំង និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងអប់រំយុវជន និង កីឡា ឋានៈជា ឯកឧត្តម ពីររូប។ ក្រុមន្ត្រីគ្រាប់ល្ពៅស្ងោរទាំង៦រូបខាងលើបានភូតភរកុហក់ថ្នាក់ដឹកនាំ និងជួយជ្រោមជ្រែងឱ្យដាក់លោក អឿ ម៉េងចុង ជាបេក្ខភាព នាយកវិទ្យាល័យ ព្រះបាទសុរាម្រឹត វិញ។

ហើយបើយោងតាមរបាយការណ៍ នៃគណៈកម្មការចម្រុះ ដឹកនាំដោយលោក ស៊្រន សំឫទ្ធី អភិបាលរង ខែត្រ កំពង់ឆ្នាំង ជាប្រធាន មាន៦ទំព័រ ដែលបានចុះធ្វើការស្រាវជ្រាវអស់រយៈពេល៣ខែ គឺចាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានជួបសម្ភាសផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូចំនួន៧៥នាក់ ក្នុងចំណោមលោកគ្រូអ្នកគ្រូចំនួន១៦៥នាក់។

នៅក្នុងរបាយការណ៍ស្រាវជ្រាវខាងលើចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានជម្រាបជូនអភិបាល ខែត្រកំពង់ ឆ្នាំង (ឯកឧត្តម ឈួរ ច័ន្ទឌឿន) នៅក្នុងសេចក្ដីសន្និដ្ឋានបានបញ្ជាក់ច្បាស់លាស់២ចំណុចសំខាន់ថា « ទី១. ការដឹកនាំ គ្រប់គ្រងអង្គភាពមានការធ្លាក់ចុះជាគំហុកដែលកើតចេញពីការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ទំនាស់គំនុំគុំកួនផលប្រយោជន៍ជាបក្ខពួកនិយម និងបន្តធ្វើឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុងកាន់តែធំឡើងៗ។ ទី២.ការគ្រប់គ្រង អនុវត្តថវិកាចំណាយផ្សេងៗ (ក្រៅពីថវិការដ្ឋ និងដៃគូ) របស់នាយកសាលា មានតម្លាភាព គណនេយ្យភាពតិចតួច និងមិនស្របតាមនីតិវិធីហិរញ្ញវត្ថុដូចជាៈ ពុំមានកិច្ចបញ្ជីការគណនេយ្យ និងសម្ភារ ច្បាស់លាស់។ សម្រេចអត្តនោម័តិដោយខ្លួនឯង មិនគោរពតាមការណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាល ដោយបានប្រមូលលុយពីសិស្សធ្លាក់មធ្យមភាគក្នុងបរិបទ កូវីដ.១៩ ដែលនាំឱ្យប៉ះពាល់សតិអារម្មណ៍ និងមានការថ្នាំងថ្នាក់ពីអាណាព្យាបាលសិស្សានុសិស្ស»។

ដោយទើបមកកាន់តំណែងថ្មី ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល ខែត្រកំពង់ឆ្នាំង កាលចុង ខែមីនា ឆ្នាំ២០២៣ មានប្រសាសន៍យ៉ាងដូច្នោះថា នៅវិទ្យាល័យ ព្រះបាទសុរាម្រឹត បើតាមការពិនិត្យកន្លងមក មានការពាក់ព័ន្ធ នឹងទំនាស់គ្នាពី បក្ខមួយទៅបក្ខមួយ។ អីចឹងតម្រូវឱ្យក្រុមការងារចុះសិក្សាវិនិច្ឆ័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ មុននឹងឈានដល់ការតែងតាំងថ្នាក់ដឹកនាំថ្មី។

អភិបាលខែត្របន្ថែមទៀតថា យើងក៍បានប្រជុំជាមួយ មន្ទីរ ក្រសួង កន្លងមក និងយើងកំពុងតែធ្វើការសម្រប សម្រួលដោះស្រាយ។ ដូច្នេះទើបមិនទាន់មានការតែងតាំង នាយិកា ឬនាយកថ្មី នៅឡើយទេ។ ប៉ុន្មានថ្ងៃមុន នេះក្រសួងក៍បានចុះមកធ្វើការសម្របសម្រួលរកយន្តការមួយដែរ។ ឥឡូវខាងជំនាញរបស់សាលាខែត្រ និង ខាង ក្រសួងអប់រំ កំពុងតែធ្វើការជាមួយគ្នា…។

លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពង់ឆ្នាំង គឺជាអ្នកដកលោក អឿ ម៉េងចុង បញ្ឈរ ជើងកន្លងមក។ ក៍ប៉ុន្តែនៅពេលថ្មីៗនេះលោកបែរជាដាក់បុគ្គលដែលកំពុងតែមានរឿងអាស្រូវ ពុករលួយ នោះចូលមកធ្វើការកន្លែងចាស់វិញ។ លោកប្រធានមន្ទីរអប់រំ បានប្រាប់ «បាយ៉ង់ថាមស៍» ឱ្យដឹងកាលពីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ថា ឥឡូវនេះលោកស្នើសុំគោលការណ៍ខែត្ររួចហើយ ប៉ុន្តែមិនទាន់ដឹងថា ការ សម្រេចយ៉ាងណានោះទេ។ ការតែងតាំងនាយិកាថ្មីស្ដីទីគឺដើម្បីបន្តនិរន្តរភាពនៅពេលក្រុមការងារចុះធ្វើការ ស្រាវជ្រាវកន្លងមក។ ដោយសារ នាយកចាស់ មិនមានកំហុសណាធំដុំទើបលោករៀបចំសុំគោលការណ៍ទៅ រដ្ឋបាលខែត្រ។ តែរឿងសម្រេចមិនសម្រេចគឺស្ថិតនៅលើ អភិបាល ខែត្រកំពង់ឆ្នាំង។

អនុប្រធានមន្ទីរអប់រំ ខែត្រកំពង់ឆ្នាំង គឺលោក គិត មីនារិទ្ធិ បានបដិសេធតាមប្រព័ន្ធទូរស័ព្ទថា លោកមិនដឹង អ្វីទេ។ លោកមិនជាប់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងដាក់បេក្ខភាពលោក អឿ ម៉េងចុង ជានាយកវិទ្យាល័យ ព្រះបាទសុរាម្រឹត វិញនោះទេ។ នោះវាជាកិច្ចការរបស់លោកប្រធានមន្ទីរទេ។

លោកគ្រូម្នាក់បង្រៀននៅ វិទ្យាល័យ ព្រះបាទសុរាម្រឹត សុំមិនបញ្ចេញអត្តសញ្ញាណ បានរៀបរាប់ពីដំណើររឿង អាស្រូវពុករលួយនិងប្រវត្តិមិនល្អនៃការដឹកនាំរបស់លោក អឿ ម៉េងចុង អតីតនាយក របស់ខ្លួនថា គាត់ត្រូវបាន គេដកបញ្ឈរជើងតាំពី ខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជាង២ឆ្នាំមកហើយ។ សព្វថ្ងៃគាត់ដើរអួតក្អេងក្អាង ប្រាប់គេឯងថា គាត់នឹងមកធ្វើជា នាយក នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត វិញ។

លោកគ្រូបានរៀបរាប់បន្តទៀតថា ប្រមុខ រាជរដ្ឋាភិបាល យល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងបរិបទ កូវីដ -១៩ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឱ្យគ្រប់សាលារៀនយកលុយពីសិស្សទេបើទោះ ជាក្នុងទម្រង់ណា ក៍ដោយ។ បទបញ្ជានេះ គេផ្សព្វផ្សាយតាមបណ្តាញព័ត៌មានជាតិនានាជាច្រើនបើ មានជនណាល្មើសលោក មិនលើកលែងឱ្យទេ និងរដ្ឋមន្ត្រី ក្រសួងអប់រំ ក៍បានថ្លែងបន្តខ្លឹមសារនេះក្នុងសារពេលបើកបវេសនកាលទៀត ផងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក៍ប៉ុន្តែជាអកុសលមានបុគ្គល២នាក់ថ្លើមធំពាសមេឃហ៊ានប្រព្រឹត្តល្មើស។ ទី១.អ្នកគ្រូម្នាក់បង្រៀននៅ សាលាបឋមសិក្សាសន្ធរម៉ុក បានយកលុយសិស្ស៦០.០០០ (ប្រាំមួយម៉ឺនរៀល) ត្រូវគេដកចេញពី សាលាសន្ធរម៉ុក ឱ្យទៅធ្វើការនៅ សាលាជាយ ក្រុងភ្នំពេញ។ ទី២.លោក អឿ ម៉េងចុង យក លុយពីសិស្សជាង២២លានរៀលគ្រាន់តែត្រូវបានដកបញ្ឈរជើងបណ្ដោះអាសន្នជាង២ឆ្នាំប៉ុណ្ណោះ ហើយឥឡូវ ឮដំណឹងថា គាត់រត់ការបានចូលអង្គភាពដើមវិញ។ បើដូច្នោះមែន តើហេតុអ្វីបានជាវាសនាអ្នកទាំងពីរនាក់ ខុសគ្នាឆ្ងាយម្ល៉េះ ? លោក ម៉េងចុង ចេះវិជ្ជាបន្ទន់ចិត្តថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មែនឬ ?

លោកគ្រូសង្កត់ធ្ងន់ថា លោកមិនគាំទ្រឱ្យលោក អឿ ម៉េងចុង មកធ្វើជាថ្នាក់ដឹកនាំសាលាវិញជាដាច់ខាត។ ព្រោះគាត់ជាបុគ្គលប្រើប្រាស់តែមនុស្សខូចៗដូចជា មេខ្យល់ជំនាញខាងដើរប្រមូលស្នាមមេដៃ ញុះញង់ បង្ក ព្យុះភ្លៀង បំបែកបំបាក់ផ្ទៃក្នុងអង្គភាព ជាហូរហែ ហើយចុងក្រោយហ៊ានដាក់បញ្ជប្រមូលលុយពីសិស្សក្នុង បរិបទ កូវីដ-១៩ ដោយមិនខ្វល់ពីប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អ្វីបន្តិចឡើយ។

លោកគ្រូម្នាក់ទៀត ដែលបង្រៀននៅវិទ្យាល័យ ព្រះបាទសុរាម្រឹត នោះដែរបានប្រាប់ បាយ៉ង់ថាមស៍ កាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណថា «បើលោកប្រធាន មន្ទីរអប់រំ ឆ្លើយប្រាប់ខាងសារព័ត៌មានថា អឿ ម៉េងចុង មានកំហុសតិចតួច។ តើហេតុអ្វីបានជា ប្រធានមន្ទីរ មិនដាក់ឱ្យគាត់ចូលធ្វើការងារវិញភ្លាមៗទៅ ? ហេតុអ្វីបានជាទុកគាត់ឲ្យដេកស៊ីប្រាក់បៀវត្សរ៍មិនធ្វើការងារ អ្វីសោះអីចឹង ? រួចហើយបានចេញជា អនុប្រធានមណ្ឌលប្រឡងបាក់ឌុប ជារៀងរាល់ឆ្នាំទៀត ? ហើយឆ្នាំ នេះទៀតសោតក៍បានមកបំពេញសាលាកបត្រ ចេញជា គណៈកម្មការប្រឡង ទៀតដោយមិនដែលមកធ្វើ ការសោះ ? ជាងហ្នឹងទៅទៀតបុគ្គល អឿ ម៉េងចុង នេះតែងតែមករករឿងក្រុមបរិស្ថានសាលា ពេលគេអភិ វឌ្ឍន៍បង្ករឿងជារឿយៗធ្វើឲ្យមានផលវិបាកដល់ គណៈគ្រប់គ្រង បច្ចុប្បន្នទាំងខ្លួនឯងគ្មានតួនាទីជា នាយក សោះ»។

ការលើកឡើងរបស់ ប្រធានមន្ទីរអប់រំ ខែត្រកំពង់ឆ្នាំង វាផ្ទុយពីរបាយការណ៍ ដែលខាង មន្ទីរ អធិការកិច្ចទំនាក់ ទំនងសភា និងព្រឹទ្ធសភា ខែត្រកំពង់ឆ្នាំង និងសាម៉ីមន្ទីរ បានផ្ញើជូន ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ ថា បុគ្គល អឿ ម៉េងចុង ពិតជាមានកំហុសធ្ងន់ធ្ងរលោកគ្រូបានបញ្ជាក់។

ទាក់ទិននឹងបញ្ហាមិនប្រក្រតីខាងលើ តួអង្គលោក អឿ ម៉េងចុង ធ្លាប់បានលើកឡើងជាមួយនឹងសម្ដីទន់ភ្លន់បាទ ៗនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ថា ខ្ញុំមិនបានតាមដានពីរឿងប្រាក់ខែនោះទេ ប៉ុន្តែដល់ដាច់ខែខ្ញុំទៅ បើកៗ…។ លោកបន្ថែមថា ខ្ញុំមិនបានដឹងពីរឿងដែលខ្ញុំត្រូវមកធ្វើជា «នាយកសាលា» នេះម្ដងទៀតនោះទេ។ ចំណែកការចោទប្រកាន់ រឿងកិបកេងស៊ីដាច់លុយកាក់ កន្លងមកលោកចាត់ទុកថា ជារឿងចោទប្រកាន់។ ចំ ពោះគណៈកម្មការចម្រុះរបស់ខែត្រចុះអង្គេតរឿងបាត់លុយកន្លងមកលោកមិនដែលបានឃើញរបាយការណ៍នោះទេ។

ឆ្លើយតបនឹងការលើកឡើងរបស់លោក ប្រធានមន្ទីរអប់រំ និងលោក អឿ ម៉េងចុង មានលោកគ្រូម្នាក់ទៀតចេញ មកបញ្ជាក់បន្ថែមដោយលើកជាសំណួរសង្កត់ធ្ងន់ៗថា «តើហេតុអ្វីបានជារឿងរបស់លោក អឿ ម៉េងចុង ដដែល ហ្នឹងកាលពីដំបូង នៃការស៊ើបអង្កេត ស្រាវជ្រាវ និងវាយតម្លៃរបស់ ក្រុមអធិការកិច្ច នៃសាលាខែត្រ បានវាយ តម្លៃថា លោក អឿ ម៉េងចុង មានកំហុសធ្ងន់ធ្ងរ ? នេះទីមួយ។ ទីពីរៈ ក្រុមអធិការកិច្ចរបស់មន្ទីរអប់រំ ខែត្រ កំពង់ឆ្នាំង ផ្ញើរបាយការណ៍ ដែលជាឯកសារទៅសាលាខែត្រ ក៍ដូចជាផ្ញើទៅ រដ្ឋមន្ត្រីក្រសួងអប់រំ ថា បុគ្គលអឿ ម៉េងចុង នេះមានកំហុសយ៉ាងច្រើន…។ នេះបើយោងលើរបាយការណ៍ស៊ើបអង្កេត នៃឯកសារ។

លទ្ធផល នៃការស៊ើបអង្កេតស្រាវជ្រាវរបស់ ក្រុមអធិការកិច្ចទាំងពីរខាងលើរកឃើញ និងវាយតម្លៃថា លោក អឿ ម៉េងចុង មានកំហុសធ្ងន់ធ្ងរ។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀត គឺសមាសភាព នៃក្រុមការងារស៊ើប អង្កេតស្រាវជ្រាវ វាយតម្លៃទាំងពីរនោះសុទ្ធតែមានវត្តមានចូលរួមពីសំណាក់លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ ទាំងអស់។ ចុះហេតុអ្វីបានជាទុករឿងនេះនៅយូរវែងអន្លាយរហូតដល់ជាង២ឆ្នាំទើបលោក ស៊ឹម ប្រិម និយាយ ថា បុគ្គល អឿ ម៉េងចុង នោះមានកំហុសបន្តិចបន្តួចទៅវិញ ? តើរឿងរ៉ាវនេះវាសាបរលាបឬ ? ឬមួយទោសកំ ហុសទាំងនោះត្រូវបានរសាយរសាត់បាត់ទៅតាមពេលវេលាដោយសារលោក ប្រធានមន្ទីរអប់រំ ស៊ឹម ប្រិម បាន លេបថ្នាំបន្ទន់ឆ្អឹងរបស់លោក អឿ ម៉េងចុង បាត់ទៅហើយទេដឹង ? »។

តាមប្រព័ន្ធតេឡេក្រាមកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អភិបាល ខែត្រកំពង់ឆ្នាំង និងលោក អភិបាលរងខែត្រម្នាក់ មិនអាចសុំការបញ្ជាក់បានទេថា តើសាលាខែត្រ បានសម្រេច និងតែងតាំងអ្នកណាជា «នាយកវិទ្យាល័យ ព្រះបាទសុរាម្រឹត» នោះ ? ។

គួរបញ្ជាក់ថា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ក៍ដូចជាប្រជាពលរដ្ឋមួយចំនួនក៍បានធ្វើការសំណូមពរ ទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ និងលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមមេត្តាបើកការស៊ើប អង្គេត រឿងអាស្រូវពុករលួយរបស់ អតីតនាយក វិទ្យាល័យ ព្រះបាទសុរាម្រឹត នេះផងហើយសូមឱ្យមានការ តែងតាំងថ្នាក់ដឹកនាំថ្មីដែលមានសមត្ថភាពដើម្បីធ្វើឱ្យសាលាមួយនេះកាន់តែរីកចម្រើនឡើង៕