ពិតជាហ៊ានណាស់! ក្រុមហ៊ុន7NG ដោយមើលឃើញតម្លៃដីខ្ពស់ក៍មានចិត្តលោភលន់បានលក់ដីចំណតរថយន្តក្រុងមួយកន្លែងជាបន្តទៀត

0
140

ដោយៈ អធិបតី
ភ្នំពេញៈ បើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក្ដី សមាជិកសហគមន៍ដីក្រហមទាំង៧ ចំនួន១.៤៦៥ (មួយ ពាន់បួនរយហុកសិបប្រាំ) គ្រួសារកំពុងរស់នៅក្នុង បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ បានទទូចស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ សូមជួយអន្តរាគមន៍ទប់ស្កាត់ ក្រុមហ៊ុនសេវ៉ឹនអិនជី (7NG) បាន យកដីចំណតរថយន្តក្រុងដែលមានទំហំ១៩ម៉ែត្រគុណនឹង៧៦ម៉ែត្រជាប់ផ្លូវធំបេតុងទៅលក់ជាបន្តទៀត ខណៈ ធ្លាប់ធ្វើបានសម្រេចម្ដងមកហើយនៅមិនទាន់អស់ចិត្តទៀតដែលមានផ្ទែដីទំហំប៉ុនគ្នា។

ចំណតរថយន្តក្រុងភ្នំពេញស្ថិតនៅ បុរីសន្ដិភាព២ ទីតាំងខាងនេះត្រូវបាន ក្រុមហ៊ុនសេវ៉ឹនអិនជី (7NG) របស់ លោកឧកញ៉ា ស្រី សុធា បានពុះច្រៀកមួយចំហៀងដែលមានទំហំ១៩ម៉ែត្រគុណនឹង៧៦ម៉ែត្រធ្វើជាតូបផ្សារ លក់ដូរបានចំនួន១.០៥០តូប គឺលក់និងជួលទៅឱ្យអាជីវករនៅក្នុងសហគមន៍មួយចំនួនតូច និងអាជីវករពីខាង ក្រៅសហគមន៍មួយចំនួនធំ។ មហាជនទូទៅក៍ដូចជា ប្រជាសហគមន៍មើលឃើញថា ពិតជាហ៊ានណាស់ ! ក្រុមហ៊ុន7NG ព្រោះមើលឃើញពីតម្លៃដីខ្ពស់នៅជាប់នឹងផ្លូវធំបេតុង ជាទីប្រជុំជនក៍មានចិត្តលោភលន់ គឺបាន រំលោភយកដីចំណតរថយន្តក្រុង ដែលមានទំហំ១៩ម៉ែត្រគុណនឹង៧៦ម៉ែត្រមួយកន្លែងទៀតទៅលក់ឱ្យក្រុម ឈ្មួញ តែត្រូវបានប្រជាសហគមន៍ដឹងឧបាយកលនេះក៍ធ្វើការតវ៉ាតាំងពី ឆ្នាំ២០១៧ រហូតមកម៉្លេះគឺនៅតែពុំ ទាន់មានដំណោះស្រាយអ្វីឡើយ។

ដីចំណតរថយន្តក្រុងនេះបើគិតជាតម្លៃលុយកាក់ គឺរាប់ម៉ឺនសែនដុល្លារឯណោះ។ សព្វថ្ងៃរថយន្តក្រុងជាច្រើន គ្រឿងពុំមានកន្លែងចូលចតដើម្បីដឹកអ្នកដំណើរឱ្យបានត្រឹមត្រូវឡើយ គឺបានយកផ្លូវបេតុងសាធារណៈធ្វើជា ចំណត។ រីឯកន្លែង ចំណតរថយន្តក្រុង ដែលនៅសែសសល់មួយកន្លែងទៀតនោះត្រូវ ក្រុមហ៊ុន7NG លក់ ទៅឱ្យលោក គឹម យ៉ាន អតីតប្រធានសហគមន៍ដីក្រហមទាំង៧ ក៍បានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិត តែ ដោយមានការតវ៉ាពីបងប្អូនសហគមន៍ បុរីសន្ដិភាព២ ទៅដល់ ខណ្ឌពោធិសែនជ័យ និង ក្រុងភ្នំពេញ ក៍មាន ការរុះរើរបងនោះចេញវិញ។ ប៉ុន្តែក្រុមអ្នកទិញដីចំណតរថយន្តទាំងនោះបានយកថ្ម និងខ្សាច់ចាក់លុបពាំង
ព័ទ្ធជុំវិញចំណតមិនឱ្យរថយន្តក្រុងចូលចតបានឡើយ។ មិនតែប៉ុណ្ណោះក្រុមកូនចៅលោក គឹម យ៉ាន បាន បោះបង្គោលដែកចងខ្សែពុះច្រៀកជាដីឡូតិ៍តូចៗដើម្បីលក់ជាបន្តទៀត ហើយក៍បានប្តឹងបំបាក់ស្មារតីក្រុម អ្នកតវ៉ានៃសហគមន៍ដើម្បីផលប្រយោជន៍រួមថែមទៀតផង។

ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បងប្អូនសហគមន៍ដីក្រហមទាំង៧ ដែលតំណាងឱ្យ១.៤៦៥គ្រួសារ កំពុងរស់នៅ ក្នុង បុរីសន្ដិភាព២ បាននាំគ្នាធ្វើការតវ៉ាដោយផ្ទាល់ទ្រង់ទ្រាយតូចល្មមនៅនឹង ចំណតរថយន្តក្រុងដែល ក្រុម ហ៊ុន7NG បានយកទៅលក់ជាលើកទីពីរ។ ពួកគាត់បាននាំគ្នាទាមទារសុំឱ្យ សម្ដេចតេជោ និងអភិបាល ក្រុង ភ្នំពេញ ជួយអន្តរាគមន៍ថែរក្សាការពារ ចំណតរថយន្តក្រុង ដែលមានទំហំ១៩ម៉ែត្រគុណនឹង៧៦ម៉ែត្រ ឱ្យនៅ ដដែលដើម្បីឱ្យរថយន្តក្រុងមានកន្លែងចូលចតត្រឹមត្រូវ និងដឹកអ្នកដំណើរដូចដើមវិញ។ ចំណែកករណីមួយ ទៀតពួកគាត់សុំឱ្យ តុលាការចេញដីការក្សាការពារ ចំណតរថយន្តក្រុង នេះផងដែលមានរឿងជិតមួយឆ្នាំមក ហើយពុំមានដំស្រាយអ្វីសោះ។

អ៊ុស្រីឈ្មោះ ផាត់ ឡយ អាយុ៦៩ឆ្នាំ អនុប្រជាការពារ ភូមិ៦ និងអ៊ុស្រីឈ្មោះ ទូច រដ្ឋា អាយុ៦៧ឆ្នាំ ជាប្រជា ការពារ ភូមិ៦។ ពួកគាត់រស់នៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានប្រាប់អង្គភាពយើងថា «ពួកខ្ញុំ សុំឱ្យរក្សាទុកចំណតឡានក្រុង នេះដែលជាដី សម្ដេចតេជោ បានសម្បទានឱ្យនៅដដែលដើម្បីកូនចៅ ឬប្រ ជាពលរដ្ឋបានធ្វើដំណើរចេញចូលងាយស្រួល។ ពួកយើងខ្ញុំសូមឱ្យ សាលាក្រុងភ្នំពេញ ជួយរៀបចំកែលម្អ សណ្ដាប់ធ្នាប់ ចំណតរថយន្តក្រុង នេះឡើងវិញផង»។

ប្រភពបន្តទៀតថា ក្រុមហ៊ុន7NG បានរំលោភយក ចំណតរថយន្តក្រុង ទៅលក់ឱ្យក្រុមគ្រួសារលោក គឹម យ៉ាន ដែលជា អតីតប្រធានសហគមន៍ដីក្រហមទាំង៧ នៅក្នុង ឆ្នាំ២០១៤ នេះយោងតាមលិខិតផ្ទេរសិទ្ធិទិញលក់ របស់ ខណ្ឌពោធិសែនជ័យ។ ចំណតរថយន្តក្រុង ដែលលោក គឹម យ៉ាន បានទិញនោះគ្រោងនឹងសាងសង់ តូបលក់បន្តទៀតដោយបានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិត។ ក៍ប៉ុន្តែត្រូវបានបងប្អូនសហគមន៍នាំគ្នាធ្វើ ការតវ៉ា នៅ ឆ្នាំ២០២០ ក៍ឃើញខាងសាលា ខណ្ឌពោធិសែនជ័យ ចុះមករុះរើរបងនោះចេញអស់តែនៅមានគំនរថ្មខ្សាច់ ចាក់ព័ទ្ធជុំវិញ និងយករនាំងដែកទៅបាំង មិនឱ្យរថយន្តក្រុងចូលចតបានឡើយ។

រីឯលោក ឃិន ដា អាយុ៤៧ឆ្នាំរស់នៅ បុរីសន្ដិភាព២ ភូមិ២ សង្កាត់ចោមចៅដែលបានចេញមុខធ្វើការតវ៉ាយ៉ាង សកម្មជាងគេ ត្រូវបានក្រុមអ្នកទិញដីចំណតរថយន្តក្រុង នេះប្ដឹងជាមួយអ្នកសហគមន៍ចំនួន៤នាក់ទៀត ដោយ ជាប់ចោទពីបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបិទផ្លូវដោយខុសច្បាប់។ ប៉ុន្តែករណីនេះ ត្រូវបាន តុលាការទាត់ចោលឥតចាត់ការកាលពី ខែធ្នូ ឆ្នាំ២០២០។ ដោយមានគោលបំណងទាមទាររក្សាទុក ដីចំណតរថយន្តក្រុងដូចអ៊ំស្រីទាំងពីរនាក់ខាងលើដែរ។

បើយោងតាមពាក្យស្នើសុំជួយអន្តរាគមន៍ របស់បងប្អូន សហគមន៍ដីក្រហមទាំង៧ បានគោរពជូន សម្ដេច តេជោ កាលពី ឆ្នាំ២០១៨ កន្លងទៅត្រង់ចំណុចលេខ៤បានជម្រាបជូនសម្ដេចថា «នៅចំណុចមួយឃ្លាក្នុង ប្រការទី៦ នៃកិច្ចសន្យាបានបញ្ជាក់ថា នៅជាប់ទីតាំងសហគមន៍ មានសួនច្បារ មានចំណតរថយន្ត មានទីធ្លា
លំហែ មានបង្គោលភ្លើងបំភ្លឺជាដើម។ល។ គឺទុកសម្រាប់ជាកន្លែងហាត់ប្រាណ ជាកន្លែងជួបប្រជុំ និងជាកន្លែង ធ្វើពិធីបុណ្យធំៗជាដើម។ ក៍ប៉ុន្តែលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន7NG បន្ទាប់ពីបានចំណេញ ប្រាក់រាប់រយលានដុល្លារពីការលក់ដីទំហំ៣ហិកតា៦០អា នៅទីតាំងចាស់ហើយនោះ នៅមិនទាន់អស់ចិត្ត
ទៀតបានឆ្លៀតយកទីតាំង សួនច្បារ ទីធ្លាលំហែ និងចំណតរថយន្តមួយចំហៀង ដែលគ្រប់គ្រងដោយសហ គមន៍មួយផ្នែកទៅពុះច្រៀកធ្វើជាតូបផ្សារលក់ដូរចំនួន១.០៥០តូបលក់ និងជួលទៅឱ្យអាជីវករនៅក្នុងសហ គមន៍ មួយចំនួនតូច និងអាជីវករមកពីក្រៅសហគមន៍មួយចំនួនធំ យកលុយវាល់លានដុល្លារដាក់ហោប៉ៅក្បត់ នឹងកិច្ចសន្យា ប្រការទី៦ រំលោភលើសេចក្ដីទុកចិត្តរបស់សហគមន៍ ដោយពុំមានខ្លាចក្រែងអ្វីបន្តិចឡើយ»។

ជុំវិញករណីខាងលើលោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិសែនជ័យ ពុំអាចទាក់ទងសុំការបំភ្លឺបានទេនា រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈទូរស័ព្ទចូលលើកទីមួយសន្ទនាបានបន្តិចក៍ដាច់ ហើយទូរស័ព្ទចូល លើកទីពីរពុំមានអ្នកទទួលឡើយ។

ចំណែកលោក ម៉េត មាសភក្ដី អភិបាលរង នៃសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ ឆ្លើយតបមកអង្គភាព យើងតាមរយៈសារជាអក្សរខ្លីថា «ទំនាស់នេះស្មុគស្មាញ និងបានឈានដល់នីតិវិធីតុលាការផង។ តែយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្តសម្របសម្រួល»។

បើយោងតាម មេធាវីគូភាគី ដែលបានទិញដីចំណតរថយន្តពី ក្រុមហ៊ុនសេវ៉ឹនអិនជី បានប្រាប់តុលាការថា «ដីដែលកូនក្ដីខ្លួនទិញនេះ គឺកម្មសិទ្ធិរបស់ ក្រុមហ៊ុន7NG ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរខណ្ឌនៅក្នុង គម្រោងនេះ គឺក្រុមហ៊ុនគេធ្វើជាទីស្នាក់ការបណ្ដោះអាសន្ន និងចំណតឡានសម្រាប់ឱ្យបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុង ឆ្នាំ២០១៤។ ក្រុមហ៊ុន7NG បានពុះជាដីឡូតិ៍រំលងផ្ទះកូនក្ដីខ្លួនមានគេសាងសង់ ផ្ទះបាន២ទៅ ៣ល្វែងបាន ហេតុអ្វីបានជាសហកូនបំណុលមិនប្ដឹងតវ៉ា ? »។ (សហកូនបំណុល គឺគូភាគីសហគមន៍ដីក្រ ហមទាំង៧) ហើយ (សហម្ចាស់បំណុល គឺគូភាគីក្រុមទិញ ដីចំណតរថយន្ត ពីក្រុមហ៊ុន7NG)។

ចំណុចដែលមហាជន និងប្រជាសហគមន៍ កំពុងមានចម្ងល់ តើហេតុអ្វីឯកសារគោលដូចមានក្នុងគម្រោងប្លង់ គេមិនគោរពតាម ឬលើកយកមកនិយាយដើម្បីជាគោលក្នុងការរកដំណោះស្រាយ ? ជាពិសេសទីតាំងបេន ឡាននោះលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក៍ធ្លាប់បានចុះទៅផ្ទាល់និងទទួលបានការគាំទ្រពីប្រជា សហគមន៍ ដ៏ច្រើនក្រាស់ក្រែលផងដែរហេតុអ្វីពេលទីតាំងនោះកំពុងប្រឈម និងការបាត់បង់តែមិនឃើញមាន កិច្ចអន្តាគមន៍ណាមួយដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋទៅវិញ ?

គួរបញ្ជាក់ថា សហគមន៍ដីក្រហមទាំង៧ មានប្រជាពលរដ្ឋ១.៤៦៥គ្រួសារ រស់នៅលើផ្ទៃដីទំហំ៣ហិកតា៦០អា ទីតាំងចាស់។ ប៉ុន្តែត្រូវបានផ្លាស់ប្តូរមករស់នៅ ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លើផ្ទៃ ដីសម្បទាន២០ហិកតារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានដៃគូវិនិយោគ គឺក្រុម ហ៊ុន7NG។ ប៉ុន្តែដោយឆក់ឳកាសប្រទេសកម្ពុជាផ្ទុះ ជំងឺកូវីដ.១៩ នៅចុង ឆ្នាំ២០១៩ ពេលវេលាស្ងាត់ក្រុមហ៊ុន នេះបានធ្វើសកម្មភាពផ្សេងៗសម្រេចជាច្រើនករណីនៅក្នុង បុរីសន្ដិភាព២៕