ភ្នំវល្លិកំពុងប្រែក្លាយជាកម្មសិទ្ធិបុគ្គលនៃអ្នកមានទ្រព្យសម្បត្តិ

0
95

ខែត្រកែប: របងថ្មរត់ត្រង់ជួរនៃជើងភ្នំវល្លិហើយខ្លះក៍កំពុងសាងសង់ឡើងទៅលើភ្នំនោះវាបានប្រែក្លាយជាកម្ម សិទ្ធិបុគ្គលនៃអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភស្ថិតនៅ ភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប។ ម្ចាស់ ដីនោះគឺជាអ្នកមានរស់នៅ រាជធានីភ្នំពេញ គាត់បានសង់របងដ៏ធំស្កឹមស្កៃវារឡើងភ្នំយ៉ាងរំភើយដោយមិនខ្លាច រអាពីសំណាក់អាជ្ញាធរបន្ដិចឡើយ។

ភ្នំជាសម្បត្តិរបស់រដ្ឋ ហើយបើនៅក្នុង ច្បាប់ភូមិបាល វិញគេឃើញយ៉ាងច្បាស់ថា មានចែងកំណត់រវាងដីជើងភ្នំច្បាស់លាស់ណាស់។ តើហេតុអ្វីបានជាជនលោភអគតិមួយចំនួនចូលចិត្តគប់គិត និងផ្សំគំនិតគ្នារំលោភយកម្ល៉េះ? ពាក្យចាស់បុរាណលោកបានពោលថា «អ្នកណាខំទូលរែកប៉ុណ្ណាធ្ងន់ក៍ប៉ុននោះដែររែកយកទៅម្នាលមោឃសោ»។

ខែត្រកែប ថ្វីដ្បិតតែជាខែត្រដែលតូចជាងខែត្រដទៃទៀតក៍ពិតមែនតែសម្បូរទៅដោយ ព្រៃភ្នំ និងសម្បត្តិធម្ម ជាតិជាច្រើន។ ជាមួយគ្នានោះដែរគេក៍អាចប្រមាណបានថា ព្រួញមួយបាញ់បានសត្វពីរ គឺភាពស្អាតនិងអាក្រក់ កំពុងលាយឡំគ្នានេះបើយើងក្រឡេកទៅមើលទេសភាពនៅលើខ្នងភ្នំវាហាក់បីដូចជាហិនហោចពុះដីចែកគ្នាដោយពពួកអ្នកមានលុយនិងអ្នកមានអំណាចមួយចំនួនបានដាក់គ្រឿងចក្រតូចធំលួចកាយទន្ទ្រានរានយកជាបន្តបន្ទាប់។ ប្រជាពលរដ្ឋនៅ ស្រុកដំណាក់ចង្អើរមួយចំនួនមានពិភាល់ថា ចុះគេធ្វើរបងឡើងភ្នំដូចអីចឹងខុសច្បាប់ដែរ ឬអត់ហ្ន៎ ?

អ្នកនាំពាក្យសាលា ខែត្រកែប បានប្រាប់អង្គភាពព័ត៌មានយើងតាម ប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី១០ ខែកញ្ញា ថា រវល់ប្រជុំ។

ប្រធាន មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកែប បានជំរុញឱ្យអ្នកយកព័ត៌មានយើងឱ្យទៅសួរនាំនៅការិយាល័យជំនាញរដ្ឋបាល ស្រុកដំណាក់ចង្អើរ ទៅព្រោះគេនៅទីនោះផ្ទាល់…។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម ខែត្រកែប បានប្រាប់ថា ចាំឲ្យខាងខណ្ឌព្រៃឈើទៅពិនិត្យមើលសិន។ ខណៈនោះ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រកែប ក៍បានបញ្ជាក់តាមតេឡេក្រាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថា ចាំលោកចុះពិនិត្យសិនបានដឹង។

អភិបាល ស្រុកដំណាក់ចង្អើរ លោក ឆាង ឆៃ បានប្រាប់ បាយ៉ង់ថាមស៍ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ថា ដីខាងលើគេមានប្លង់០១ ហើយបើការកំណត់ចំណីភ្នំគ្មានច្បាប់នោះទេ។ ដីគេធ្វើរបងមានប្លង់ត្រឹមត្រូវ។ រីឯ ម្ចាស់ដីដែលសង់របងវិញយើងមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ។

គួរបញ្ជាក់ថា រឿងដដែលនេះវាបានកើតមានឡើងច្រើនមកហើយនៅក្នុងមូលដ្ឋាន ខែត្រកែប។ រីឯអាជ្ញាធរ គឺគ្រាន់តែចុះសួរនាំធ្វើកិច្ចសន្យា និងផ្អាកការងារមួយចម្អិនកំពឹសប្រៀបដូចវាយរគាំងបង្អើលសត្វចាបតែប៉ុណ្ណោះ។ ជាងនេះទៅទៀតខែត្រដែលសម្បូរ ទឹកសមុទ្រនិងអំបិល ធៀបជាមួយការអនុវត្តន៍ការងារវិញ គឺសាបដូចទឹកមាត់អីចឹង៕