ព្រះប្រវត្តិព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម គន្ធបុប្ផា ជាព្រះរាជធីតាទី៨

0
93

ដោយៈ អធិបតី
ភ្នំពេញៈ យោងតាមផេក ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ព្រះប្រវត្តិ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម គន្ធបុប្ផា ជាព្រះរាជធីតា ទី៨ នៃព្រះបាទសម្តេចព្រះ នរោត្តម សីហនុវរ្ម័ន (វម៌្ម) ជាអម្ចាស់ជីវិតលើត្បូង នឹងព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ ពង្សសនមុនី ជាព្រះមាតា ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធស័ក ព.ស.២៤៩១ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ ម៉ោង២១និង៣០នាទី។ ទ្រង់សុគត នៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វា ស័ក ព.ស.២៤៩៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស.១៩៥២ ម៉ោង៣ខ្លះ១៥នាទី។

ព្រះរាជធីតាព្រះអង្គនេះ តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិត ជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅ ប្រាសាទខេមរិន្ទ ជិតព្រះអង្គជាប់ដរាបមក។ ទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការឃ្លាតឆ្ងាយពីព្រះអង្គយូរទេសូម្បីតែទ្រង់ធ្វើព្រះរាជដំណើរទៅ ប្រទេសជប៉ុន ដែលនៅឆ្ងាយដាច់ស្រយាលរំលងប្រទេសជាច្រើននៅ ថ្ងៃទី១០ ខែមករា គ.ស.១៩៥២ ក៍ទ្រង់បានយក ព្រះរាជធីតាអង្គនេះតាមជាប់ទៅជាមួយនឹងព្រះអង្គផងដែរ។

ព្រះមហាក្សត្រិយ៍ ទ្រង់ពេញ ព្រះរាជហឫទ័យ នឹងព្រះរាជធីតាព្រះអង្គនេះ ណាស់។ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា ព្រះធីតា មានសណ្តាប់ធ្នាប់ល្អប្លែកខុសពី «ក្មេងធម្មតា» ការខុសត្រូវផ្សេងៗមិនចាំបាច់ ព្រះវររាជបិតា មាតា ឬ ភីលៀង ថែរក្សាមាន ព្រះបន្ទូលឬ និយាយបញ្ចុះក៍ទ្រង់អាចជ្រាបបានដោយ ព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពាដ៏រម្យទមថ្លៃថ្នូរស្ងប់ស្ងៀមសមជា ព្រះរាជធីតាម្ចាស់ផែនដី ពិតៗមិនទាស់នឹងភ្នែកអ្នកទាំងពួង អ្នកនៅគាល់បម្រើជិត ព្រះករុណាជាអម្ចាស់ ព្រមទាំងវរជន ដែលចូលទៅថ្វាយបង្គំគាល់ បានជួបប្រទះមួយដងមួយកាលទាំងប៉ុន្មានតែងនឹកសរសើរ ព្រះចរិយា ដ៏ប្រពៃនៃព្រះរាជធីតា អង្គនេះរាល់គ្នានឹងរកក្មេងណាដែលមានតំណូចប៉ុណ្ណេះ ស្គាល់ការខុសត្រូវដូច ព្រះអង្គម្ចាស់ នេះកម្រមានណាស់ បើពេលសព្វព្រះទ័យចង់ចេញពី ព្រះបរមរាជវាំង ទៅក្រសាលទីផ្សេងៗទ្រង់តែងមានបន្ទូលប្រចុបសូមលា ព្រះរាជបិតា ជាមុនលុះត្រាតែ ទ្រង់ព្រះរាជទាន ព្រះរាជានុញ្ញាត ដោយសព្វគ្រប់ទើបយាងចេញទៅសូម្បីតែយកអ្នកណាតាមហែប៉ុន្មាននាក់ក៍ក្រាបទូលថ្វាយទ្រង់ជ្រាបសិនទើបយាងចេញទៅ។

បើទ្រង់ប្រារព្ធក្រសាលល្បែងអ្វីដែលក្មេងស្រីតូចៗតែងលេងដូចជា ល្បែងបាយឡុកបាយឡ ជាដើមក៍គង់បង្អោនព្រះទ័យ ទៅខាងការកុសលដែរ ដូចមានគេសួរថា ព្រះអង្គម្ចាស់ក្រសាលអីហ្នឹង ? តែងទ្រង់ឆ្លើយដោយបន្ទូលផ្អែមល្ហែមតបថា ខ្ញុំចិតបន្លែធ្វើចង្ហាន់ប្រគេនលោកឆាន់ បើបានវត្ថុអ្វីល្អៗទោះបីជាគ្រឿងសោយផ្សេងក៍ច្រើនតែយកទៅ ថ្វាយព្រះ ជាមុនសិនទើបសូមពីព្រះយកមកសោយវិញ។ ត្រង់ណេះហើយដែលចង្អុលឲ្យឃើញថា ទ្រង់មាន ព្រះ ទ័យ ចេះស្រឡាញ់កុសលជាប់ក្នុង ព្រះសន្តាន ហើយជា ចរិយាដ៏ប្រពៃរបស់ទ្រង់ ដែលគួរតែកោតសរសើរផង។

ហេតុតែទ្រង់មានសុខភាពពុំសូវបរិបូរណ៍ច្រើនប្រឈួនព្រះទាហរោគ (គ្រុនក្ដៅព្រះអង្គ) តាំងពីដើមមកយូរៗម្តង តែមុនៗពេទ្យអាចព្យាបាលបំបាត់រោគនេះថ្វាយជាស្រឡះបាន លុះព្រះជន្មាយុចូលកំឡុង៥ព្រះវស្សា ទ្រង់ក៍ចាប់ ប្រ ឈួនព្រះរោគ ដដែលនេះជាខ្លាំង ជាងមុនហួសកម្លាំងពេទ្យនឹងថ្វាយឱសថទប់ទល់បាន ប្រឈួនបានតែ៧ថ្ងៃ «ទ្រង់សុគត» នៅក្នុងថ្ងៃជាគម្រប់៨។

ក្នុងពេលប្រឈួននេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមរាជបិតា សម្តេចព្រះវររាជជននីនាថ ទ្រង់បានខំប្រឹងអស់ទំហឹងរកពេទ្យហ្មគ្រប់ទិសតំបន់ឲ្យមកជួយព្យាបាលទ្រង់បានជ្រាបថា ពេទ្យហ្មណាពូកែទោះជិតឆ្ងាយក៍ត្រាស់ឲ្យទៅយកមកជួយព្យាបាលលុះត្រាតែបានភ្លាម។

ការសុគត នៃព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះករុណាជាអម្ចាស់ជីវិត ជាព្រះរាជបិតា ទ្រង់មានសេចក្តីសោកស្តាយជាទីបំ ផុតនឹងយកអ្វីមកប្រៀបស្មើគ្មាន។ ព្រោះជា ព្រះរាជធីតា ពេញព្រះរាជហឫទ័យណាស់ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ជំទាវខុនណាងក្នុង ព្រះរាជធានី ទាំងប៉ុន្មានក៍មានសេចក្តីសោកស្តាយ សំដែងសេចក្តីអាឡោះអាល័យចំពោះ ព្រះរាជធីតា អង្គនេះជាខ្លាំងពេកពន់។

ដោយកុសលចរិយា នៃព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះករុណាជាអម្ចាស់ជីវិត បានត្រាស់បង្គាប់ឲ្យសង់ មេរុថ្វាយព្រះភ្លើងយ៉ាងអឹកធឹកឲ្យបានថ្កើងរុងរឿងជា ព្រះកិត្តិយស ធ្វើទក្ខិណានុប្បទានសព្វគ្រប់ដរាប ដល់ការបោះពុម្ពសៀវភៅធម៌ ចែកប្រទានជា ធម្មពលី ដែលមានផលខ្ពស់វិសេសជាងទានដទៃ ឧទ្ទិសកុសល ថ្វាយចំពោះដល់ ព្រះរាជធីតា៕