ភរិយាមេបញ្ជាការវរសេនាតូចលេខ២៤១សាងសង់«បឹងហ្គាឡូ»លោតឆត្រ

0
190

ដោយៈ អធិបតី
ភ្នំពេញៈ ប្រជាពលរដ្ឋក៍ដូចជាមន្ត្រីរាជការមួយចំនួនចង់ឃើញចំណាត់ការក្ដៅលោក ម៉ៅ ធនិន អភិបាល ខែត្រ កំពត ចាត់វិធានការទៅលើ «បឹងហ្គាឡូ» គ្មានច្បាប់អនុញ្ញាតឬគេហៅថា លោតឆ័ត្រ មួយកន្លែងដែលជាកម្ម សិទ្ធិរបស់ភរិយាលោក សុង គន្ធបូភ័ក្ដ្រ មេបញ្ជាការវរសេនាតូចលេខ២៤១ បានសង់សំណង់រឹងរំលោភលើដីចំ ណីមាត់សមុទ្រដែលមានទំហំជិត១ហិកតាស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខែត្រកំពត។

លោកស្រី គង់ ទិត្យធីតា ត្រូវជាភរិយា លោកមេបញ្ជាការវរសេនាតូចលេខ២៤១ ដោយអាងតួនាទីប្ដីមានបុណ្យ ស័ក្ដិធំគាត់ក៍បានធ្វើ «បឹងហ្គាឡូ» គ្មានច្បាប់អនុញ្ញាតបានប្រមាណជាង៦០ភាគរយហើយ។ «បឹងហ្គាឡូ» លោតឆ័ត្រនេះគេធ្វើដើម្បីបម្រើផ្នែកសេវាកម្មទេសចរកម្សាន្តមាត់សមុទ្រមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់និង
ដាំដើមដូងលម្អពេញបរិវេណទីនោះ។

សំណង់នេះគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដីហើយ គ្មានប្លង់កម្មសិទ្ធិចេញពី មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខែត្រកំពត ថែមទៀតផង។ ក៍ប៉ុន្តែប្រជាពលរដ្ឋក៍ដូចជាមន្ត្រីរាជការមួយចំនួនរស់នៅក្នុង ខែត្រ កំពត ឆ្ងល់ថា ហេតុអ្វីបានជាលោកស្រី គង់ ទិត្យធីតា ភរិយាលោកមេបញ្ជាការវរការពារព្រំដែនទឹកលួចសាង សង់ «បឹងហ្គាឡូ» បានដោយរលូនយ៉ាងដូច្នេះ ? តើអាជ្ញាធរដែនដីរវល់ធ្វើអ្វីបានជាបណ្ដោយឱ្យគេលួចធ្វើសំ ណង់រឹងគ្មានច្បាប់អីចឹង ? ករណីនេះមានតែលោក ម៉ៅ ធនិន អភិបាល ខែត្រកំពត ប៉ុណ្ណោះដែលហ៊ានចាត់ វិធានការមួយនេះ។

តាមប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបម្រើការនៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រ កំពត បានប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះថា ដីដែលគេកំពុងតែធ្វើ «បឹងហ្គាឡូ» គឺជាដីចំណីឆ្នេរសមុទ្រនៅពីខាងមុខដីរបស់គេមានប្លង់រឹង។ រាល់ដីអភិវឌ្ឍន៍ទាំងអស់មុននឹងសាងសង់ឬធ្វើ
«បឹងហ្គាឡូ» អីចឹងត្រូវតែមានប្លង់រឹងទើបអាចដំណើរការទៅបាន។ ដីនៅតំបន់នេះ ត្រូវរដ្ឋាភិបាលចុះបញ្ជីជា ប្រព័ន្ធរួចរាល់អស់ហើយ ក៍ប៉ុន្តែសម្រាប់ដីចំណីឆ្នេរសមុទ្រដែលជាសម្បត្តិរដ្ឋវាមិន អាចចុះបញ្ជីកម្មសិទ្ធិជូន បុគ្គលបានទេ។

ប្រភពពីមន្ត្រីប៉ូលិសម្នាក់សុំមិនបញ្ចេញឈ្មោះដែលបានចេញចូលកន្លែង «បឹងហ្គាឡូ» ប្រាប់ថា លោកវរសេនី យ៍ទោ សុង គន្ធបូភ័ក្ត្រ មេបញ្ជាការវរ បានរំលោភ ឬបន្លំយកដីអង្គភាពដែលបានស្នើសុំដី អភិបាល ខែត្រកំពត លោក ជាវ តាយ កាលពី ឆ្នាំ២០១៨។ ដីរដ្ឋនៅជាប់មាត់សមុទ្រនេះគឺសម្រាប់ធ្វើ «ប៉ុស្តិ៍កំពង់ត្រៀក» ដែលមាន ទំហំជិតមួយហិកតាត្រូវ លោកមេបញ្ជាការវរចាក់ដីលុប និងលួចធ្វើប្លង់កម្មសិទ្ធិផ្ទាល់ខ្លួន តែមិនបានសម្រេចពី ព្រោះជាដីចំណីឆ្នេរសមុទ្រ។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានធ្វើលិខិតបំភ្លឺព័ត៌មានដល់អ្នកកា សែតនិងមហាជនថា ដីមួយកន្លែងដែលជាទីតាំងនៅក្បែរ ប៉ុស្តិ៍កំពង់ត្រៀក ស្ថិតនៅភូមិឃុំខាងលើគឺជាកម្ម សិទ្ធិរបស់លោកស្រី គង់ ទិត្យធីតា ជាភរិយារបស់លោក សុង គន្ធបូភ័ក្ត្រ ទិញពីពលរដ្ឋដែលមានលិខិតបញ្ជាក់ ពីអាជ្ញាធរដែនដីត្រឹមត្រូវ។ ដោយឡែកដីដែលបានស្នើសុំពី អតីតអភិបាលខែត្រដែលមានទំហំ១៥ម៉ែត្រគុណ និង៦០ម៉ែត្របានសាងសង់ ប៉ុស្ដិ៍កំពង់ត្រៀក កំពុងបម្រើការជំនាញជារៀលរាល់ថ្ងៃ និងរៀបចំសាងសង់ជម្រក ស្នាក់នៅរបស់កងកម្លាំងដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ច។

លោក សុង គន្ធបូភ័ក្ត្រ បាននិយាយផ្ទុយ និងត្រឡប់ត្រឡិនប្រាប់ មន្ទីររៀបចំដែនដីខែត្រ ថា កន្លែងសាងសង់ «បឹងហ្គាឡូ» គឺជាជម្រកសម្រាប់ប៉ូលិសការពារជើងទឹកស្នាក់នៅ។ ប៉ុន្តែលិខិតបំភ្លឺរបស់ នាយកដ្ឋាននគរបាល ការពារព្រំដែនទឹក សរសេរថា ដីបឹងហ្គាឡូ ជាកម្មសិទ្ធិរបស់ភរិយាលោក សុង គន្ធបូភ័ត្ត្រ ទិញពីប្រជាពលរដ្ឋ គឺវាមិនមែនជាដី អតីតអភិបាល ខែត្រកំពត ប្រគល់ជូនសម្រាប់សាងសង់ប៉ុស្ដិ៍ និងជម្រកប៉ូលិសស្នាក់នៅនោះ ទេ។

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក សុង គន្ធបូភ័ក្ត្រ មេបញ្ជាការវរ ដំបូងឡើយបានរុញរឿងខាងលើឱ្យទៅ សួរលោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ជាមេរបស់ខ្លួន។ ប៉ុន្តែនៅពេលសួរនាំ ដល់រឿងធ្វើ «បឹងហ្គាឡូ» គ្មានច្បាប់អនុញ្ញាតលោកក៍បានរុញរឿងនេះឱ្យទៅសួរខាងមន្ត្រីជំនាញពីព្រោះលោក ពុំបានដឹងរឿងអ្វីទេ ត្បិតជារបស់ភរិយាខ្លួនមែន។ វាពិតជាគួរឱ្យអស់សំណើចលោកជាប្ដីគេមិនដឹងថាប្រពន្ធធ្វើ អ្វីសោះ ?

អភិបាល ស្រុកទឹកឈូ លោក នាក់ សុវណ្ណារី បានលើកឡើងនៅរសៀលថ្ងៃទី២០ ខែធ្នូ នេះថា កន្លងមកលោក សុង គន្ធបូភ័ក្ត្រ ធ្លាប់បានស្នើសុំសាងសង់ ប៉ុស្ដិ៍កំពង់ត្រៀក ពិតប្រាកដមែន ហើយក៍មានការអនុញ្ញាត។ ប៉ុន្តែ រឿងសាងសង់ «បឹងហ្គាឡូ» ផ្សេងទៀតលោកមិនបានដឹងទេ។

ចំណែក អ៊ឹង ឆាយ អ្នកនាំពាក្យរដ្ឋបាល ខែត្រកំពត បានបញ្ជាក់ថា លោកបានរុញករណីនេះ ឱ្យអ្នកកាសែត ទាក់ទងសួរទៅអាជ្ញាធរជំនាញ។ រឿងនេះអាចមានបច្ចេកទេសនៃសេចក្ដីណែនាំណាមួយហើយបើសិនជាសំ ណង់អត់ច្បាប់អ្នកដែលអនុញ្ញាតឱ្យគឺខុសច្បាប់ដែរ។

បើតាមប្រភពពីប្រជាសហគមន៍បញ្ជាក់ថា ភាពមិនច្បាស់លាស់នៃទីតាំង ប៉ុស្ដិ៍កំពង់ត្រៀក ដែលស្នើសុំពី អតីត អភិបាលខែត្រកាលពី ឆ្នាំ២០១៨ ទើបបណ្ដាលឱ្យលោក សុង គន្ធបូភ័ក្ត្រ មានឳកាសចង្អុលយកទីតាំងដីដែល ខ្លួនចង់បាន។ ពីដំបូងឡើយគាត់ស្នើសុំម្ដងជាពីរដងដើម្បីដាក់ទីតាំងប៉ុស្តិ៍នៅកន្លែងដី សហគមន៍ព្រៃកោងកាង ត្រពាំងសង្កែតែត្រូវបានប្រជាសហគមន៍នាំគ្នាជំទាស់ជារឿយៗក្រោមហេតុផលរក្សាមិនឱ្យកាប់បំផ្លាញព្រៃកោងកាង និងចាក់ដីលុបសង់ប៉ុស្ដិ៍។ ពីព្រោះទីតាំង ប៉ុស្តិ៍កំពង់ត្រៀក សព្វថ្ងៃជាតំបន់ព្រៃកោងកាង។ មិនតែប៉ុណ្ណោះ កន្លែងដីប្រពន្ធរបស់គាត់ធ្វើ បឹងហ្គាឡូ ក៍ជាដីព្រៃកោងកាងនោះដែរកាលពីមុន ប៉ុន្តែគាត់ទើបចាក់ដីលុបបំបិទ ភស្ដុតាងឬបាត់ដានចាស់៕