ភ្នំពញៈ សោកនាថកម្មដ៏គួររន្ធត់មួយកើតចេញពី រថយន្តធុនធំបែកកង់មុខផ្នែកខាងឆ្វេងបានទាញចង្កូតទៅបុក រថយន្តតួរីស១២កៅអីដឹកអ្នកដំណើរពេញទំហឹងបណ្ដាលឱ្យស្លាប់មនុស្ស៤នាក់ និងរងរបួស៧នាក់ដេករដូក រណែល។ ហេតុការណ៍នេះកើតឡើងលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុង ភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខែត្រកំពត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។
គ្រោះថ្នាក់នៅចុង ឆ្នាំ២០២១ នេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០ព្រឹកនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ស្ថិតក្នុង ភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ គឺរថយន្តស្ទូចដឹកគ្រឿងសំណង់បានបុកជាមួយរថយន្តតួរីសប្រភេទ១២កៅអី។ មុនពេលកើត ហេតុគេឃើញរថយន្តស្ទូចធុនធំនោះធ្វើដំណើរមកពីទិសខាងលិចក្នុងល្បឿនលឿនខណៈនោះក៍ស្រាប់តែលាន់ ឮស្នូរផ្ទុះកង់មុខ ហើយក៍រេចង្កូតទៅបុករថយន្តដឹកអ្នកដំណើរពេញទំហឹងធ្លាក់ពីផ្លូវជាតិទាំងពីរគ្រឿងតែម្ដង។
ប្រភពដដែលលើកឡើងទៀតថា ភ្លាមៗនោះអ្នកបើករថយន្តធុនធំក៍បានរត់គេចខ្លួនបាត់។ ចំណែកអ្នកដំណើរក្នុងរថយន្តតួរីស១២កៅអីវិញមានទាំងក្មេងតូចៗមនុស្សចាស់ប្រុសស្រីផងនោះបានកៀបជាប់ដេករដូករណែល ក៍ត្រូវបានពលរដ្ឋជិតខាងនាំគ្នាចូលទៅគាស់យកជនរងគ្រោះចេញពីរថយន្តស្រាប់តែឃើញមនុស្សស្លាប់៤នាក់ និងរបួស៧នាក់ ដែលតាមការប៉ាន់ប្រមាណមនុស្សនៅក្នុងរថយន្តតួរីសមានជាង១០នាក់។
សមត្ថកិច្ចបានលើកឡើងពីដើមហេតុដែលនាំឱ្យកើតមានករណីនេះឡើងថា រថយន្តធុនធំបានបែកកង់មុខផ្នែកខាងឆ្វេង ទើបបណ្ដាលឱ្យទាញចង្កូតចូលទៅបុករថយន្តតួរីសប្រភេទ១២កៅអីពេញទំហឹង៕