ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ មន្ត្រីមួយចំនួនបានចោទប្រកាន់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១២ ខែសីហា នេះថា លោកបានប្រព្រឹត្តអំពើពុករលួយដោយ កាត់ប្រាក់យន្តការ ដែលក្រសួងបានផ្តល់ឲ្យស្ថាប័នតាម រាជ ធានី ខេត្ត ក្នុងការចំណាយផ្សេងៗដើម្បីអនុវត្តផែនការការងារប្រចាំខែរបស់ស្ថាប័នទាំងនោះជំនួសវិញ។
ប្រភពបានឲ្យដឹងថា បន្ទាប់ពី ក្រសួងពាណិជ្ជកម្ម បានហាមឃាត់សកម្មភាពអំពើពុករលួយលែងឲ្យមានកាត់ ប្រាក់រង្វាន់លើកទឹកចិត្តរបស់មន្ត្រី ក.ប.ប.ប្រចាំខែរួចមកគឺលោក ផាន អូន បានបង្វែរសកម្មភាពពុករលួយ របស់ខ្លួន «កាត់ប្រាក់យន្តការ» ដែលក្រសួងបានផ្តល់ឲ្យស្ថាប័នតាម រាជធានី ខេត្ត ក្នុងការចំណាយផ្សេងៗ ដើម្បីអនុវត្តផែនការការងារប្រចាំខែរបស់ស្ថាប័នទាំងនោះជំនួសវិញ។ លោក ផាន អូន បានបែងចែកមួយចំនួន សម្រាប់ខ្លួនឯង និងមួយចំនួនទៀត បានដាក់ចូលទៅឱ្យមន្ត្រីមួយចំនួននៅ ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើជាខ្នង បង្អែកការពារអំពើអាក្រក់របស់ខ្លួន។
មន្ត្រីបានបន្តទៀតថា នៅពេលនេះលោក ផាន អូន បានតម្រូវឲ្យប្រធានសាខា និងមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រ៉ៃអង្គាសប្រាក់ផ្ទាល់ខ្លួនដើម្បីរ៉ាប់រងការចំណាយរបស់អង្គភាពទៅវិញ ខណៈ ដែលក្រសួងបានផ្តល់ប្រាក់ឲ្យសម្រាប់អនុវត្តការងារប្រចាំខែនោះ ត្រូវបានលោក ផាន អូន និងមន្ត្រីក្រសួង ពាណិជ្ជកម្ម ស៊ីដាច់អស់គ្មានសល់អ្វីឡើយ…។
ជាមួយគ្នានេះក្រុមមន្ត្រីបានស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើពុក រលួយ (ACU) របស់លោក ឳម យ៉ិនទៀង ចាត់វិធានការចំពោះលោក ផាន អូន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ឱ្យខាងតែបាន។ ពីព្រោះលោក ផាន អូន តែងតែយកឈ្មោះថ្នាក់ដឹកនាំមកបិទបាំងអំពើអាក្រក់របស់ខ្លួនដោ យអះអាងថា អ្វីៗដែលគាត់ (ផាន អូន) បានធ្វើ គឺដើម្បីថ្នាក់ដឹកនាំតែប៉ុណ្ណោះ។
ក្រុមមន្ត្រីបានទម្លាយទៀតថា បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក ផាន អូន គឺក្រសួង ពាណិជ្ជកម្ម បានធ្វើកំណែទម្រង់ឲ្យមន្ត្រីនៅអគ្គនាយកដ្ឋាន ក.ប.ប. អាចបើកប្រាក់លើកទឹកចិត្តរបស់ខ្លួនតាម «ធនាគារ» ដើម្បីបញ្ឈប់ការកាត់ប្រាក់លើកទឹកចិត្តរបស់ពួកគេពីលោក ផាន អូន ជាបន្តទៅទៀត។ ប៉ុន្តែទោះ ជាយ៉ាងណាក៍ដោយលោក ផាន អូន នៅតែអាចប្រព្រឹត្តអំពើពុករលួយ បានដោយរលូនដដែលតែធ្វើឡើង តាមវិធីផ្សេងៗដូចជាកាត់លុយស្ថាប័នតាម រាជធានី ខេត្ត ជាដើម។ល។
លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងកាលពីព្រឹកថ្ងៃទី១១ ខែសីហា នោះថា «យើង នឹងដោះស្រាយជាបន្តបន្ទាប់ ហើយអត់មានបញ្ហាអ្វីទេ។ កិច្ចការនេះគឺជាកិច្ចការផ្ទៃក្នុងទេ យើងជជែកគ្នាក្នុងផ្ទៃ ក្នុង ហើយនឹងមានការដោះស្រាយជាបន្តបន្ទាប់រួចហើយ។ ការកែទម្រង់ជាការធម្មតាទេតាមពិតទៅ យើងមាន ភាពរីកចម្រើនច្រើនណាស់ក្នុងកិច្ចការកែទម្រង់នេះតាមបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយនេះជាបញ្ហាតិចតួចដែលយើងបានដោះស្រាយផ្ទៃក្នុងអស់ហើយ»។
នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មិនអាចសុំការបំភ្លឺបានទេដោយ ទូរស័ព្ទចូលជាច្រើនដងលោកចុចផ្ដាច់ឱ្យជាប់រវល់រហូតតែម្ដង…។ ការកំណាញ់ខ្លួនរបស់លោក ផាន អូន នេះ លេខទូរស័ព្ទណាដែលគាត់មិនស្គាល់ គឺតែងតែចុចផ្ដាច់ចោលឱ្យជាប់រវល់រហូតអីចឹង…។
គួរបញ្ជាក់ថា លោក ផាន អូន ត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជា អគ្គនាយកដ្ឋាន នៃអគ្គ នាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក ម៉ក់ ពេជ្ររិទ្ធ ដែលបានទៅកាន់តំណែងជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។ ក្រោយពីទទួលបានតំណែងនេះមកលោក ផាន អូន បានរៀបចំខ្សែបណ្តាញបក្ខពួកសាច់ញាតិរបស់ខ្លួនក្នុងតួនាទីសំខាន់ៗ ដើម្បីអាចប្រព្រឹត្តអំពើពុក រលួយ បានដោយរលូនគ្មានការរាំងស្ទះអ្វីឡើយ។ សព្វថ្ងៃ អគ្គនាយកដ្ឋាន «កាំកុងត្រូល» បានប្តូរឈ្មោះថ្មីទៅ ជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) វិញម្ដង៕